សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ខួប​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​នៅ​វត្ត​សាមគ្គីរង្សី

0:00 / 0:00

សាលា​រាជធានី​ភ្នំពេញ នឹង​មិន​អនុញ្ញាត​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ខួប​លើក​ទី​៦៥ ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា នៅ​វត្ត​សាមគ្គីរង្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ឡើយ។ ការ​មិន​អនុញ្ញាត​នេះ ធ្វើ​ឡើង​បើ​ទោះ​បី​ជា​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​សម្រេច​ឈប់​ស្នើសុំ​យក​ទីធ្លា​សួនច្បារ​នៅ​មុខ​វត្ត​បទុមវតី ដើម្បី​ធ្វើ​ជា​កន្លែង​ប្រារព្ធ​ពិធី​ហើយ​ក៏ដោយ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អាច​អនុញ្ញាត​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​បុណ្យ​បាត់​បង់​ទឹក​ដី នៅ​វត្ត​សាមគ្គីរង្សី បាន​ឡើយ ដោយ​លោក​អះអាង​ថា សព្វថ្ងៃ​វត្ត​នេះ​កំពុង​មាន​ប្រជាពលរដ្ឋ​ទាមទារ​ដីធ្លី​មក​ពី​ខេត្ត​ក្រចេះ កំពុង​ស្នាក់​នៅ។

លោក ឡុង ឌីម៉ង់៖ «យើង​បាន​សម្រេច​ថា យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ជួប​ជុំ​គ្នា ធ្វើ​នៅ​វត្ត​សាមគ្គីរង្សី ហ្នឹង​ទេ ដោយសារ​មក​ពី​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា រាល់​ថ្ងៃ​នេះ​នៅ​វត្ត​សាមគ្គីរង្សី កំពុង​តែ​មាន​បញ្ហា​ខ្លះ ដោយសារ​តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ គាត់​កំពុង​ស្នាក់​នៅ​ហ្នឹង ទាមទារ​អី​ណា​របស់​គាត់​ហ្នឹង អ៊ីចឹង​ទេ យើង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ស្អី​ជាន់​គ្នា​ដូច​អ៊ីចឹង​ទេ»

ទោះ​ជា​យ៉ាង​ក៏ដោយ អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​អនុញ្ញាត​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រៀប​ចំ​ពិធី​បុណ្យ​បាត់​បង់​ទឹក​ដី​នេះ​នៅ​តាម​ទីស្នាក់ការ​របស់​អង្គការ​សមាគម​រៀងៗ​ខ្លួន​វិញ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​រំលឹក​ខួប​ប្រវត្តិសាស្ត្រ​នេះ​នៅ​ទីធ្លា​សួនច្បារ​មុខ​វត្ត​បទុមវតី ប៉ុន្តែ​ពុំ​ឃើញ​មាន​ការ​ឆ្លើយ​តប​អ្វី​ឡើយ ទើប​កាល​ពី​ពេល​ថ្មីៗ​នេះ ពួក​គេ​បាន​សម្រេច​ចិត្ត​ស្នើសុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ពិធី​នេះ​នៅ​វត្ត​សាមគ្គីរង្សី វិញ​ម្តង។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ការ​ដែល​លោក​ស្នើសុំ​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើ​ការ​ជួបជុំ​នៅ​វត្ត​សាមគ្គីរង្សី វិញ​នោះ ដោយសារ​លោក​យល់​ឃើញ​ថា អាជ្ញាធរ​មាន​ការ​យឺតយ៉ាវ​ខ្លាំង​ពេក​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ពួក​លោក ដែល​ករណី​នេះ​លោក​ថា អាច​នឹង​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​មាន​ការ​ពិបាក​ក្នុង​ការ​រៀបចំ។ ហើយ​មួយ​វិញ​ទៀត លោក​ហាក់​ពុំ​មាន​សង្ឃឹម​ថា អាជ្ញាធរ​នឹង​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​នៅ​មុខ​វត្ត​បទុមវតី ឡើយ។ លោក ថាច់ សេដ្ឋា ចាត់​ទុក​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​កម្ពុជា នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ជា​ការ​ប៉ុនប៉ង​លុប​បំបាត់​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ​តែ​ម្តង។

​លោក ថាច់ សេដ្ឋា៖ «ថ្ងៃ ៤ មិថុនា វា​ហាក់​ដូច​ជា​ថ្ងៃ​សត្រូវ​របស់​យួន​ផង​ដែរ យើង​រំលឹក​ថ្ងៃ​៤ មិថុនា ហ្នឹង យួន​តែងតែ​មាន​ការ​បន្ទច់បង្អាក់​មិន​ចង់​ឲ្យ​យើង​មាន​ទាល់​តែ​សោះ។ ហើយ​ឥឡូវ​ហ្នឹង រដ្ឋាភិបាល​ខ្មែរ​បែរ​ជា​ធ្វើ​ដូច​អ្វី​ដែល​យួន​មាន​បំណង​លុប​បំបាត់ មិន​ឲ្យ​យើង​រំលឹក​ដល់​ថ្ងៃ​នៃ​ការ​បាត់​បង់​ទឹក​ដី​របស់​យើង ថ្ងៃ​ដែល​ជា​អនុស្សាវរីយ៍​ដ៏​ឈឺ​ចាប់​របស់​ខ្មែរ។ អ៊ីចឹង​យើង​ជា​កូន​ខ្មែរ យើង​មិន​អាច​ដក​ថយ​ទេ​នូវ​អ្វី​ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​យើង ត្រូវ​តែ​ជម្នះ​ធ្វើ​ឲ្យ​បាន​ជា​ដាច់​ខាត»

លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​សម្រេច​ថា តើ​នឹង​ត្រូវ​រៀបចំ​ពិធី​រំលឹក​ខួប​នេះ​នៅ​ទីកន្លែង​ណា​ឲ្យ​ពិត​ប្រាកដ? ទោះ​យ៉ាង​ណា លោក​ថា ខ្មែរ​ក្រោម​នៅ​តែ​ចង់​ប្រារព្ធ​ពិធី​នេះ​នៅ​វត្ត​សាមគ្គីរង្សី ដដែល។

តាម​គម្រោង ពិធី​បុណ្យ​នេះ​នឹង​មាន​ព្រះសង្ឃ​ប្រមាណ ២​ពាន់​អង្គ​ចូលរួម ហើយ​វេទិកា​សាធារណៈ​ស្ដីពី​បញ្ហា​ខ្មែរ​ក្រោម អាច​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ថ្ងៃ​ដដែល​នោះ​ផង​ដែរ។ កន្លង​មក អតីត​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​តែង​បញ្ជូន​ព្រះរាជ​តំណាង​របស់​ព្រះអង្គ ឲ្យ​ចូលរួម​ជា​អធិបតី។ ក្រៅ​ពី​នោះ ព្រះអង្គ​ក៏​បាន​ប្រទាន​ថវិកា​មួយ​ចំនួន​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រៀបចំ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដែរ។ ចំណែក​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ក៏​តែង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ដែរ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​បញ្ជូន​តំណាង​រាស្ត្រ​របស់​ខ្លួន​ទៅ​ចូលរួម​ម្តង​ណា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។