ដំណើរ​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​នៅ​បាត់ដំបង​រង​ការ​រិះគន់

0:00 / 0:00

ការ​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត គឺ​មាន​សារសំខាន់​​ណាស់​សម្រាប់​ជួយ​ដល់​អ្នក​បោះឆ្នោត​ ឲ្យ​បាន​យល់​ដឹង និង​ស្គាល់​ការិយាល័យ​បោះឆ្នោត ប៉ុន្តែ​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​តែង​តែ​កើត​មាន​បញ្ហា​ស្ទើរ​រាល់​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត។ ជាក់​ស្ដែង​ករណី​នេះ​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ដំណើរ​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​បាន​កើត​មាន​ភាព​មិន​ប្រក្រតី​ ដូច​ជា​​ការ​​ប្រកាន់​បក្សពួក ការ​រើសអើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ភូមិ ឃុំ​ទាំង​នោះ ត្រូវ​គេ​ដឹង​ថា មាន​និន្នាការ​គណបក្ស​នយោបាយ​ខុស​គ្នា។ បញ្ហា​នេះ​​បង្ក​ឲ្យ​មាន​ប្រតិកម្ម​រិះ​គន់ និង​មាន​ការ​ចោទ​ប្រកាន់​ពី​មន្ត្រី​គណបក្ស​ប្រឆាំង។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង លោក អែម ច័ន្ទ។ លោក​ថ្លែង​ថា ការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ជុំវិញ​ព័ត៌មាន​នៃ​ការ​បោះ​ឆ្នោត​នោះ​ បាន​ចាប់​ផ្ដើម​អស់​រយៈ​ពេល​ជាង ១០​ថ្ងៃ​មក​ហើយ​ ប៉ុន្តែ​មាន​អ្នក​ភូមិ​ច្រើន​នាក់​ណាស់​នៅ​ពុំ​ទាន់​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​នោះ​ទេ។

បញ្ហា​នេះ​លោក​ចោទ​ថា ដោយសារ​តែ​មាន​ការ​រើសអើង​ពី​អាជ្ញាធរ​ភូមិ៖ «គេ​មិន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង ហើយ​គេ​ចែក​តាម​ក្រុម​ស្ងាត់ អ៊ីចឹង​ខ្ញុំ​ទៅ​ប្រជុំ​ខាង​សិច (CEC) ហ្នឹង ក៏​គេ​ប្រាប់​ឲ្យ​ផ្សព្វផ្សាយ​ដែរ​ ប៉ុន្តែ​មេភូមិ​គេ​ហ្នឹង​គេ​អត់​ផ្សព្វផ្សាយ​ទេ គេ​ចែក​ស្ងាត់ ព្រោះ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​អត់​ដឹង​ទេ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ ក៏​បាន​ទទួល​តាម​ក្រុម​ខ្សែ​ខាង​បក្ស​គេ​អ៊ីចឹង​ទៅ គេ​យក​ឲ្យ​គ្នា​គេ​អ៊ីចឹង​ទៅ ដូច​ថា​ខាង​បក្ស​ប្រជាពលរដ្ឋ​ខ្លះ​ក៏​អត់​បាន​ទៅ​ធ្វើ​ដូច​ចូល​លក្ខណៈ​រើស​អើង​ហើយ»

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បួរ និង​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សឹង ហៀង ​ថ្លែង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​បួរ កន្លង​ទៅ​ថ្មីៗ​នេះ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ចាក់​មេក្រូ ដើម្បី​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ និង​នាំ​គ្នា​ទៅ​ទទួល​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត។ ប៉ុន្តែ​ខាង​សិច ពុំ​បាន​ធ្វើ​តាម​ការ​ស្នើ​សុំ​នោះ​ទេ​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សឹង ហៀង៖ «គេ​ឲ្យ​ខាង​មេភូមិ​ជា​អ្នក​ដើរ​ប្រាប់ អ៊ីចឹង​វា​មាន​ការ​ឆក​រវែង​មិន​បាន​ទូទៅ​ធ្វើ​ឲ្យ​មិន​មាន​ភាព​ប្រក្រតី​ទេ ការ​ចែក​ប័ណ្ណ​ហ្នឹង ខាង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ គាត់​ចង់​ឲ្យ​មាន​ការ​ប្រកាស​ជា​មេក្រូ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ហ្នឹង​បាន​ឮ​គ្រប់​គ្នា ដើម្បី​មក​ទទួល​ប័ណ្ណ​ព័ត៌មាន​ មិន​ដឹង​ថា ខ្វះ​ថវិកា ឬ​យ៉ាង​ណា​ទេ»

