មន្ត្រី គ.ជ.ប អះអាងថា ការចុះឈ្មោះប៉ុន្មានថ្ងៃមកនេះ មានអ្នកចុះឈ្មោះថ្មីនៅទូទាំងប្រទេសជាង ១ម៉ឺននាក់។ ក្នុងនោះមានឃុំ-សង្កាត់ជាង ១.៣០០ឃុំ-សង្កាត់ ក្នុងចំណោមឃុំ-សង្កាត់ ១.៦៣៣ បានបើកឲ្យដំណើរការធម្មតា។
កាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឬធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៣ មានរយៈពេល ២០ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងនៅថ្ងៃអង្គារ ទី៨ ខែតុលា ថា គិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីជាង ១ម៉ឺននាក់។
លោកបន្តថា តាមគម្រោងអាចមានអ្នកចុះឈ្មោះថ្មីជាង ៣០ម៉ឺននាក់ និងមានគម្រោងលុបឈ្មោះស្ទួន ឬឈ្មោះខ្មោចចេញពីបញ្ជីបោះឆ្នោតជិត ២០ម៉ឺននាក់ក្នុងឆ្នាំ២០១៣នេះ៖ «ឃើញថា ឃុំសង្កាត់ជាង ១០០ ជាពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ និងនៅតាមដងទន្លេមេគង្គនៅជួបបញ្ហាច្រើនដែលរំខានដល់ការពិនិត្យ និងការចុះឈ្មោះបោះឆ្នោត ទោះបីជាគណៈកម្មការក្រុមប្រឹក្សាឃុំសង្កាត់ និងស្មៀនបានចល័តទៅទីមានសុវត្ថិភាពក៏ដោយ។ ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនគាត់ពិបាកក្នុងការធ្វើដំណើរ ហើយពេលនេះ គ.ជ.ប កំពុងពិនិត្យមើលស្ថានភាពជាក់ស្ដែង ដើម្បីនឹងបន្ថែមរយៈពេលជូននៅតាមឃុំសង្កាត់ណាដែលជាប់ការរាំងស្ទះនេះ»។
លោក ទេព នីថា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទើបផ្លាស់ប្ដូរទីលំនៅ អ្នកពុំធ្លាប់បានចុះឈ្មោះបោះឆ្នោត ឬអ្នកទើបគ្រប់អាយុបោះឆ្នោត (មានអាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣) និងអ្នកបាត់ឈ្មោះពីបញ្ជីបោះឆ្នោតកន្លងទៅ ត្រូវទៅចុះឈ្មោះជាថ្មីដោយផ្ទាល់តាមសាលាឃុំ-សង្កាត់កំពុងរស់នៅ៖ «ពិសេសគឺត្រូវទៅចុះឈ្មោះបោះឆ្នោតដោយខ្លួនឯង។ ទី២ មានឯកសារបញ្ជាក់អត្តសញ្ញាណមានឯកសារបញ្ជាក់សញ្ជាតិខ្មែរ។ មានអាយុគ្រប់ ១៨ឆ្នាំ និងមានទីលំនៅក្នុងឃុំសង្កាត់ខ្លួនរស់នៅ នេះជាលក្ខខណ្ឌដែលបងប្អូនត្រូវយកទៅជាមួយ ដែលជាឯកសារបញ្ជាក់លក្ខខណ្ឌទាំងអស់នេះ ដើម្បីអញ្ជើញទៅចុះឈ្មោះបោះឆ្នោត»។
បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ មានអ្នកចុះឈ្មោះជាង ៩.៦លាននាក់។ ប៉ុន្តែមន្ត្រី គ.ជ.ប បានអះអាងថា អាចកើនចំនួនជាង ១០លាននាក់នៅក្នុងការចុះឈ្មោះ ឬបញ្ជីឈ្មោះឆ្នាំ២០១៣។
បញ្ហានេះដែរ ទាំងមន្ត្រីសង្គមស៊ីវិល និងគណបក្សនយោបាយ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៣ ឲ្យបានច្រើនដើម្បីមានសិទ្ធិបោះឆ្នោតនៅថ្ងៃខាងមុខ។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)។ លោកមានប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់បំផុតសម្រាប់ឲ្យពួកគេមានសិទ្ធិចូលរួមបោះឆ្នោតនៅថ្ងៃអនាគត។
