លោក សម រង្ស៊ី អាច​នឹង​ត្រឡប់​មក​មិន​ទាន់​ព្រះ​រាជពិធី​បុណ្យ​ដង្ហែ​ព្រះ​បរម​អដ្ឋិ

ព្រះ​រាជពិធី​បុណ្យ​ដង្ហែ​ព្រះ​បរម​អដ្ឋិ យក​ទៅ​តម្កល់​នៅ​វិហារ​ព្រះ​កែវ​មរកត ក្នុង​ព្រះបរមរាជវាំង នឹង​ប្រព្រឹត្ត​ទៅ​បី​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១០ ទី​១១ និង​ទី​១២ ខែ​កក្កដា។

ក្នុង​រយៈពេល​នៃ​ការ​រៀបចំ​ព្រះ​រាជ​ពិធី​នេះ ព្រះបរមរាជវាំង ក៏​នឹង​អនុញ្ញាត​ឲ្យ​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ពលរដ្ឋ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ​ផង​ដែរ។ ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា នោះ នៅ​មិន​ទាន់​ដឹង​ថា​ត្រូវ​រៀបចំ​ខ្លួន​បែប​ណា ក្នុង​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​នោះ​ឡើយ។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា មាន​ប្រសាសន៍​ថា គណបក្ស​មិន​ទាន់​សម្រេច​ថា​នឹង​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ក្នុង​ព្រះបរមរាជវាំង ឬ​រៀបចំ​នៅ​ស្នាក់​ការ​គណបក្ស​នោះ​ទេ ដោយ​មន្ត្រី​ទាំងអស់​នឹង​ជួប​ប្រជុំ​គ្នា​ជា​មុន​សិន៖ «ប្រជុំ​គ្នា​ដើម្បី​សម្រេច​កិច្ចការ​អ្វី​មួយ ចឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ប្រជុំ​គ្នា​ឆាប់ៗ ដើម្បី​សម្រេច​កិច្ចការ​ទាំងអស់​ហ្នឹង»

មិន​ត្រឹម​តែ​មិន​ដឹង​ថា គណបក្ស​ប្រឆាំង​នឹង​រៀបចំ​ខ្លួន​បែប​ណា​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​នោះ​ទេ សូម្បី​តែ​ប្រធាន​គណបក្ស លោក សម រង្ស៉ី ក៏​មិន​ប្រាកដ​ថា នឹង​ត្រឡប់​ពី​បរទេស​មក​ទាន់​ថ្ងៃ​បុណ្យ ឬ​ក៏​អត់​នោះ​ដែរ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា លោក សម រង្ស៉ី បាន​លុប​គម្រោង​ដែល​គ្រោង​ត្រឡប់​មក​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ហើយ​មិន​បញ្ជាក់​ថា នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។