មិនយូរប៉ុន្មានក្រោយការប្រកាសលទ្ធផលបឋម គណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតមួយប្រកាសមិនទទួលយកលទ្ធផលបឋមនេះ ហើយស្នើឱ្យមានការបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីទាំងឡាយ។
ស្ថានទូតអាមេរិក នៅរសៀលថ្ងៃទី៣០ កក្កដា ក៏បានស្នើឱ្យមានការស៊ើបអង្កេតជុំវិញដំណើរការ និងលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាសនេះដែរ។
បន្ទាប់ពីគណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតបឋម និងស្នើឱ្យមានការបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីរួចមក មន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា លោក សន ម៉ាក់ឃីនថូស (Sean McIntosh) បានបង្ហាញពីទស្សនៈគាំទ្រដល់សំណើនេះផងដែរ។ លោកបានស្នើឱ្យមានការស៊ើបអង្កេតរាល់ករណីមិនប្រក្រតីទាំងឡាយ។
លោកបានឱ្យដឹងតាមសារអេឡិចត្រូនិកថា៖ "សហរដ្ឋអាមេរិក សូមកោតសរសើរប្រជាជនកម្ពុជា ចំពោះការចូលរួមដ៏សកម្ម និងដោយសន្តិភាពក្នុងអំឡុងពេលនៃការបោះឆ្នោតថ្នាក់ជាតិ។ យើងសូមអំពាវនាវដល់គ្រប់គណបក្ស និងអ្នកគាំទ្ររបស់ខ្លួន ឱ្យបន្តធ្វើការតាមលក្ខណៈសន្តិភាព និងមានសណ្ដាប់ធ្នាប់ បន្ទាប់ពីការបោះឆ្នោត។ យើងមានការព្រួយបារម្ភចំពោះភាពមិនប្រក្រតីដ៏ច្រើនដែលត្រូវបានរាយការណ៍ក្នុងដំណើរការបោះឆ្នោត ហើយយើងបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយកំហុសដែលកើតមានជាប្រព័ន្ធ ដូចជាបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាពគ្នាជាដើម។ ដោយមានភាពមិនប្រក្រតីតាមសេចក្ដីរាយការណ៍របស់អ្នកសង្កេតការណ៍ យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតដោយពេញលេញ និងមានតម្លាភាពមួយដែលនឹងអាចទុកចិត្តបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់"។
ទាក់ទងនឹងបញ្ហានេះដែរ តំណាងជាន់ខ្ពស់នៃសហគមន៍អឺរ៉ុប អ្នកស្រី ខាតស៊្រីន អាសថុន (Catherine Ashton) បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញពីការសោកស្ដាយចំពោះភាពមិនប្រក្រតីទាំងឡាយដែលកើតមានចំពោះការបោះឆ្នោត បើទោះបីជាសហគមន៍អឺរ៉ុបសាទរចំពោះភាពស្ងប់ស្ងាត់ និងសន្តិភាពនៅថ្ងៃបោះឆ្នោតក៏ដោយ។
អ្នកស្រី ខាតស្រ៊ីន អាសថុន៖ "យើងសោកស្តាយដែលអាជ្ញាធរមិនបានធ្វើសកម្មភាពចាំបាច់មួយចំនួន ដើម្បីដោះស្រាយកំហុសធំៗ ដូចជាការធ្វើឱ្យបញ្ជីឈ្មោះបោះឆ្នោតកាន់តែមានភាពទុកចិត្តបាន ការធានាឱ្យបាននូវការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយស្មើភាព និងការប្រើប្រាស់ធនធានរដ្ឋ ដែលរួមមានការចូលរួមឃោសនារបស់មន្ត្រីរដ្ឋនិងយោធាជាដើម"។
