ខិត្តប័ណ្ណរិះគន់មន្ត្រីមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់រាប់រយសន្លឹក ត្រូវជនមិនស្គាល់មុខបាចនៅតាមដងផ្លូវ ក្នុងទីក្រុងព្រះវិហារកាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា កន្លងទៅ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារគឺលោក ឡោ ចាន់។ លោកមានប្រសាសន៍នៅថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ថា ខិត្តប័ណ្ណនោះបានរិះគន់ចំឈ្មោះអនុប្រធានមន្ទីរដែនដីនគរូបនីយកម្មម្នាក់ និងប្រធានភូមិបាលក្រុងព្រះវិហារ ម្នាក់ ថាកំពុងប្រព្រឹត្តអំពើពុករលួយ។
លោក ឡោ ចាន់ បញ្ជាក់ទៀតថា ចាប់តាំងតែពីម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែកក្កដាគឺអ្នកដំណើរតាមដងផ្លូវជាច្រើននាក់បានប្រទះឃើញខិត្តប័ណ្ណនោះនៅរាយប៉ាយពេញដងផ្លូវ៖ «ត្រាក់ហ្នឹង ឥឡូវអាជ្ញាធរ ក៏ដូចជាមន្ត្រីមួយចំនួន កំពុងធ្វើការស៊ើបអង្កេតរកជនមិនស្គាល់អត្តសញ្ញាណដែលបានបោះត្រាក់រាប់រយសន្លឹកនៅដងផ្លូវសាធារណៈមុខសាលាខេត្តព្រះវិហារ»។
ទោះយ៉ាងណាទាំងស្នងការនគរបាល និងអធិការក្រុងព្រះវិហារ មិនបានទទួលទូរស័ព្ទដើម្បីអធិប្បាយជុំវិញរឿងនោះយ៉ាងណានៅឡើយទេ។
លោក ឡោ ចាន់ បានហៅខិត្តប័ណ្ណដែលជនអនាមិកបាចនៅតាមដងផ្លូវនោះថា គឺហាក់ជាសញ្ញាមួយដែលប្រាប់ទៅអាជ្ញាធរខេត្តព្រះវិហារឱ្យចាត់វិធានការច្បាប់ប្រឆាំងនឹងអំពើពុករលួយដូច្នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។