ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​ប្រទេស​៣​ពង្រឹង​យន្តការ​គ្រប់គ្រង​ថវិកា​ជាតិ

មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) នៅ​ថ្ងៃ​ទី​៤ ខែ​មីនា បាន​ក្រើនរំលឹក​ដល់​សភា​ជាតិ​នៃ​ប្រទេស​កម្ពុជា វៀតណាម និង ឡាវ ឲ្យ​ពង្រឹង​យន្តការ​គ្រប់គ្រង​លើ​ការ​ចំណាយ​ថវិកា​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ថា រាល់​ការ​ចំណាយ​នានា​នៃ​ថវិកា​ជាតិ គឺ​ចំណាយ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព។

0:00 / 0:00

មន្ត្រី​ចាត់​ចែង​របស់​ធនាគារ​ពិភពលោក​នៅ​ប្រទេស​កម្ពុជា (World Bank's Country Manager in Cambodia) លោក អាឡាសាន សូ (Alassane Sow) បាន​មាន​ប្រសាសន៍​ថា ការ​ពង្រឹង​យន្តការ និង​តម្លាភាព​លើ​ការ​ចំណាយ​ថវិកា​ជាតិ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​ល្អ​របស់​រដ្ឋាភិបាល គឺ​ជា​ការ​ចាំបាច់​ណាស់​ដើម្បី​ធានា​ឲ្យ​មាន​តម្លាភាព។ ការ​ធ្វើ​ដូច្នេះ​គឺ​ជៀសវាង​អំពើ​ពុករលួយ​ក្នុង​ការ​ចំណាយ​ថវិកា​ជាតិ។

ការ​ដាស់​តឿន​នេះ នៅ​គ្រា​ដែល​សភា​ជាតិ​កម្ពុជា បាន​រៀបចំ​កិច្ច​ប្រជុំ​រួម​គ្នា​មួយ​លើក​ទី​៤ ស្ដីពី​តួនាទី​របស់​សភា​ជាតិ​ក្នុង​ការ​រៀបចំ​ថវិកា​ជាតិ និង​ត្រួត​ពិនិត្យ​លើ​ការ​ចំណាយ​ថវិកា​ជាតិ​តាម​រយៈ​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ។

កិច្ច​ប្រជុំ​នេះ បាន​ចូល​រួម​ដោយ​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណៈកម្មាធិការ​ស្ដីពី​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៃ​សភា​ជាតិ​កម្ពុជា សភា​ជាតិ​វៀតណាម និង​សភា​ជាតិ​ឡាវ ដែល​ជា​ប្រទេស​ក្នុង​សហព័ន្ធ​នៅ​ឥណ្ឌូចិន។

ប្រធាន​សភា​ជាតិ​កម្ពុជា លោក ហេង សំរិន បាន​មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​បី​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ និង​យុទ្ធសាស្រ្ត ព្រម​ទាំង​ការ​កែ​ទម្រង់​សំខាន់ៗ​កន្លង​មក ស្រប​តាម​ស្ថានភាព​នៃ​ប្រទេស​រៀងៗ​ខ្លួន​ក្នុង​ការ​ចំណាយ​ថវិកា​ជាតិ​នោះ៖ «ជាក់ស្ដែង​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​អភិបាលកិច្ច​ល្អ​​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ទាំង​ដំណាក់កាល​ទី​១ និង​ទី​២ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ៥​ឆ្នាំ ឆ្នាំ​២០១៤ ​ដល់​ឆ្នាំ​២០១៨ ដោយ​ផ្ដោត​លើ​ការ​កែ​ទម្រង់​នៃ​ការ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ​ចាប់​ពី​ឆ្នាំ​២០០១។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ការ​អនុវត្ត​កម្មវិធី​កែ​ទម្រង់​នេះ ជា​បណ្តើរៗ​ឈាន​ទៅ​រក​ស្តង់ដារ​អន្តរជាតិ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​មាន​រយៈ​ពេល​វែង»

ទាក់​ទង​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ការ​ចំណាយ​ថវិកា​ជាតិ​កន្លង​មក មិន​ត្រូវ​បាន​គេ​លាត​ត្រដាង​ឲ្យ​គណបក្ស​ប្រឆាំង​បាន​ដឹង​ទេ​រហូត​ដល់​មូលដ្ឋាន។ លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​អំពើ​ពុករលួយ ដោយសារ​ខ្វះ​តម្លាភាព។

លោក សុន ឆ័យ៖ «បញ្ជាក់​អំពី​អ្នក​ឯកទេស​អន្តរជាតិ និង​អ្នក​ស្រាវជ្រាវ​ក្នុង​ស្រុក រួម​ទាំង​ការ​ប្រកាស​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​កាល​ពី​ប៉ុន្មាន ៦​ឆ្នាំ​មុន ហើយ​ថា មាន​ការ​លួច​បំបាត់ ពុក​រលួយ​យ៉ាង​តិច​ណាស់ ៥០០​លាន​ដុល្លារ​អាមេរិក​កាល​ពី ៦​ឆ្នាំ​មុន។ ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​នេះ​ថា ការ​បំបាត់​លុយ​ជាតិ​ហ្នឹង​យ៉ាង​តិច​ណាស់ ១.០០០​លាន​ដុល្លារ​អាមេរិក។ ការ​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ចាំ​បាច់​មាន​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ ពីព្រោះ​អ្នក​ធំៗ​ដែល​មាន​អំណាច គឺ​ជា​អ្នក​លួច​លុយ​ជាតិ​ច្រើន​ណាស់»

សភា​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ថវិកា​ជាតិ​ចំនួន​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០១៣ បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​បាន​ជំទាស់ និង​រិះគន់​ថា រដ្ឋាភិបាល​ខ្ចី​លុយ​បរទេស​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ចំណាយ​នានា​នៅ​ឆ្នាំ​២០ ១៣។

ប្រធាន​សភា​ជាតិ​កម្ពុជា លោក ហេង សំរិន នៅ​ថ្ងៃ​ទី​៤ ខែ​មីនា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ជា​មធ្យម​ចំនួន ៧%។ កម្ពុជា​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ពី​ចំនួន ២០% នៅ​ឆ្នាំ​២០១២ មក​ចំនួន ១៩% នៅ​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។