យុវជន​១​ក្រុម​រារាំង​ការ​សង់​រោង​ធ្វើ​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ

យុវជន​មួយ​ក្រុម រំខាន​ការ​សាងសង់​រោង​សម្រាប់​ធ្វើ​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ។

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​កញ្ញា នា​ទីលាន​ប្រជាធិបតេយ្យ មាន​យុវជន​មួយ​ក្រុម និង​មាន​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​មក​រារាំង និង​មាន​បំណង​រុះរើ​រោង ឬ​ដំបូល​តង់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ សង់​ទុក​សម្រាប់​ជ្រក​កម្ដៅ​ថ្ងៃ ឬ​ភ្លៀង ជូន​បាតុករ​ដែល​មក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា នៅ​ថ្ងៃ​អាទិត្យ ទី​១៥ កញ្ញា ស្អែក​នេះ។

ទោះ​ជា​យ៉ាង​ណា សកម្មភាព​រារាំង​របស់​យុវជន​១​ក្រុម​ដឹកនាំ​ដោយ​មន្ត្រី​ខណ្ឌ​ដូនពេញ មិន​បាន​សម្រេច​ទេ ដោយសារ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ បញ្ចេញ​ប្រតិកម្ម​តបត មិន​អនុញ្ញាត​ឲ្យ​រុះរើ។ យ៉ាង​ណា​ក៏​ដោយ ពុំ​មាន​ការ​ប៉ះទង្គិច​គ្នា​ណា​មួយ​កើត​ឡើង​ទេ។

លោក ជាម ចន្នី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​​​​​កំពង់ធំ ឲ្យ​ដឹង​ថា ក្រុម​យុវជន​ជាង ១០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ជួល​ឲ្យ​មក​​រុះរើ​​រោង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​សាងសង់។ តែ​បំណង​ពួកគេ​មិន​បាន​សម្រេច​ទេ ព្រោះ​មាន​អ្នក​គាំទ្រ​គណបក្ស​រាប់​រយ​នាក់​ប្រតិកម្ម​មិន​ឲ្យ​រុះរើ។

រោង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ជួល​មក​សាងសង់​សម្រាប់​ឲ្យ​បាតុករ​ស្នាក់​នៅ​ធ្វើ​មហា​បាតុកម្ម​អហិង្សា នៅ​ថ្ងៃ​អាទិត្យ ស្អែក​នេះ មាន​ទទឹង​ជិត ១០​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ ១៥០​ម៉ែត្រ សាង​សង់​នៅ​​ទី​លាន​​ប្រជាធិបតេយ្យ​ផ្នែក​ខាង​ជើង។ សំណង់​នេះ​ធ្វើ​ពី​ដែក ប្រក់​ដំបូល​ប៉ាតង់ និង​មាន​រាង​ដូច​រោង​បុណ្យ ឬ​រោង​​​ពិធីមង្គលការ។

លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​បាន​ចុះ​ផ្ទាល់​​ដល់​ទីលាន​ប្រជាធិបតេយ្យ បាន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ដែល​បាន​ជួល​យុវជន​មួយ​ក្រុម​មាន​បំណង​រុះ​រើ​​រោង​ជា​ជម្រក​របស់​បាតុករ ថា​ជា​សកម្មភាព​ខុស​ច្បាប់ និង​ស្នើ​សុំ​ឲ្យ​បញ្ឈប់​សកម្មភាព​របៀប​នេះ​នៅ​ថ្ងៃ​អនាគត។

ទាក់ទិន​ដល់​ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ សាលា​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ថា អាជ្ញាធរ​អនុញ្ញាត​អោយ​គណបក្ស​នេះ​ធ្វើ​បាតុកម្ម​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ដែល​ខុស​ពី​ការ​គ្រោង​ទុក​របស់​គណបក្ស​នេះ ថា​នឹង​ធ្វើ​ក្នុង​រយៈពេល ៣​យប់ ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​១៥ ដល់​ថ្ងៃ​ទី១៧ ខែ​កញ្ញា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​អះអាង​ថា គេ​នឹង​នៅ​តែ​ធ្វើ​បាតុកម្ម​ដូច​ការ​គ្រោង​ទុក​ដដែល បើ​ទោះ​ជា​គ្មាន​ការ​អនុញ្ញាត​ក៏​ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។