ជាមួយគ្នានេះដែរ គណបក្សហ៊្វុនស៊ិនប៉ិច ដែលតាមលទ្ធផលបឋមបណ្ដោះអាសន្នមិនទទួលបានអាសនៈនោះ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយគាំទ្រដល់ការបង្កើតគណៈកម្មការចម្រុះដែរ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច សូមប្រកាសនូវជំហរម៉ឺងម៉ាត់របស់ខ្លួន ទាមទារឱ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីដ៏ធ្ងន់ធ្ងរជាច្រើនក្នុងកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ កន្លងមកនេះ។
ទាក់ទងនឹងការបង្កើតគណៈកម្មការចម្រុះនេះ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កន្លងមកបានលើកឡើងថា វាហួសពីសមត្ថភាពរបស់ គ.ជ.ប ដែលអាចសម្រេចបាន៖ «ការអំពាវនាវឱ្យបង្កើតគណៈកម្មការអីនោះ ខ្ញុំគិតថា ដូចជាហួសសមត្ថកិច្ច គ.ជ.ប ហើយ ហើយខ្ញុំមិនដឹងថា តើ គ.ជ.ប នឹងឆ្លើយយ៉ាងម៉េចទេ ព្រោះវាមិនមែនជាសមត្ថកិច្ចខ្ញុំ»។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បានអះអាងថា ភាពមិនប្រក្រតីទាំងឡាយដែលអង្គការខុមហ្រ្វែល (Comrel) បានរកឃើញតាមរយៈអ្នកសង្កេតការណ៍របស់ខ្លួន មានដូចជា ការបាត់ឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោតជំនួស ការជ្រៀតជ្រែករបស់អាជ្ញាធរមូលដ្ឋាន ឈ្មោះស្ទួន ការរារាំងអ្នកដែលសង្ស័យថា មិនមានសិទ្ធិបោះឆ្នោតស្របច្បាប់ រួមនឹងការចល័តកងកម្លាំងប្រដាប់អាវុធនៅតាមទីប្រជុំជនជាដើម។
លោក គល់ បញ្ញា៖ «ទីមួយ គឺរឿងដែលប្រជាពលរដ្ឋរកឈ្មោះមិនឃើញ ហើយមានបញ្ហាដែលប្រជាពលរដ្ឋទៅបោះឆ្នោតហើយ មានគេបោះឆ្នោតជំនួស មានន័យថា គេបោះឆ្នោតហើយឈ្មោះគាត់។ ហើយយើងរកឃើញមានការជ្រៀតជ្រែកពីអាជ្ញាធរនៅមូលដ្ឋានហ្នឹង នៅកន្លែងបោះឆ្នោត និងកន្លែងរាប់សន្លឹកឆ្នោត»។
យ៉ាងណាមិញ គណៈប្រតិភូចម្រុះមួយជាតំណាងនៃសន្និសីទអន្តរជាតិរបស់គណបក្សនយោបាយនៅអាស៊ី (ICAPP) និងចលនាអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (CAPDI) ដែលតំណាងគណបក្សនយោបាយចំនួនជាង ៣៤០ មកពីតំបន់អាស៊ី បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការបោះឆ្នោតនៅកម្ពុជា ជាជ័យជំនះនៃឆន្ទៈរបស់ពលរដ្ឋ និងជាជ័យជម្នះរបស់ប្រជាជនកម្ពុជា ក្នុងការស្វែងរកនូវការកសាងអនាគតរបស់ពួកគេ ឱ្យកាន់តែប្រសើរឡើង ដោយផ្អែកទៅលើឧត្ដមភាព និងភាពមិនអាចរំលោភបាននៃសន្លឹកឆ្នោត។
ទោះបីជាយ៉ាងណាក៏ដោយ គណៈប្រតិភូចម្រុះនេះ រួមទាំងសង្គមស៊ីវិល និងមេដឹកនាំជាច្រើនផ្សេងទៀតរបស់ពិភពលោក សូមជំរុញឱ្យគណបក្សនយោបាយរបស់កម្ពុជា គោរពតាមអាណត្តិរបស់ខ្លួន និងបំពេញនូវសេចក្តីសង្ឃឹមរបស់ម្ចាស់ឆ្នោតកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។