កម្មករកម្មការិនីនៃរោងចក្រចំនួន ៥ បានធ្វើកូដកម្មព្រមគ្នា មិនចូលធ្វើការទេ នៅថ្ងៃទី២០ ខែមីនា។ កម្មករដែលតវ៉ាទាំង ៥រោងចក្រនោះ សរុបជិត ១ម៉ឺននាក់ បានធ្វើកូដកម្មអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដើម្បីទាមទារឲ្យថៅកែគោរពលក្ខខណ្ឌការងារតែគ្មានដំណោះស្រាយ។
កម្មកររោងចក្រដេរសំលៀកបំពាក់ ឌូ ហ៊ឺស (Dew Hirst) ជាង ១ពាន់នាក់ ដែលមានទីតាំងនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាធ្វើកូដកម្មមិនចូលធ្វើការចំនួន ៤ថ្ងៃជាប់គ្នាមកហើយ។
កម្មករផ្នែកជួសជុលម៉ាស៊ីនម្នាក់ក្នុងចំណោមអ្នកតវ៉ា ថ្លែងនៅថ្ងៃទី២០ មីនា ថា មូលហេតុដែលនាំឲ្យពួកគាត់ធ្វើកូដកម្មនេះ គឺកាលពីថ្ងៃទី១ ខែមីនា អាហារថ្ងៃត្រង់ដែលខាងរោងចក្រផ្ដល់ឲ្យពួកគេទទួលទាននោះ គឺគ្មានអនាម័យនាំឲ្យកម្មករខ្លះហូបទៅពុលសន្លប់ និងខ្យល់មានអាការៈចង់ក្អួត ដែលធ្វើឲ្យពួកគេធ្វើការមិនកើត។
បុរសដដែលបន្តថា ពេលនោះថៅកែក្រុមហ៊ុនបានអនុញ្ញាតឲ្យកម្មករឈប់សម្រាក ហើយថានឹងមិនកាត់លុយពីកម្មករចំនួន ២ម៉ោងដែលបានឈប់សម្រាកនោះទេ ប៉ុន្តែក្រោយមកបែរជាចេញបញ្ជីកាត់លុយកម្មករចំនួន ២ម៉ោង និងដាច់ប្រាក់រង្វាន់ថែមទៀត។ លោកថា កម្មករបានធ្វើកូដកម្មតវ៉ាជាបន្តតែគ្មានដំណោះស្រាយពីថៅកែរោងចក្រទេ ហើយថៅកែបែរជាប្ដូរទៅកាត់លុយបំណាច់ឆ្នាំវិញ ដែលដំណោះស្រាយនេះពួកគាត់មិនអាចទទួលយកបាន។
ចំណែកកម្មករនៅរោងចក្រផលិតកេស ឡាំងក្រដាស ឈ្មោះ ហាត់ថា ផាកាធីង (Harta Parkating) ដែលស្ថិតនៅភូមិកន្ទោក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែរ មានកម្មករជិត ២០០នាក់ បានធ្វើកូដកម្មជាង ១ខែមកហើយ ទាមទារឲ្យថៅកែផ្ដល់ប្រាក់អតីតភាពការងារឲ្យពួកគេ។
នាយកផ្នែកផលិតកម្ម លោក ស៊ន បូរ៉ា បានធ្វើកូដកម្មមិនចូលធ្វើការថ្លែងថា មូលហេតុដែលនាំឲ្យពួកគាត់តវ៉ាគឺកាលពីឆ្នាំ២០១២ រោងចក្រនេះបានផ្លាស់ប្ដូរថៅកែពីជនជាតិម៉ាឡេស៊ី ទៅថៅកែជនជាតិជប៉ុន។ ចាប់ពីនោះមក ថៅកែជប៉ុន បានទាមទារឲ្យកម្មករធ្វើការតាមតម្រូវការនឹងស្តង់ដាររបស់ជប៉ុន ដែលកម្មករមិនមានសមត្ថភាពធ្វើ។ បញ្ហានេះនាំឲ្យកម្មករតវ៉ា ហើយថៅកែប្រើវិធីរើសកម្មករថ្មី និងបន្ថែមការងារឲ្យកម្មករចាស់ធ្វើការដែលនាំឲ្យពួកគាត់ទ្រាំមិនបាន។ លោកថា នៅពេលនេះ កម្មករចាស់ៗដែលបានធ្វើការចាប់ពី ៧ឆ្នាំ ទៅ ១០ឆ្នាំ បានធ្វើកូដកម្មទាមទារប្រាក់អតីតភាពការងារពីថៅកែរោងចក្រ ប៉ុន្តែនៅមានភាពមិនត្រូវរ៉ូវគ្នា បើទោះជាមានអន្តរាគមន៍ពីមន្ត្រីស្ថាប័នពាក់ព័ន្ធក៏ដោយ។
