មតិយោបល់ស្ទើរតែទាំងអស់ បានរិះគន់អ្នកដឹកនាំរដ្ឋាភិបាល ថាមិនមានសមត្ថភាពការពារបូរណភាពទឹកដីពីប្រទេសជិតខាង ហើយបែរជាមកគំរាមកំហែងខ្មែរគ្នាឯងដែលមានទឹកចិត្តស្រឡាញ់ជាតិស្រលាញ់ទឹកដីទៅវិញ។ ក្នុងនោះមិត្តអ្នកស្ដាប់ក៏បានរិះគន់លោករដ្ឋលេខាធិការ ផៃ ស៊ីផាន ដែលធ្វើសន្និសីទកាសែតថ្ងៃទី២៨ មីនា គំរាមប្ដឹងវិទ្យុអាស៊ីសេរី ដែលបានផ្សាយរឿងព្រំដែនផងដែរ។
ដំបូងនេះគឺមតិអ្នកអានដែលដាក់ឈ្មោះថា «អាប្រុសតូច»។ អាប្រុសតូច បានចោទសួររដ្ឋាភិបាលថា ហេតុអីក៏រដ្ឋាភិបាលនិយាយធ្ងន់តែខាងលិច? ចុះអាខាងកើតមិននិយាយថា ទាហានបាក់ទឹកចិត្តដែរទៅ? ឬមួយក៏ខាងកើតមិនសូវមានទាហាន? នេះជាការយកលេសរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
ចំណែកអ្នកអានម្នាក់ទៀតដែលដាក់រហស្សនាមថា «ខ្មែរស្នេហាជាតិ» បានបង្ហើបបន្ថែមអំពីតំបន់ដែលចោទថា ថៃរំកិលព្រំដែនចូលដីខ្មែរ ដោយសរសេរថា ពិតមែនហើយបង្គោលព្រំដែននីមួយៗត្រូវថៃ រំកិលទាំងអស់។ ដូចជាច្រកបឹងត្រកួន រំកិល ៣ដង។ ច្រកនីមួយៗតាមព្រំដែន កាលពីមុនមានទំនប់ ឬហៅថា វ៉ៃយ៉ូ ឬលេនដ្ឋាន ហើយ វ៉ៃយ៉ូ នេះ នៅចម្ងាយពីភូមិតាប់ពីយ៉ាចាស់ប្រហែល ៤០០ ទៅ ៥០០ម៉ែត្រ ហើយចំណុចនោះមានដើមស្នាយធំ និងមានដំបូកទៀតផង។ បច្ចុប្បន្នអស់លោកបានជ្រាបដែរទេ? តើបង្គោលនេះចូលមកក្នុងដីខ្មែរប៉ុន្មានគីឡូម៉ែត្រក្នុងទឹកដីខ្មែរ?
ចំណែកអ្នកបញ្ចេញមតិម្នាក់ទៀតដាក់ឈ្មោះថា «ស្ទឹងសង្កែពីបាត់ដំបង» សរសេរថា រដ្ឋាភិបាលមិនដែលទទួលស្គាល់ការបាត់បង់ទឹកដីទៅប្រទេសជិតខាងទេ នេះជាភាពកំសាកមួយដែលមិនអាចទទួលយកបាន។ ចំណែកប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន ពួកគេបាត់បង់ដីធ្លីស្រែចម្ការភូមិកំណើតស្ទើរតែគ្រប់ទីកន្លែង។ ប៉ុន្តែរដ្ឋាភិបាលមិនដែលទទួលស្គាល់ការបាត់បង់នេះទេ មានតែបកស្រាយហាក់បីដូចលើកទឹកចិត្តដល់ការឈ្លានពានពីប្រទេសជិតខាងទៅវិញ។
អ្នកសរសេរអនាមិកម្នាក់ទៀតដាក់ឈ្មោះថា «គណៈរដ្ឋមន្ត្រីខ្មែរពីអាណាចក្រខ្មែរ» សរសេរថា សេរីភាពប្រជាពលរដ្ឋស្រុកខ្មែរ និងស្រុកថៃ ខុសគ្នាស្រឡះដូចមេឃនិងដី។ ប្រជាអធិបតេយ្យស្រុកសៀម អ្នកដឹកនាំរដ្ឋអនុវត្តតាមមតិប្រជារាស្ត្រគេ រីឯប្រជាធិបតេយ្យស្រុកខ្មែរវិញ ប្រជារាស្ត្រលូកដៃដាច់ដៃ លូកអណ្ដាតដាច់អណ្ដាត។
ទាក់ទងរឿងដកតំណែងមេប៉ូលិសប៉ុស្តិ៍ច្រកអូរអែម សង្កាត់បរយ៉ាខា ខេត្តប៉ៃលិន គឺលោក មួន ទឹម ហៅ ញ៉ន ដែលជូនអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ទៅមើលបង្គោលព្រំដែន កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០១៣ ក៏មានលោកអ្នកនាងអ្នកស្ដាប់ច្រើនបានរិះគន់។
អ្នកបញ្ចេញមតិអនាមិកម្នាក់ដាក់ឈ្មោះថា «ខ្មែរម្ចាស់ឆ្នោត» បានចោទសួរថា ពូប៉ូលិសព្រំដែនអត់មានធ្វើអ្វីខុសទេ ហេតុអីក៏ដកគាត់ចេញ? ហើយអ្នកសរសេរម្នាក់ទៀតដាក់រហស្សនាមថា «កូនខ្មែរពីភ្នំពេញ» បានអធិប្បាយថា ការដកតំណែងមេប៉ុស្តិ៍នោះគឺមិនត្រឹមត្រូវ ដោយសរសេរថា គេដកតំណែងគាត់មកពីគាត់ធ្វើខុសបញ្ជាមេ។ មេគេអោយត្រឹមតែការពារ តែគាត់ហ៊ានដើរទៅជិតបង្គោលព្រំដែន បើថៃ រំកិលចូល មេប្រាប់ថា អោយដកថយតាមក្បួនយុទ្ធសាស្ត្រ។ ចំណែកអ្នកបញ្ចេញមតិអនាមិកម្នាក់ទៀតសរសេរថា គ្រាន់តែគ្នាការពារសន្តិសុខអោយអ្នកសារព័ត៌មានទៅមើលបង្គោលព្រំដែន ក៏ដកគ្នាចេញពីតំណែងដែរ យ៉ាប់ណាស់!
