ប្រជា​កសិករ​មួយ​ចំនួន​នៅ​តាកែវ​និង​កំពត​ខក​ចិត្ត​នឹង​លទ្ធផល​បោះឆ្នោត

ការ​ប្រកាស​លទ្ធផល​សន្លឹក​ឆ្នោត​បណ្ដោះ​អាសន្ន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា នៅ​ខេត្ត​កំពត គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ ៣​ស្មើ​គ្នា និង​ខេត្ត​តាកែវ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ ៤​ស្មើៗ​គ្នា​នោះ បាន​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​ខ្លះ​មិន​សុខ​ចិត្ត ដោយ​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន។

0:00 / 0:00

ការ​ប្រកាស​លទ្ធផល​សន្លឹក​ឆ្នោត​បណ្ដោះ​អាសន្ន​តាម​ទូរទស្សន៍​ឯកជន បាន​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​នៅ​ខេត្ត​តាកែវ និង​ខេត្ត​កំពត សម្ដែង​ការ​ខក​ចិត្ត។

កសិករ​ភូមិ​វត្តពោធិ៍ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត ឈ្មោះ មាន ឡុង ថ្លែង​ថា បោះឆ្នោត​រួច​គាត់​ចង់​ដឹង​លទ្ធផល​សន្លឹក​ឆ្នោត​ឈ្នះ​ចាញ់​ដែរ តែ​នៅ​តែ​ប្រឹងប្រែង​ធ្វើ​ស្រែ​ចម្ការ។ គាត់​បាន​រំឭក​ថា អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​កន្លង​មក មិន​ដែល​មក​ស្តាប់​មតិ​ម្ចាស់​ឆ្នោត ឬ​ដឹង​ពី​សុខ​ទុក្ខ​អ្នក​ផ្តល់​សំឡេង​ឆ្នោត​ឲ្យ​ទេ។

កសិករ​វ័យ​ចំណាស់​ឈ្មោះ ស្វាយ ឆែក នៅ​ឃុំ​ថ្មី ដែរ ថ្លែង​ថា បោះឆ្នោត​រួច​គាត់​សុំ​ឲ្យ​តែ​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​បញ្ចុះ​តម្លៃ​ជី​គីមី បង្កើន​តម្លៃ​លក់​ស្រូវ ទើប​ជា​អ្នក​ដឹកនាំ​ល្អ។

យុវជន​នៅ​ខេត្ត​តាកែវ សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា គាត់​មិន​ទទួល​យក​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នេះ​ទេ ព្រោះ​គាត់​ចង់​ឲ្យ​គណបក្ស​ដែល​គាត់​គាំទ្រ​ឈ្នះ​ដាច់​គេ។

កសិករ តុង ខេង នៅ​ស្រុក​ត្រាំកក់ ថ្លែង​ថា លទ្ធផល​សន្លឹក​ឆ្នោត​ប្រកាស​ខុស​ពី​ការ​ពិត ដែល​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​តាម​ការិយាល័យ​នីមួយៗ។ វា​គួរ​តែ​មាន​គណបក្ស​ណា​មួយ​ឈ្នះ​ដាច់ មិន​គួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​អាសនៈ ៤ ស្មើ​គ្នា​ទេ នៅ​ខេត្ត​តាកែវ។

កសិករ នាង ង៉ែត ឲ្យ​ដឹង​ថា គាត់​អាយុ ៧៧​ឆ្នាំ សុខ​ចិត្ត​បោះ​ចោល​ធ្វើ​ស្រែ​សិន ដើម្បី​ទៅ​បោះឆ្នោត ប៉ុន្តែ ជា​លទ្ធផល សន្លឹក​ឆ្នោត​មិន​ទទួល​បាន​ដូច​បំណង។

កសិករ​ឈ្មោះ ទឹម ផេង ថ្លែង​ថា សមាជិក​សភា​អាណត្តិ​ថ្មី​ឆ្នាំ​២០១៣ ត្រូវ​គោរព​គោល​នយោបាយ​របស់​គណបក្ស​ខ្លួន​បាន​សន្យា​មុន​បោះឆ្នោត។ បើ​មិន​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ជឿ​ទេ សន្លឹក​ឆ្នោត​ចេះ​តែ​ដូរ​រហូត ឬ​ឃោសនា​គោល​នយោបាយ​សម្លាប់​ខ្លួន​ឯង​ប៉ុណ្ណោះ។

អ្នក​រក​ស៊ី​ប៉ះ​ម៉ូតូ និង​លក់​សាំង​ដប នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត លោក ហ៊ុន សួន ថ្លែង​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​គាត់​ទទួល​ចំណូល​ក្រែល។ លោក​ថា ១​អាទិត្យ គាត់​លក់​សាំង​ដាច់ ៣០​កាន។ នៅ​ក្រោយ​បោះឆ្នោត អ្នក​បោះឆ្នោត​ត្រឡប់​ទៅ​កន្លែង​គេ​វិញ របរ​ប៉ះ​ម៉ូតូ និង​លក់​សាំង នៅ​តែ​បាន​ចំណូល​ដដែល។ លោក​បន្ត​ថា មិន​ខ្វល់​ពី​សន្លឹក​ឆ្នោត​ប្រកាស​ឈ្នះ​ចាញ់​ទេ។

អាជីវករ​ឈ្មោះ អ៊ី ម៉ូវ លក់​គ្រឿង​ទេស​នៅ​ភូមិ​ត្រពាំងច្រាប ស្រុក​ទឹកឈូ ថ្លែង​ថា អ្នក​បោះឆ្នោត​តែង​តែ​មក​ទិញ​ស្រាបៀ​ផឹក ក្រោយ​បោះឆ្នោត​រួច។ លោកស្រី​ថា ពេល​បោះឆ្នោត​ដូច​គ្នា គាត់​លក់​គ្រឿង​ស្រវឹង​នៅ​ឆ្នាំ​២០១៣ ដាច់​ជាង​ឆ្នាំ​២០១២ បោះឆ្នោត​ឃុំ​សង្កាត់។ លោកស្រី​បន្ត​ថា នៅ​ក្នុង​ស្រុក​ទឹកឈូ មិន​មាន​សកម្មភាព​ផ្អើល​ឈូឆរ​ខ្លាច​មាន​បញ្ហា​អសន្តិសុខ មនុស្ស​ផ្អើល​ទិញ​គ្រឿង​ទេស អង្ករ ខ្ទឹម ម្រេច ប៊ីចេង ទុក​ខ្លាច​ខ្វះ​ដូច​នៅ​ភ្នំពេញ គឺ​គ្មាន​ទេ។

ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត ខេត្ត​តាកែវ លោក នួន សារ៉ែម ថ្លែង​នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា ថា មិន​ទាន់​បូក​សរុប​សន្លឹក​ឆ្នោត​តាម​មណ្ឌល​បោះឆ្នោត​ចប់​នៅ​ឡើយ។ ដូច្នេះ ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ខេត្ត​តាកែវ នៅ​តាម​ស្ថានីយ​ទូរទស្សន៍​នានា មិន​ប្រាកដ​ថា​ត្រឹមត្រូវ​ឡើយ។

ស្រប​ពេល​ដែល​រង់ចាំ​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវ​ការ នៅ​ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​កំពត ក្រោយ​ថ្ងៃ​បោះឆ្នោត កសិករ​សម្រុក​ធ្វើ​ស្រែ​យ៉ាង​សកម្ម ខណៈ​ទឹក​ភ្លៀង​ធ្លាក់​ជោគជាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។