លោកថា ការចុះឈ្មោះនេះប្រជាពលរដ្ឋ ពិសេសយុវជន មិនត្រូវខកខានទេ៖ «អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចំណាយពេលវេលាជាចាំបាច់ ដើម្បីទី១ ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត បើសិនមានភាពមិនប្រក្រតីណាមួយត្រូវតែដោះស្រាយ ឬក៏ធ្វើពាក្យបណ្ដឹងដើម្បីជម្រាបជូនទៅស្ថាប័នពាក់ព័ន្ធ ឬក៏ស្មៀនឃុំសង្កាត់ កែសម្រួល ឬក៏ចុះឈ្មោះឡើងវិញជាការចាំបាច់»។
ដោយឡែក លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ឬហៅកាត់ថា ខុមហ្វ្រែល (Comfrel)។ លោកថ្លែងថា អង្គការលោកមិនបានចាប់អារម្មណ៍លើដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ តាមសេចក្ដីប្រកាសរបស់ គ.ជ.ប ទេ។ ផ្ទុយទៅវិញ អង្គការខុមហ្វ្រែល កំពុងតស៊ូមតិជាមួយបណ្ដាអង្គការច្រើនទៀត ដើម្បីទាមទារធ្វើកំណែទម្រង់ការចុះឈ្មោះបោះឆ្នោត ឬធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំរបស់ គ.ជ.ប។
លោក គល់ បញ្ញា បានរិះគន់នីតិវិធីចុះឈ្មោះបោះឆ្នោតដែលធ្លាប់អនុវត្តនៅកម្ពុជា កន្លងទៅ និងស្នើធ្វើកំណែទម្រង់របៀបចុះឈ្មោះបោះឆ្នោតថ្មី ដែលផ្តល់ការងាយស្រួលដល់ពលរដ្ឋ៖ «ឧទាហរណ៍របៀបដូចជាយើងធ្វើអត្តសញ្ញាណប័ណ្ណអ៊ីចឹង។ អត្តសញ្ញាណប័ណ្ណមានន័យថា ទិន្នន័យរបស់យើងបានច្បាស់ គឺគ្មាននរណាទៅកោសលុប ឬដូរទិន្នន័យហ្នឹងបានទេ។ វាមានរូបថត មានស្នាមមេដៃ គឺវាមានលេខអត្តសញ្ញាណមួយច្បាស់លាស់ ហើយគេអាចចេញប័ណ្ណបោះឆ្នោតហ្នឹងទៅឲ្យប្រជាជន ដូចចេញអត្តសញ្ញាណប័ណ្ណឲ្យប្រជាជន គឺមានប័ណ្ណយកទៅបោះឆ្នោតបានងាយស្រួល»។
ដូចគ្នាដែរ លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានរិះគន់នីតិវិធីចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប នេះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្នើឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតទៅតាមការកំណត់របស់ គ.ជ.ប ជាមុនសិន ហើយគណបក្សប្រឆាំងនិងសង្គមស៊ីវិល នឹងទាមទារឲ្យមានកែទម្រង់ស្ថាប័ន គ.ជ.ប ជាក្រោយ។
លោក យឹម សុវណ្ណ៖ «ឧទាហរណ៍របៀបដូចជាយើងធ្វើអត្តសញ្ញាណប័ណ្ណអ៊ីចឹង។ អត្តសញ្ញាណប័ណ្ណមានន័យថា ទិន្នន័យរបស់យើងបានច្បាស់ គឺគ្មាននរណាទៅកោសលុប ឬដូរទិន្នន័យហ្នឹងបានទេ។ វាមានរូបថត មានស្នាមមេដៃ គឺវាមានលេខអត្តសញ្ញាណមួយច្បាស់លាស់ ហើយគេអាចចេញប័ណ្ណបោះឆ្នោតហ្នឹង ទៅឲ្យប្រជាជនដូចចេញអត្តសញ្ញាណប័ណ្ណឲ្យប្រជាជន គឺមានប័ណ្ណយកទៅបោះឆ្នោតបានងាយស្រួល»។
បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ ទទួលរងការរិះគន់ពីមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងដោយចោទថា មានភាពមិនប្រក្រតី និងបាត់ឈ្មោះប្រជាពលរដ្ឋ មានឈ្មោះស្ទួន ឬមានឈ្មោះជាតិសាសន៍ដទៃ អាចមានសិទ្ធិ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។