អ្នកអានអនាមិកម្នាកទៀតសរសេរថា គួរឲ្យស្រណោះគាត់ណាស់ គាត់ពិតជាគ្មានកំហុសទេហេតុអីប្រទេសយើងមានរឿងយ៉ាងនេះ? សម្រាប់មនុស្សដែលគិតពីផលប្រយោជន៍ជាតិច្រើនតែទទួលទោស។ អ្នកអានអនាមិកម្នាក់ទៀតក៏បានសរសេរថា គ្រាន់តែគាត់ចេះគិតរឿងព្រំដែន ចេះការពារអ្នកកាសែត គេថាខុស ហើយគំរាមកំហែង តែបើការពារក្រុមហ៊ុនប្លន់ដីរាស្ត្រវិញ បែរជាគេលើកទឹកចិត្ត ដំឡើងឋានៈ។ អ៊ីចឹងតើអោយយុវជនខ្មែរគិតជាតិម៉េចទៅ បើសង្គមខ្មែរទៅជាអ៊ីចឹងទៅហើយនោះ...?
ចូលដល់រឿងរិះគន់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៨ មីនា ថារដ្ឋាភិបាលនឹងប្ដឹងវិទ្យុអាស៊ីសេរី ត្រូវបានអ្នកអានរិះគន់ច្រើន ដូចជា អ្នកអានម្នាក់ថា រស់នៅទីក្រុងប៉ារីស ប្រទេសបារាំង បានសរសេរអះអាងថា លោកមិនដែលស្ដាប់វិទ្យុបារាំង RFI ទេ ស្ដាប់តែវិទ្យុអាស៊ីសេរី ហើយរដ្ឋាភិបាលមិនគួរប្ដឹងវិទ្យុអាស៊ីសេរី។
អ្នកអានម្នាក់ទៀត បានហៅលោករដ្ឋលេខាធិការ ផៃ ស៊ីផាន ថា បណ្ឌិតសេក ចេះតែថាតាមគេ ហើយបានដេញលោក ផៃ ស៊ីផាន ឲ្យចុះទៅមើលបង្គោលព្រំដែន ស្រាវជ្រាវរកការពិត ថាតើវិទ្យុអាស៊ីសេរី ផ្សាយពិតឬមិនពិតចាំប្ដឹងក្រោយ។
ចំពោះរឿងព្រំដែននេះដែរ អ្នកអានអនាមិកម្នាក់ទៀតបានសរសេររំលឹកថា គ្រប់គ្នា ទាំងរាជរដ្ឋាភិបាល ទាំងបក្សប្រឆាំង ទាំងប្រជាពលរដ្ឋទូទៅ សុទ្ធតែយល់ថា យកប្រជាពលរដ្ឋធ្វើជារបង ឥឡូវរបងពលរដ្ឋបានឆ្លើយថា មានគេរំកិលចូលហើយ រដ្ឋាភិបាលគួរធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់មុននឹងបន្ទោសសារព័ត៌មាន ព្រោះរឿងនេះជារឿងជាតិ រឿងរបស់យើងទាំងអស់គ្នា បើរាជរដ្ឋាភិបាលចុះអង្កេតទៅឃើញមានភាពមិនប្រក្រតីមែន ឬមិនមែន រាជរដ្ឋាភិបាលអាចចាត់វិធានការ ហើយអាចទទួលបានការគាំទ្រពីសំណាក់អ្នកបោះឆ្នោតថែមទៀតផង។
ចំណែកជនអនាមិកម្នាក់ទៀតបានសរសេរថា រដ្ឋាភិបាលគួរតែជួយជ្រោមជ្រែងពលរដ្ឋខ្មែរអោយទៅបង្កើតភូមិ និងដីស្រែចម្ការនៅជាប់ទល់ដែនទាំងពីរ គឺទល់ដែនខ្មែរ-ថៃ និងទល់ដែនខ្មែរ-វៀតណាម ដើម្បីពួកគាត់អាចជួយយាមជួយមើលថែរក្សាដីខ្មែរផង។
គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរភាគច្រើន ច្រើនប្រតិកម្មខ្លាំងៗ ទាក់ទងរឿងបញ្ហាព្រំដែន។ រឿងនេះ លោក សឺន ស៊ូប៊ែរ្ដិ៍ ឧត្តមប្រឹក្សាព្រះមហាក្សត្រ មានប្រសាសន៍ថា ដោយសារតែខ្មែរមានប្រវត្តិសាស្ត្របាត់បង់ទឹកដីទៅប្រទេសជិតខាង ដូច្នេះប្រជាពលរដ្ឋខ្មែរចេះតែព្រួយបារម្ភខ្លាចកម្ពុជា ដើរជាន់ដានប្រវត្តិសាស្ត្រចាស់ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។