គណបក្សនយោបាយចំនួនបី បានចុះជួបសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួនជាបន្តបន្ទាប់ នៅក្នុងខេត្តបាត់ដំបង។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ ដែលគេដឹងថាជាគណបក្សប្រឆាំងនោះ មានការលំបាកយ៉ាប់ជាងគេ ដោយសារតែក្រុមអាជ្ញាធរពុំអនុញ្ញាតឲ្យពួកគេយកទីធ្លាសាធារណៈធ្វើជាទីកន្លែងជួបជុំជាមួយសកម្មជនរបស់ខ្លួន។
គណបក្សនយោបាយចំនួនបី បានជ្រើសរើសយកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ដើម្បីចុះពង្រឹងសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនជាបន្តបន្ទាប់ នៅក្នុងខេត្តបាត់ដំបង ខណៈដែលរដូវឃោសនារកសំឡេងគាំទ្រពីម្ចាស់ឆ្នោតនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចសម្បូរធនធាននោះ បានធ្វើសកម្មភាពនេះច្រើនជាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គ្រោះជាតិ។ មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ចលនាចុះពង្រឹងសកម្មជន និងអ្នកគាំទ្រនេះ បានចាប់ផ្ដើមអស់រយៈពេលមួយសប្ដាហ៍មកហើយ ដោយមានសកម្មជន និងអ្នកគាំទ្រជាច្រើនពាន់នាក់ជួបសំណេះសំណាលនៅតាមទីស្នាក់ការគណបក្សនៅតាមឃុំសង្កាត់។
កិច្ចសំណេះសំណាលនោះបានប្រព្រឹត្តទៅជាបន្តបន្ទាប់ ដោយពុំមានជួបឧបសគ្គនោះទេ។ រីឯគណបក្សហ៊្វុនស៊ិនប៉ិច ដែលគេដឹងថាជាគណបក្សនៅអែបជាមួយរដ្ឋាភិបាលនោះ ក៏មានគម្រោងជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនប្រមាណ ៣ពាន់នាក់ នៅក្នុងខេត្តបាត់ដំបង។ ទីតាំងនោះ គឺនៅវត្តឯកភ្នំ និងមួយកន្លែងទៀតនៅក្នុងស្រុកសង្កែ។
អនុប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច ប្រចាំខេត្តបាត់ដំបង លោក ស៊ូ សាម៉េត បញ្ជាក់ថា សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នឹងចុះជួបសំណេះសំណាលជាមួយអ្នកគាំទ្រនៅទីកន្លែងពីរខុសគ្នាក្នុងខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា៖ «នេះគឺជួបសំណេះសំណាលជាមួយសមាជិកសមាជិកាដែលគាំទ្ររបស់គណបក្សហ៊្វុនស៊ិនប៉ិច ហើយបាត់ដំបង លើកទី១»។
គម្រោងជួបសំណេះសំណាលរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៨ មេសា នេះ ទំនងប្រព្រឹត្តទៅដោយពុំមានឧបសគ្គរាំងស្ទះ ឬមានការរារាំងពីសំណាក់អាជ្ញាធរមូលដ្ឋាននោះទេ។ ប៉ុន្តែ អាជ្ញាធរមូលដ្ឋានបានច្រានចោលសំណើស្នើសុំរបស់គណបក្សសង្គ្រោះជាតិ។ ថ្មីៗនេះ គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យស្នើសុំទៅអាជ្ញាធរក្រុងបាត់ដំបង ដើម្បីសុំយកទីធ្លាសួននាគបាញ់ទឹក ទីធ្លាសួនសន្តិភាព និងសាលមហោស្រពស្ទឹងសង្កែ ដើម្បីធ្វើជាទីតាំងជួបសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួន ១.៥០០នាក់ នៅថ្ងៃទី២៧ ខែមេសា ប៉ុន្តែអាជ្ញាធរមូលដ្ឋានបដិសេធ ហើយប្រាប់ឲ្យទៅរកទីតាំងផ្សេងក្រៅពីទីធ្លាសាធារណៈ។
សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្ត លោក ជា ជីវ បញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរមូលដ្ឋានច្រានចោលសំណើរួចមក គណបក្សសង្គ្រោះជាតិ បានយកទីតាំងឯកជនរបស់សកម្មជនគណបក្សនៅសង្កាត់ព្រែកព្រះស្ដេច ជំនួសវិញ៖ «ជាទិសដៅ គឺយើងស្នើសុំទីតាំងសាធារណៈនៅក្នុងក្រុង គឺពុំដែលបាន ហើយច្បាស់ណាស់ជាការបំបិទសិទ្ធិសេរីភាពផ្ទុយអំពីច្បាប់ស្ដីពីគណបក្សនយោបាយ បើសិនជាយើងស្នើសុំខាងសង្កាត់ សង្កាត់ឲ្យស្នើសុំទៅក្រុង ដល់ពេលយើងស្នើទៅក្រុង ក្រុងថាមិនមែនជាសមត្ថកិច្ចរបស់ខ្លួនទេ ត្រូវស្នើសុំអាជ្ញាធរឃុំ-សង្កាត់ ជាសកម្មភាពផ្គើនទៅនឹងអនុសាសន៍របស់នាយករដ្ឋមន្ត្រី»។
មន្ត្រីអង្គការសមាគមអាដហុក (Adhoc) លោក យិន ម៉េងលី សម្គាល់ថា ក្នុងកិច្ចជួបសំណេះសំណាលជាមួយសកម្មជន គណបក្សប្រជាជនមានភាពងាយស្រួល ដោយសារគណបក្សប្រជាជនកម្ពុជា មានដី មានទីស្នាក់ការ មានអគារនៅតាមស្រុក រហូតដល់ឃុំ-សង្កាត់។ ចំណែកគណបក្សនយោបាយផ្សេងទៀត មានត្រឹមតែទីស្នាក់ការនៅតាមស្រុក តូចចង្អៀត លំបាកជួបប្រជុំ៖ «បើយើងនិយាយបរិយាកាសជារួម យើងសង្កេតឃើញថា គណបក្សប្រជាជន លោកមានលទ្ធភាពមានភាពងាយស្រួលច្រើនជាងគណបក្សនយោបាយផ្សេងទៀត»។
លោកបន្តថា គណបក្សកាន់អំណាច និងអាជ្ញាធរមូលដ្ឋាន គួរបើកឱកាសឲ្យបានទូលាយនូវការអនុវត្តជាក់ស្ដែង ដើម្បីឲ្យគណបក្សនយោបាយមានភាពងាយស្រួលក្នុងការជួបប្រជុំ ជាពិសេសនៅលើទីធ្លាសាធារណៈ ចៀសវាងការយកហេតុផលមិនច្បាស់លាស់ធ្វើជាឧបសគ្គ។ លោកថា នៅខេត្តបាត់ដំបង គេគួរបង្កើតទីលានប្រជាធិបតេយ្យមួយសម្រាប់ផ្ដល់ភាពងាយស្រួលដល់ការជួបជុំរបស់គណបក្សនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។