ទាក់ទងទៅនឹងការធ្វើកូដកម្មនេះដែរ នៅឯខេត្តកំពង់ស្ពឺ កម្មកររោងចក្រផលិតស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) ជាង ៦ពាន់នាក់ ក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី អះអាងថា ពួកគេនឹងបន្តធ្វើកូដកម្មទៀត ដោយសារការចរចារកដំណោះស្រាយចាប់តាំងពីព្រឹកថ្ងៃទី២០ មីនា រហូតដល់រសៀលថ្ងៃដដែល។
តំណាងកម្មកររោងចក្រ វីង ស្ដារ ស៊ូ កញ្ញា បិន ស្រីមុំ បានថ្លែងថា ការចរចារវាងភាគីតំណាងរោងចក្រ តំណាងកម្មករ និងមន្ត្រីមន្ទីរការងារ ក្រសួងការងារ និងសហជីព ពុំមានដំណោះស្រាយអ្វីនោះទេ។ កញ្ញាថា កម្មករស្នើសុំបន្ថែមលុយថ្លៃធ្វើដំណើរ ២ដុល្លារ និងលុយថ្លៃបាយ ២ដុល្លារលើលុយដែលមានស្រាប់ ១០ដុល្លារក្នុងមួយខែ ក៏ត្រូវភាគីថៅកែមិនយល់ព្រមដែរ។
ទន្ទឹមនឹងគ្នានេះដែរ កម្មករនៅរោងចក្រចំនួនពីរទៀត គឺរោងចក្រ កាល់លីស្តូ អឺភើរៀល (Callito Apparel) និងរោងចក្រ មូន អឺភើរៀល (Moon Apparel) ក្នុងខណ្ឌពោធិសែនជ័យ ក៏កំពុងធ្វើកូដកម្មទាមទារឲ្យថៅកែរោងចក្រទទួលយកថ្នាក់ដឹកនាំសហជីព និងកម្មករចំនួន ៥នាក់ ឲ្យចូលធ្វើការវិញ និងផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ តែពុំមានការឆ្លើយតបពីថៅកែរោងចក្រនៅឡើយ។
សហជីពអន្តរជាតិនឹងធ្វើសន្និសីទព័ត៌មានអំពីកង្វល់របស់កម្មករនៅថ្ងៃ២១ មីនា
សហជីពអន្តរជាតិ(ITUC)និងសមាជិកតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងសហជីពកម្ពុជា មួយចំនួន នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅរសៀលថ្ងៃទី២១ មីនា នាសណ្ឋាគារសាន់វ៉េ (Sunway) រាជធានីភ្នំពេញ ដើម្បីបង្ហាញអំពីកង្វល់របស់កម្មករដល់រដ្ឋាភិបាលនិងនិយោជកនៅកម្ពុជា ដើម្បីឲ្យជួយដោះស្រាយ។
សហភាពសហព័ន្ធសហជីពជាតិកម្ពុជា លោក ជួន មុំថុល បញ្ជាក់នៅថ្ងៃទី២០ មីនា ថា លោកមិនមានអ្វីលើកឡើងក្នុងសន្និសីទសារព័ត៌មាននោះទេ ព្រោះលោកយល់ថា សេរីភាពកម្មករនៅកម្ពុជា បានប្រសើរច្រើនហើយ ដូចជាសព្វថ្ងៃ នៅកម្ពុជា មានសហជីពកម្មករដល់ទៅ៤ ក្នុងរោងចក្រ១។
ទោះយ៉ាងណា សេចក្ដីប្រកាសព័ត៌មានសហភាពការងារកម្ពុជា ចុះថ្ងៃទី២០ មីនា ប្រកាសថា សហជីពកម្មករនានា នឹងលើកឡើងអំពីបញ្ហារំលោភសិទ្ធិការងារកម្មករ សេរីភាពសហជីពសមាគម និងការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករនិងនិយោជិកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។