អ្នកភូមិជាច្រើននាក់ បានចោទប្រកាន់អាជ្ញាធរឃុំ និងស្រុក ថាបានបង្ខំឲ្យគាត់ស្បថថាត្រូវតែស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការទទួលអំណោយជួយសង្គ្រោះពីកាកបាទក្រហម។
ស្ត្រីអ្នកភូមិឈ្មោះ ស មឿន អាយុ ៤៨ឆ្នាំ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែឧសភា ថា ក្នុងពេលចែកអំណោយឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ព្យុះក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដីឃុំ និងស្រុក ដែលនាំយកអំណោយកាកបាទក្រហមខេត្តមកចែកនោះ បានបង្ខំឲ្យប្រជាពលរដ្ឋស្បថស្បែថា ត្រូវតែស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា។
ស្ត្រីអ្នកភូមិរូបនេះ បន្តថា អ្នកភូមិមានការភ័យខ្លាច ហើយខ្លះមិនព្រមស្បថទេ៖ «គេឲ្យស្បថអ៊ីចឹង អារម្មណ៍មិនល្អសោះ យើងស្បថទៅដល់ពេលយើងមិនបោះឲ្យគណបក្សគេទៅ យើងខ្លាចងាប់ចោលកូនចោលចៅណា៎! ឲ្យស្បថជ្រៅៗយ៉ាងនេះ។ បើបានអំណោយជួយប្រជាពលរដ្ឋ ហើយកុំឲ្យប្រជាពលរដ្ឋស្បថ បើឲ្យស្បថអ៊ីចឹង ប្រជាពលរដ្ឋញ៉ាកដែរហ្នឹង។ ខ្លាចងាប់ចោលកូនចៅ បើត្រឹមតែឲ្យពរជ័យសូមឲ្យអ្នកផ្ដល់អំណោយទទួលបានអាយុយឺនយូរនោះបានហើយ»។
បុរសអ្នកភូមិម្នាក់ទៀត សម្ដែងការមិនពេញចិត្តដែលអាជ្ញាធរបានយកអំណោយរបស់កាកបាទក្រហមទៅប្រើប្រាស់សម្រាប់ជាផលប្រយោជន៍នយោបាយឲ្យគណបក្សកាន់អំណាចយ៉ាងដូច្នេះ៖ «គេថា បើមិនបោះឆ្នោតឲ្យគណបក្សប្រជាជនទេនោះ ត្រូវងាប់ចោលកូនចៅ ឲ្យស្បថអ៊ីចឹងវាមិនស្រួលទេ...»។
ទាក់ទិនចំពោះការចោទប្រកាន់របស់អ្នកភូមិ មេឃុំផ្លូវទូក លោក ចេង ភាក មានប្រសាសន៍ថា ពុំមានបញ្ហាដូចការចោទប្រកាន់របស់អ្នកភូមិនោះទេ។ លោកថា អ្នកភូមិដែលមាននិន្នាការគាំទ្របក្សប្រឆាំង បានឆ្លៀតឱកាសប្រើប្រាស់ចន្លោះប្រហោងក្នុងការថ្លែងជាសាធារណៈរបស់អាជ្ញាធរ ដើម្បីបង្ខូចកិត្តិយសមន្ត្រីនៃគណបក្សកាន់អំណាច៖ «យើងគ្រាន់តែនិយាយថា កាកបាទក្រហម និងឧកញ៉ា អ៊ឹង ប៊ុនហូវ គាត់បានជួយ យើងត្រូវដឹងគុណគាត់ប៉ុណ្ណឹង យើងអត់បានឲ្យស្បថស្បែថាបោះឆ្នោតឲ្យគណបក្សប្រជាជនទេ។ គាត់ចេះតែចចាមអារ៉ាមអ៊ីចឹង។ ស្រុកគេប៉ុណ្ណេះហើយ មានអ្នកណាឲ្យស្បថអីទៀត...»។
យ៉ាងនេះក្ដី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិតដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា ការបង្ខំឲ្យប្រជាពលរដ្ឋស្បថស្បែថាត្រូវតែស្មោះត្រង់ចំពោះគណបក្សណាមួយ គឺជាសកម្មភាពរំលោភសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ លោកថា អ្នកនយោបាយខ្មែរទាំងអស់គួរតែបង្ហាញពីភាពថ្លៃថ្នូររបស់ខ្លួន ដោយមិនត្រូវធ្វើសកម្មភាពណាមួយដែលរំលោភច្បាប់ ឬរំលោភក្រមសីលធម៌នៃអ្នកនយោបាយនោះឡើយ៖ «ជាផ្លូវច្បាប់ បើមានការបង្ខំឲ្យស្បថនោះ គឺជាការរំលោភសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋហើយ។ ប៉ុន្តែ ការរំលោភនេះពុំមានចែងច្បាស់ថា ត្រូវទទួលទោសបែបណានោះទេ។ រហូតមកទល់បច្ចុប្បន្ន យើងពុំទាន់ឃើញមានការដាក់ទោសនរណាម្នាក់ពីបញ្ហានេះទេ»។
ក្នុងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងតំណាងគណបក្សនយោបាយ បានហាមប្រាមមិនឲ្យធ្វើការគាបសង្កត់ ឬគំរាមកំហែង ឬបង្ខំឲ្យគេស្បថបោះឆ្នោតឲ្យគណបក្សនយោបាយរបស់ខ្លួនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។