មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅច្រកជាំសាង៉ាំ ឱ្យដឹងថា ក្នុងខែមេសា នេះ អាជ្ញាធរថៃ ខេត្តស៊ីសាកេត បានបញ្ជូនប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ចំនួនជាង ៨០នាក់ហើយឱ្យត្រឡប់មកមាតុភូមិវិញ។
ក្នុងនោះកាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ អាជ្ញាធរថៃ ខេត្តស៊ីសាកេត និងខេត្តអ៊ូប៊ុនរ៉ាត់ថានី បានដោះលែងពលរដ្ឋខ្មែរចំនួន ៥៥នាក់ ដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ។
ប្រជាពលរដ្ឋខ្មែរទាំង ៥៥នាក់ ដែលថៃ ដោះលែងពីពន្ធនាគារនោះ ត្រូវបានកងទាហានថៃ ដឹកជញ្ជូនមកប្រគល់ឱ្យអាជ្ញាធរខ្មែរវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំសាង៉ាំ ក្នុងស្រុកអន្លង់វែង។
អាជ្ញាធរខេត្តឧត្តរមានជ័យ កត់សំគាល់ឃើញថា ទាហានការពារព្រំដែនថៃ ហាក់បន្ថយសកម្មភាពបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ក្នុងរយៈពេល ៤ខែ នៃឆ្នាំ២០១៥ នេះ។ ក៏ប៉ុន្តែការចាប់ខ្លួនប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ នៅតែបន្តកើតមានជាហូរហែនៅឡើយ។
ការកត់សំគាល់របស់អាជ្ញាធរខ្មែរនេះ បានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ចំនួន ៥៥នាក់ ប្រគល់មកឱ្យអាជ្ញាធរខ្មែរវិញ។
អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកជាំសាង៉ាំ នាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺលោកវរសេនីយ៍ តូច រ៉ា។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២៧ ខែមេសា ថាអាជ្ញាធរខេត្តស៊ីសាកេត និងខេត្តអ៊ូប៊ុនរ៉ាត់ថានី របស់ថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន៥៥នាក់ ត្រឡប់មកប្រទេសវិញកាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ។
លោកវរសេនីយ៍ តូច រ៉ា បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងនោះ គឺជាអ្នកដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ក្នុងទឹកថៃ ហើយត្រូវអាជ្ញាធរថៃ ចាប់ខ្លួនដាក់ពន្ធនាគារជាយូរមកហើយ៖ «វាមាន២ខេត្តជាប់គុកហ្នឹង ខេត្តអ៊ូប៊ុន មានពន្ធនាគារ១ ហើយខេត្តស៊ីសាកេត មានពន្ធនាគារ២ នៅស្រុកខាន់ថារ៉ាឡាក់១ និងខេត្ត១ ក្នុងចង្កោមប្រជាពលរដ្ឋខ្មែរ ដែលគេបញ្ជូនតាមច្រករបស់ខ្ញុំនេះ»។
អាជ្ញាធរខេត្តឧត្តរមានជ័យ របស់ខ្មែរ ដែលជាប់ព្រំដែនគ្នាជាមួយខេត្តបុរីរ៉ាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត របស់ថៃ បានចាត់ទុកកាយវិការដែលបញ្ជូនប្រជាពលរដ្ឋខ្មែរឱ្យត្រឡប់មកមាតុភូមិវិញនោះ គឺអំពើមនុស្សធម៌មួយជំនួសឱ្យការបាញ់សម្លាប់កន្លងទៅ។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា ជាញឹកញាប់នៅពេលជួបប្រជុំជាមួយអាជ្ញាធរថៃ គឺលោកតែងលើកឡើងមិនឱ្យទាហានការពារព្រំដែនថៃ បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ទេ គឺឱ្យចាប់ខ្លួនទៅកាត់ទោសតាមច្បាប់។
លោក ស ថាវី បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរចំនួន ៥៥នាក់ ដែលអាជ្ញាធរថៃ បញ្ជូនត្រឡប់មកស្រុកវិញនោះ មិនមែនជាអ្នកដែលរស់នៅខេត្តឧត្តរមានជ័យ ទេ គឺពួកគេមកពីខេត្តឆ្ងាយៗ ដូចជាខេត្តកំពត តាកែវ ខេត្តកំពង់ស្ពឺ បាត់ដំបង ព្រះវិហារ និងកំពង់ចាម ជាដើម។
លោកអភិបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា ទោះយ៉ាងណា នៅពេលដែលទទួលយកប្រជាពលរដ្ឋខ្មែរទាំងនោះពីថៃ គឺលោកក៏បានធ្វើការអប់រំពួកគេនៅមុនពេលអនុញ្ញាតឱ្យវិលត្រឡប់ទៅជួបជុំគ្រួសារវិញ៖ «ក្នុងនាមខេត្តបានធ្វើការណែនាំ និងសួរព័ត៌មាននៅភូមិ ឃុំណា? ជូនដំណឹងទៅភូមិឃុំនោះដើម្បីឱ្យគេមកទទួលគាត់ ដើម្បីអប់រំឱ្យស្របតាមគោលការណ៍របស់រដ្ឋាភិបាល»។
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅច្រកជាំសាង៉ាំ ឱ្យដឹងថា ក្នុងខែមេសានេះ អាជ្ញាធរថៃ ខេត្តស៊ីសាកេត បានបញ្ជូនប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ចំនួនជាង ៨០នាក់ហើយ ឱ្យត្រឡប់មកមាតុភូមិវិញ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅ អាជ្ញាធរខេត្តស៊ីសាកេត របស់ថៃ ក៏ធ្លាប់បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ៥នាក់ ដែលជាប់ពន្ធនាគារឱ្យត្រឡប់មកស្រុកវិញដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។