លោក​បន្ត​ថា រឿង​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​នេះ ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ។ យល់​ច្រឡំ​ត្រង់​ថា ពួកគាត់​មិន​មាន​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត​នោះ​មិន​អាច​ទៅ​បោះ​ឆ្នោត​បាន​នោះ​ទេ។ ប្រជាពលរដ្ឋ​ច្រើន​ណាស់​យល់​ច្រឡំ​បញ្ហា​នេះ។ កន្លង​ទៅ​នេះ​ លោក​បាន​ដើរ​ពន្យល់​ប្រាប់​ ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ។ ការ​មិន​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​អាច​ធ្វើ​ឲ្យ​មាន​​ការ​លំបាក​​ ដូច​ជា​ការ​រក​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ជា​ដើម។ អ្នក​ខ្លះ​ទៀត​ពុំ​មាន​​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​ គាត់​យល់​ថា មិន​ចាំ​បាច់​ទៅ​បោះ​ឆ្នោត​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ ​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន ថ្លែង​ថា ការ​ពុំ​ទទួល​បាន​​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​នេះ ប្រជាពលរដ្ឋ​អាច​ទៅ​បោះឆ្នោត​បាន ប៉ុន្តែ​ សារសំខាន់​នៃ​ប័ណ្ណ​នេះ​ បើ​អ្នក​បោះ​ឆ្នោត​មាន​ប័ណ្ណ​នេះ​កាន់​តែ​ប្រសើរ​ ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​ស្រាវជ្រាវ​រក​ទី​តាំង និង​រក​ឈ្មោះ​របស់​គាត់​បាន​រហ័ស។

ការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​នៅ​តាម​ផ្ទះ​ កើត​មាន​បញ្ហា ហើយ​បញ្ហា​នោះ​មាន​ការ​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​ដែរ៖ «បើ​សិន​ណា​ជា​យើង​រក​មិន​ឃើញ​យើង​ណាត់​ថា ទៅ​ជួប​កន្លែង​ណា​តាម​ការ​ណាត់​របស់​មេ​ភូមិ ដើម្បី​ហៅ​ប្រជុំ​ បើ​គាត់​មិន​បាន​ទេ សល់​ពេល​វេលា​យើង​ឯកភាព​គ្នា សហការ​គ្នា ទាំង​គណបក្ស​នយោបាយ​ ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​ទាំងអស់​គ្នា​ទៅ​ដើម្បី​ទៅ​ចែក​តាម​ផ្ទះ​តាម​ការ​ចង្អុល​របស់​មេ​ភូមិ ប៉ុន្តែ​យើង​អត់​ស្គាល់​ទេ មាន​តែ​មេភូមិ​ទេ ជា​អ្នក​ស្គាល់​អ៊ីចឹង​ទេ យើង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ធ្វើ​អ៊ីចឹង ដើម្បី​ឲ្យ​បាន​ដល់​ដៃ​អ្នក​ដែល​ត្រូវ​បោះ​ឆ្នោត​ហ្នឹង»

ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​ ក្រុម​ការងារ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​នៅ​តាម​មូលដ្ឋាន​បាន​លើក​ឡើង​នូវ​បញ្ហា​លំបាក​មួយ​ចំនួន ដូចជា​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ ហើយ​អ្នក​ទៅ​ទទួល​យក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​មាន​ចំនួន​តិច។ ម្យ៉ាង​វិញ​ទៀត នៅ​រដូវ​នេះ​ជា​រដូវ​ភ្លៀង ផ្លូវ​ធ្វើ​ដំណើរ​នៅ​តាម​មូលដ្ឋាន​ក្នុង​ឃុំ​នានា​ជួប​ការ​លំបាក។ ដំណើរ​ការ​ផ្សព្វផ្សាយ​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៣។ ការងារ​នេះ​ ស្ថិត​នៅ​ក្រោម​ការ​រៀបចំ​របស់​ឃុំ​សង្កាត់​នៅ​តាម​មូលដ្ឋាន។

