លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ចោទប្រកាន់តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) ថាបានរំលោភអធិបតេយ្យភាព និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយសារតែអ្នកស្រីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បកស្រាយពន្យល់ជាបន្ទាន់លើចំណាត់ការហាមឃាត់លោក សម រង្ស៊ី មិនឲ្យវិលចូលប្រទេសកម្ពុជាវិញ។
លិខិតលោក ប្រាក់ សុខុន ផ្ញើទៅអ្នកស្រី គ្លែរ វ៉ាន់ដឺវែរ៉ែន (Claire Van der Vaeren) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា (UNDP) កាលពីថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា សរសេរថា សំណើឲ្យរដ្ឋាភិបាលបកស្រាយករណីលោក សម រង្ស៊ី ជាសំណើហួសដែនសមត្ថកិច្ចរបស់អ្នកស្រី វ៉ាន់ហ៊ី លី ដែលមានចែងក្នុងលក្ខន្តិកៈអង្គការប្រជាជាតិ ដែលត្រូវឲ្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើការងារនឹងក្រសួង ជាជាងតាមរយៈសារព័ត៌មាន។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដកស្រង់សម្តីអ្នកស្រី វ៉ាន់ហ៊ី លី ថា សេចក្ដីសម្រេចរបស់រដ្ឋាភិបាលរារាំងមិនឲ្យលោក សម រង្ស៊ី វិលចូលកម្ពុជា វិញនោះ ខ្វះភាពសមស្រប ដូច្នេះអាចចាត់ទុកបានថា ជាការសម្រេចតាមទំនើងចិត្ត និងគ្មានហេតុផលត្រឹមត្រូវ។ អ្នកស្រីបន្ថែមទៀតថា រដ្ឋាភិបាលត្រូវតែពន្យល់ជាបន្ទាន់ពាក់ព័ន្ធនឹងការសម្រេចបែបនេះ។
លោក ប្រាក់ សុខុន បញ្ជាក់ក្នុងលិខិតទៀតថា អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អស់សុពលភាពហើយ ដូច្នេះរាល់សកម្មភាពរបស់អ្នកស្រី វ៉ាន់ហ៊ី លី ក្នុងពេលបច្ចុប្បន្ន ត្រូវចាត់ទុកថា មិនស្របច្បាប់។ លោក ប្រាក់ សុខុន ស្នើឲ្យចុះអនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយឲ្យបានឆាប់ និងត្រូវបញ្ចូលខ្លឹមសារនៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
មាត្រា១៧ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចែងអំពីភាពចាំបាច់នៃតំណាងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅកម្ពុជា ដែលត្រូវបន្តតាមដានស្ថានការណ៍រំលោភសិទ្ធិមនុស្សឲ្យបានដិតដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។