រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កំពុងពិចារណាថ្លឹងថ្លែងដាក់ទណ្ឌកម្មឬរឹតត្បិតលើការផ្ដល់ទិដ្ឋាការធ្វើដំណើរដល់កម្ពុជា។ការពិចារណានេះធ្វើឡើងក្រោយពេលដែលក្រសួងសន្តិសុខជាតិស្នើឲ្យក្រសួងការបរទេសអាមេរិកចាត់វិធានការដាក់ទណ្ឌកម្មដល់ប្រទេសកម្ពុជានិងប្រទេសចំនួនបីផ្សេងទៀតរួមមានប្រទេសអេរីត្រេ (Eritrea) ប្រទេសហ្គីណេ (Guinea) និងប្រទេសសេរ៉ាឡេអូន (Sera Leone) ដោយសារតែប្រទេសទាំងនោះ «រឹងទទឹង» មិនព្រមទទួលយកឬព្យាយាមពន្យារពេលការធ្វើមាតុភូមិនិវត្តពលរដ្ឋរបស់ខ្លួនដែលត្រូវសហរដ្ឋអាមេរិកចាប់បញ្ជូនមកវិញដោយសារតែពួកគេបានប្រព្រឹត្តិល្មើសច្បាប់។
បណ្ដាញសារព័ត៌មានអាមេរិក ស៊ីអិនអិន (CNN) ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ សីហា ថាបច្ចុប្បន្នក្រសួងការបរទេសអាមេរិកកំពុងពិភាក្សាកំណត់អំពីគោលការណ៍និងវិសាលភាពនៃការដាក់ទណ្ឌកម្មរឹតត្បិតការផ្ដល់ទិដ្ឋាការនេះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងប្រាកដនៅឡើយទេថាតើគោលការណ៍នៃការរឹតត្បិតនេះនឹងមានវិសាលភាពកំណត់លើប្រភេទទិដ្ឋាការណាខ្លះឬសំដៅជាពិសេសចំពោះមន្ត្រីរដ្ឋាភិបាលឬពលរដ្ឋសាមញ្ញទូទៅនោះនៅឡើយទេ។
ក្រោមច្បាប់សហព័ន្ធអាមេរិករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកអាចសម្រេចបញ្ឈប់មិនចេញទិដ្ឋាការគ្រប់ប្រភេទឬទិដ្ឋាការជាក់លាក់ណាមួយដល់ប្រទេសទាំងនោះ។ ភ្នាក់ងារសារព័ត៌មានអាមេរិក អេ.ភី (AP) ឲ្យដឹងកាលពីថ្ងៃទី២៤ សីហា ថា លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ធីល្លឺសុន (Rex Tillerson) ទំនងជានឹងមិនដាក់បម្រាមដល់គ្រប់ប្រភេទទិដ្ឋាការនោះទេតែការដាក់ទណ្ឌកម្មនេះអាចសំដៅតែចំពោះមន្ត្រីរដ្ឋាភិបាលនិងក្រុមគ្រួសាររបស់មន្ត្រីទាំងនោះប៉ុណ្ណោះដូចដែលសហរដ្ឋអាមេរិកធ្លាប់បានអនុវត្តនាពេលកន្លងទៅ។
ការរឹតបន្តឹងលើការផ្ដល់ទិដ្ឋាការដោយសហរដ្ឋអាមេរិកនេះធ្វើឡើងភ្លាមៗតែប៉ុន្មានថ្ងៃក្រោយពេលដែលមានព័ត៌មានថាអាជ្ញាធរខ្មែរបានសម្រេចបញ្ឈប់មិនផ្ដល់ឯកសារធ្វើដំណើរដល់ពលរដ្ឋកម្ពុជា ដែលត្រូវសហរដ្ឋអាមេរិកចាប់បញ្ជូនមកកម្ពុជាវិញ។សហរដ្ឋអាមេរិកនឹងមិនអាចចាប់បញ្ជូនជនអន្តោប្រវេសន៍ដើមកំណើតខ្មែរដែលបានប្រព្រឹត្តិខុសច្បាប់ទាំងនោះមកកម្ពុជាវិញបានទេប្រសិនបើពុំមានកិច្ចព្រមព្រៀងមាតុភូមិនិវត្តឬកិច្ចសហការពីអាជ្ញាធរខ្មែរក្នុងការចេញឯកសារធ្វើដំណើរដល់ពលរដ្ឋទាំងនោះឬប្រសិនបើរដ្ឋាភិបាលកម្ពុជាចេញមុខបដិសេធមិនទទួលយកឬទទួលស្គាល់ជនអន្តោប្រវេសន៍ដើមកំណើតខ្មែរទាំងនោះ។
កាលពីចុងខែមេសាកន្លងទៅ រដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំរដ្ឋាភិបាលអាមេរិកធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋដើមកំណើតខ្មែរ ដែលជាប់ទោសនៅអាមេរិកត្រឡប់មកកម្ពុជានេះ។ បច្ចុប្បន្នភាគីទាំងពីរកំពុងពិភាក្សាគ្នាអំពីលក្ខខណ្ឌមួយចំនួនដែលត្រូវកែសម្រួល។
ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ស្ដីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ដែលបានអនុវត្តអស់រយៈពេលជិត ១៥ឆ្នាំមកនេះ មានពលរដ្ឋដើមកំណើតខ្មែរមិនតិចជាង ៥៥០នាក់ទេ ដែលបានប្រព្រឹត្តិល្មើសនៅសហរដ្ឋអាមេរិក ត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់បញ្ជូនមកកម្ពុជាវិញ។ ស្ថិតិចេញផ្សាយដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ (ICE) នៃក្រសួងសន្តិសុខជាតិអាមេរិកឲ្យដឹងថាក្នុងឆ្នាំ២០១៦កន្លងទៅមានជនជាតិខ្មែរចំនួន ៧៤រូប ត្រូវបានចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។