អាជ្ញាធរខេត្តរតនគិរី អះអាងថា វៀតណាម បានស្នើសុំសង់ខ្លោងទ្វារច្រកទ្វារព្រំដែនអន្តរជាតិស្រុកដាក់កឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ជាប់នឹងច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក៏ប៉ុន្តែអាជ្ញាធរខេត្តមិនទាន់ឯកភាពឲ្យសាងសង់នៅឡើយ។ មន្ត្រីនាំពាក្យសាលាខេត្តបញ្ជាក់ថា ខ្សែបន្ទាត់ខណ្ឌព្រំដែននៅចំណុចនោះ មិនទាន់មានការឯកភាពគ្នានៅឡើយ។
អាជ្ញាធរខេត្តរតនគិរី នឹងបញ្ជូនរបាយការណ៍វៀតណាម ស្នើសុំសង់ខ្លោងទ្វារប៉ុស្តិ៍អន្តរជាតិរបស់ភាគីវៀតណាម ទៅអាជ្ញាធរថ្នាក់ជាតិជួយដោះស្រាយ បន្ទាប់ពីភាគីវៀតណាម បានធ្វើលិខិតផ្លូវការស្នើសុំមកអាជ្ញាធរខេត្ត។
អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់នៅថ្ងៃទី១៧ ខែសីហា ថា អាជ្ញាធរខេត្តយ៉ាឡាយ ប្រទេសវៀតណាម បានដាក់លិខិតស្នើសុំសង់ប៉ុស្តិ៍នេះមកអាជ្ញាធរខេត្ត ក្នុងកិច្ចប្រជុំទ្វេភាគីរវាងអាជ្ញាធរខេត្តទាំងពីរនៅក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១៦ ខែសីហា។ លោកថា វៀតណាម សំអាងថាកន្លែងសង់ខ្លោងទ្វារប៉ុស្តិ៍ព្រំដែនឋិតក្នុងដីវៀតណាម ក៏ប៉ុន្តែតាមកិច្ចព្រមព្រៀងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ កំណត់ថា តំបន់ព្រំដែនដែលភាគីទាំងពីរមិនទាន់ឯកភាពនោះ បង្គោលខណ្ឌសីមាត្រូវរក្សាស្ថានភាពដដែល មិនអនុញ្ញាតឲ្យសាងសង់ ឬធ្វើអ្វីបានឡើយ៖ « រឿងព្រំដែនយើងបោះ តែបង្គោលសីមាយើងអត់ទាន់គិតគូរគ្នា។ ក្នុងកិច្ចការបច្ចេកទេសរឿងបោះព្រំដែនវាអ៊ីចឹងហើយ បានជាមានការជំទាស់ពីខាងយើង។ ធម្មតាការបោះបង្គោលព្រំដែន ហើយវានៅបង្គោលសីមាមួយទៀតចន្លោះមួយៗ ខាងណាខាងគេ ខាងណាខាងយើង។ ដោយសារមិនទាន់ច្បាស់លាស់ បានយើងទាមទារគេមិនឲ្យសាងសង់ »។
បង្គោលព្រំដែនលេខ៣០ នៅចំណុចមុខច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នោះ ភាគីប្រទេសទាំងពីរឯកភាពបោះផ្លូវការកាលពីខែធ្នូ ឆ្នាំ២០១៥។ ដោយឡែកចាប់ពីបង្គោលព្រំដែនលេខ៣០ ទៅទល់នឹងបង្គោលព្រំដែនលេខ៣៩ ចាប់ពីច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ទៅទល់នឹងខេត្តមណ្ឌលគិរី ភាគីទាំងពីរមិនទាន់ឯកភាពគ្នាបោះបង្គោលកំណត់ខ្សែបន្ទាត់ខណ្ឌសីមានៅឡើយ។
តម្រួតព្រំដែនខេត្តរតនគិរី សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា កាលពីពីរសប្ដាហ៍មុន ភាគីវៀតណាម បានដឹកគ្រឿងសម្ភារៈ និងឈូសឆាយទីតាំងដើម្បីសង់ខ្លោងទ្វារនោះ ក៏ប៉ុន្តែសមត្ថកិច្ចនៅតំបន់នោះហាមឃាត់មិនឲ្យសង់។
ទាក់ទិនសំណើសុំសង់ខ្លោងទ្វាររបស់ភាគីវៀតណាម នេះ ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង បញ្ជាក់ថា លោកមិនទាន់ទទួលរបាយការណ៍ពីអាជ្ញាធរខេត្តរតនគិរី នៅឡើយ។ លើសពីនេះ លោកថា វៀតណាម មិនអាចសង់ខ្លោងទ្វារនោះបានទេ ប្រសិនតំបន់នោះមិនទាន់ឯកភាពគ្នាវាស់វែងបោះបង្គោលព្រំដែនផ្លូវការរវាងប្រទេសទាំងពីរ៖ « ខ្ញុំមិនទាន់បានទទួលទេ ព្រោះយើងបានកំណត់ដោយការឯកភាពគ្នា។ ទាល់តែបានទទួលសិន បានខ្ញុំធ្វើអត្ថាធិប្បាយកើត។ តំបន់ហាមឃាត់មិនឲ្យធ្វើទេ គាត់ក៏ដឹងដែរ តែគាត់ចូលចិត្តតែរំលោភ »។
កាលពីចុងខែកក្កដា ទាហានវៀតណាម បានរំលោភសង់ប៉ុស្តិ៍មួយកន្លែងនៅក្នុងតំបន់សហាមឃាត់ ចំណុចអូរកុមារ ជិតប៉ុស្តិ៍ការពារព្រំដែនខ្មែរភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។ ចំណែករាជរដ្ឋាភិបាល ក៏បានផ្ញើកំណត់ទូតទៅភាគីវៀតណាម ភ្លាមៗបន្ទាប់ពីអាជ្ញាធរខេត្តរតនគិរី ផ្តល់របាយការណ៍វៀតណាម រំលោភសង់ប៉ុស្តិ៍នេះ។ រហូតមកទល់នឹងបច្ចុប្បន្ន ភាគីវៀតណាម មិនទាន់ឆ្លើយតបកំណត់ទូតរបស់ភាគីកម្ពុជា យ៉ាងណាឡើយ។ ផ្ទុយទៅវិញ តម្រួតព្រំដែនខ្មែរនៅតំបន់នោះអះអាងថា វៀតណាម នៅតែបន្តសង់ប៉ុស្តិ៍ បើទោះបីតម្រួតព្រំដែនស្នើសុំឲ្យវៀតណាម គោរពកិច្ចព្រមព្រៀងបោះបង្គោលព្រំដែនដែលប្រទេសទាំងពីរបានចុះហត្ថលេខាក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។