មន្ត្រីគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យ ព្រួយបារម្ភពីការបាត់បង់សិទ្ធិរបស់ប្រជាពលរដ្ឋដែលទៅធ្វើការនៅប្រទេសថៃ។ មន្ត្រីដដែលសង្កេតឃើញថា ពលរដ្ឋនៅក្នុងខេត្តនេះដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ មិនបានមកមើលឈ្មោះបោះឆ្នោតដើម្បីកែតម្រូវឲ្យបានទាន់ពេលកំណត់ ប្រសិនបើឈ្មោះពួកគេមានកំហុសណាមួយឡើយ។ ក្ដីបារម្ភនេះ បន្ទាប់ពីរកឃើញឈ្មោះពលរដ្ឋជាច្រើននៅក្នុងបញ្ជីបោះឆ្នោតដែល គ.ជ.ប បិទប្រកាសនៅតាមឃុំ-សង្កាត់នៅក្នុងខេត្តនេះមានកំហុសអក្ខរាវិរុទ្ធ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក កែ សម្ផស្ស ឲ្យដឹងនៅថ្ងៃទី១២ មករា ថា ក្រុមការងាររបស់លោកបានចុះទៅតាមមូលដ្ឋាន ហើយពិនិត្យឃើញថា ឈ្មោះរបស់ប្រជាពលរដ្ឋដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទប្រកាសនៅតាមឃុំ-សង្កាត់នោះមានសរសេរខុសអក្ខរាវិរុទ្ធរាប់រយនាក់។ លោកអះអាងថា ប្រជាពលរដ្ឋហាក់មិនខ្វល់ទៅពិនិត្យមើលឈ្មោះរបស់ពួកគាត់ ដែលបានបិទនៅតាមឃុំ-សង្កាត់នោះទេ ជាពិសេសពលករដែលទៅធ្វើការនៅប្រទេសថៃ៖ « ប៉ុន្តែការខុសនោះដូចជាខុសស្រះ ដែលស្រះ ិ ទៅជាស្រះ ី ហើយស្រះ ុ ទៅជាស្រះ ូ ជាដើម ក្រៅពីនោះក៏មានខុសថ្ងៃខែឆ្នាំកំណើតខ្លះដែរ » ។
ទាក់ទងនឹងបញ្ហានេះ ប្រធានលេខាគណៈកម្មការរៀបចំការបោះឆ្នោតបន្ទាយមានជ័យ លោក ហ៊ី គឹមសេង ទទួលស្គាល់ថា ឈ្មោះបោះឆ្នោតរបស់ពលរដ្ឋដែលបានបិទនៅតាមឃុំ-សង្កាត់នៅក្នុងខេត្តមួយនេះ ពិតជាមានខុសអក្ខរាវិរុទ្ធខ្លះប្រាកដមែន ប៉ុន្តែលោកថាពុំទាន់ដឹងតួលេខដែលខុសមានប៉ុន្មាននោះទេ។ ទោះជាយ៉ាងនេះក្ដី លោកអះអាងថា រហូតមកដល់ពេលនេះ ពុំទាន់មានគណបក្សនយោបាយណាដាក់ពាក្យប្ដឹងតវ៉ាមកខាងលោក ដើម្បីសុំកែតម្រូវឈ្មោះទាំងអស់នោះនៅឡើយ៖ « ការខុសនេះវាទាល់តែប្ដឹងបានយើងឲ្យឃុំ - សង្កាត់គេសម្រេចឲ្យទៅ បានយើងចុះក្នុងបញ្ជីដើម្បីរាយការណ៍ទៅថ្នាក់ជាតិឲ្យគេកែតម្រូវឲ្យ ព្រោះឥឡូវនេះយើងមិនអាចកែតម្រូវដោយដៃបានទេ » ។
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដែលជាប់រវល់ធ្វើការងារនៅឆ្ងាយពីស្រុកកំណើត ភាគច្រើនពួកគាត់ឲ្យសាច់ញាតិ និងអ្នកស្គាល់គ្នាទៅពិនិត្យមើលឈ្មោះបោះឆ្នោតជំនួស។ ចំណែកឈ្មោះដែលមានសរសេរខុសអក្ខរាវិរុទ្ធ ពួកគាត់មិនបានមកកែតម្រូវភ្លាមៗដោយខ្លួនឯងនោះទេ។
មន្ត្រីផ្នែកស៊ើបអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា បញ្ហាឈ្មោះពលរដ្ឋសរសេរខុសពីអត្តសញ្ញាណប័ណ្ណ បើទោះជាខុសតិច ឬធ្ងន់ធ្ងរក្ដី គឺប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោត៖ « ការខុសវាមានពីរ គឺធ្ងន់ធ្ងរ និងតិចតួច។ ចំពោះការខុសធ្ងន់ធ្ងរមានន័យថា នាមត្រកូល និងឈ្មោះសាមីខ្លួនខុសពីអត្តសញ្ញាណប័ណ្ណ ហើយខុសបែបនេះ គឺបាត់បង់ការបោះឆ្នោតតែម្ដង។ ចំណែកខុសតិចតួច ដូចជាខុសស្រះជាដើម ដែលខុសនេះកាលពីមុនមានការលើកលែងពី គ . ជ . ប។ ប៉ុន្តែមកទល់ថ្ងៃនេះ គ . ជ . ប មិនទាន់កំណត់ថាការប៉ុនណាអាចលើកលែងបាននោះទេ » ។
លោកស្នើឲ្យប្រជាពលរដ្ឋទៅពិនិត្យឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយប្រសិនបើប្រជាពលរដ្ឋពិនិត្យឃើញមានសរសេរខុសចំណុចណាមួយ ត្រូវប្រញាប់ទាក់ទងទៅក្រុមប្រឹក្សាឃុំ-សង្កាត់កែតម្រូវឡើងវិញឲ្យបានឆាប់ យ៉ាងយូរត្រូវត្រឹមថ្ងៃទី១៤ មករា។
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដែលគ្រប់អាយុបោះឆ្នោតសរុបជាង ៤៧ម៉ឺននាក់ (៤៧៤.៩២៧នាក់) ក្នុងនោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចមានជាង ៣២ម៉ឺននាក់ (៣២៣.៧៣៤នាក់) និងមាន ៦៥ឃុំ-សង្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។