អ្នក​សម្រប​សម្រួល​សមាគម​អាហដុក ប្រចាំ​ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី ថ្លែង​ថា ការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត កើត​មាន​បញ្ហា​រាល់​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត។ ក្នុង​នោះ មាន​ការ​រើស​អើង ការ​ប្រកាន់​បក្សពួក ដោយសារ​តែ​ប្រជាពលរដ្ឋ​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ខុស​គ្នា។ បញ្ហា​នេះ​ លោក​ស្នើ​ឲ្យ​មេភូមិ​ត្រូវ​បែង​ចែក​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់ រវាង​ការងារ​របស់​គណបក្ស និង​ការងារ​ជា​សេនាធិការ​របស់​ឃុំ​សង្កាត់​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ។ ការ​ចែក​ប័ណ្ណ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ គឺ​មេភូមិ​ធ្វើ​នៅ​ក្នុង​ក្របខ័ណ្ឌ​ជំនួយការ​រដ្ឋបាល​របស់​ឃុំ​សង្កាត់។

លោក យិន ម៉េងលី៖ «អ៊ីចឹង​លោក​អត់​ត្រូវ​ឲ្យ​អ្នក​នេះ​ជា​បក្ស​ពួក​របស់​ខ្លួន អា​នោះ​ក្រុម​បក្ស​ពួក​អ្នក​ផ្សេង ព្រោះ​ឥឡូវ​នេះ​គេ​អាច​ដឹង​ថា អ្នក​ណា​ជា​មនុស្ស​របស់​គេ​ ហើយ​ដើម្បី​លុបលាង​ការ​ចោទ​ប្រកាន់​ដែល​ចេះ​តែ​មាន​ នឹង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នៅ​អាណត្តិ​ក្រោយ​ក្នុង​ការ​ចែក​ប័ណ្ណ​ព័ត៌មាន​នេះ គប្បី​តែ​ឃុំ​ធ្វើ​ការ​ពង្រឹង​បញ្ហា​នេះ​ ចំពោះ​អាជ្ញាធរ​ភូមិ​ធ្វើ​ការ​ងារ​នេះ​ឲ្យ​កាន់​តែ​សុក្រឹត​ឡើង​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​កាន់​តែ​ល្អ​ឡើង»

ទោះ​យ៉ាង​នេះ​ក្ដី ​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង​ លោក វន ពន ពន្យល់ ​ថា មុន​ពេល​ចុះ​ធ្វើ​សកម្មភាព​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​ ក្រុម​ការងារ​ត្រូវ​ធ្វើ​ប្រតិទិន ដោយ​តម្រូវ​ឲ្យ​មេភូមិ​ជា​អ្នក​ផ្សព្វផ្សាយ​ទៅ​​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង។

កន្លង​ទៅ​នេះ​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ ចំណែក​នៅ​តាម​ឃុំ​សង្កាត់​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​តាម​មេក្រូ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ លោក​សង្កត់​ធ្ងន់​ថា ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​នេះ​មាន​សារសំខាន់​ណាស់​ សម្រាប់​អ្នក​បោះ​ឆ្នោត​យល់​ដឹង​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន។

លោក វន ពន៖ «ប័ណ្ណ​ព័ត៌មាន​គឺ​ថា មាន​សារសំខាន់​ណាស់ គេ​និយាយ​អំពី​ឈ្មោះ​របស់​គាត់ ភេទ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​អ្នក​បោះ​ឆ្នោត​ ហើយ​និង​ទិន្នន័យ​ផ្សេងៗ ដូច​ជា​អាសយដ្ឋាន កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត ហើយ​និង​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត គឺ​មាន​នៅ​ហ្នឹង​ទាំង​អស់។ សំខាន់​ទៅ​ទៀត អ្នក​បោះឆ្នោត ដើម្បី​ទៅ​បោះឆ្នោត​បាន​ទាល់​តែ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​និង​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្លូវការ​ណា​មួយ​ជន​នោះ​អាច​ទៅ​បោះឆ្នោត​នៅ​ក្នុង​ហ្នឹង គេ​បាន​បញ្ជាក់​ពី​ឯកសារ​អត្តសញ្ញាណ​ក្នុង​ហ្នឹង​ស្រេច ហើយ​អ្នក​ណា​មាន​អី​យក​ហ្នឹង​ទៅ ឲ្យ​តែ​ត្រូវ​ឈ្មោះ​របស់​ខ្លួន»

លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​ដឹង​ថា នៅ​ខេត្ត​បាត់ដំបង មាន​ស្រុក​ក្រុង​ចំនួន ១៤ ឃុំ សង្កាត់​ចំនួន ១០២។ ក្នុង​នោះ​មាន​សង្កាត់​ចំនួន ១០ និង​ឃុំ​ចំនួន ៩២។ ការិយាល័យ​បោះ​ឆ្នោត​មាន​១.៤០១។ ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ទូទាំង​ខេត្ត​មាន​ចំនួន​ជិត ៨​ម៉ឺន​នាក់ (៧០៦.៨៧៤)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។