សង្គម​ស៊ីវិល៖ ប្រាក់​ជំនួយ​សហភាព​អឺរ៉ុប​ជួយ​អ្នក​មាន​អំណាច​កាន់​តែ​មាន​អំណាច​ខ្លាំង

0:00 / 0:00

សង្គម​ស៊ីវិល​រិះគន់​ចំពោះ​ប្រាក់​ជំនួយ​របស់​សហភាព​អឺរ៉ុប ថា​បាន​ជួយ​លើក​កម្ពស់​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា តិចតួច។ ទឹក​ប្រាក់​ជំនួយ​នោះ​បាន​ជួយ​ដល់​ក្រុម​អ្នក​មាន​អំណាច​កាន់​តែ​មាន​អំណាច​ខ្លាំង​ឡើង ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​រង​ទុក្ខ​វេទនា ក្នុង​នោះ​រួម​មាន ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​កើន​ឡើង​ក្រុម​អ្នក​ងាយ​រងគ្រោះ និង​ប្រជាពលរដ្ឋ​ក្រីក្រ ជាដើម។

សហភាព​អឺរ៉ុប ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​មួយ​របស់​កម្ពុជា ដែល​បាន​បញ្ចេញ​ទឹក​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ភាគ​ច្រើន​នៃ​ទឹក​ប្រាក់​ទាំង​នោះ គឺ​ជា​ជំនួយ​ឥត​សំណង។

ក្រៅ​ពី​នេះ គម្រោង​អភិវឌ្ឍន៍​ចំនួន ៧០​ផ្សេង​ទៀត​របស់​សហភាព​អឺរ៉ុប កំពុង​ដំណើរ​ការ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​សមាមាត្រ​ទឹក​ប្រាក់​ជិត ១០០​លាន​ដុល្លារ​អាមេរិក។ សហភាព​អឺរ៉ុប ក៏​បាន​ផ្ដល់​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ទៀត ជួយ​អភិវឌ្ឍ​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​អនុគ្រោះ​ពន្ធ​គយ។

ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​កិច្ចការ​អភិវឌ្ឍន៍​ពី​ការ​ប្រើប្រាស់​ជំនួយ​បរទេស សង្កេត​ឃើញ​ថា ទឹក​ប្រាក់​ជំនួយ និង​ប្រាក់​កម្ចី​របស់​សហភាព​អឺរ៉ុប បាន​ប្រើប្រាស់​ខុស​គោលដៅ និង​ខ្វះ​ការ​ត្រួត​ពិនិត្យ​រវាង​ម្ចាស់​ជំនួយ និង​អ្នក​អនុវត្តន៍។

នាយក​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា លោក​អបអរ​សាទរ​ចំពោះ​ទឹក​ប្រាក់​ជំនួយ​របស់​សហភាព​អឺរ៉ុប ដើម្បី​ចូលរួម​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ ប៉ុន្តែ លោក​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​មួយ​ចំនួន ដូចជា ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​កើន​ឡើង​ក្រុម​អ្នក​ងាយ​រងគ្រោះ​ពី​គោល​នយោបាយ​របស់​សហភាព​អឺរ៉ុប។

«សំឡេង»

លោក អៀង វុទ្ធី មាន​ប្រសាសន៍​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា ចង់​បាន​ច្រើន​បំផុត គឺ​ការ​ផ្ដល់​ប្រាក់​ជំនួយ​ដោយ​គ្មាន​លក្ខខណ្ឌ ដែល​ងាយ​ស្រួល​ក្នុង​ការ​យក​ប្រើប្រាស់​តាម​វិធី​ណា​ក៏​បាន។ ជាក់ស្ដែង រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​ប្រកាស​រិះគន់​ធនាគារ​ពិភពលោក (World Bank) កន្លង​ទៅ​ថា ធនាគារ​នេះ​មាន​លក្ខខណ្ឌ​ស្មុគស្មាញ​ពេក​ក្នុង​ការ​ស្នើសុំ​ប្រាក់​ជំនួយ​អភិវឌ្ឍន៍។

បន្ថែម​លើ​នេះ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​ជំនួយ​បរទេស​នៅ​កម្ពុជា ហាក់​មាន​ភាព​មិន​ប្រក្រតី ដូច​មាន​ឧទាហរណ៍​ស្រាប់​អំពី​រឿង​អំពើ​ពុក​រលួយ​នៃ​មូលនិធិ​សកល ក្នុង​ការ​ជួយ​គាំទ្រ​វិស័យ​សុខាភិបាល ជាដើម។ លោក​បញ្ជាក់​ថា មាន​រឿង​ជាច្រើន​ទៀត​ដែល​មាន​ការ​លាក់​បាំង ដោយសារ​ការ​សហការ​គ្នា​រវាង​អ្នក​ទទួល​ជំនួយ អ្នក​អភិវឌ្ឍន៍ និង​ភាព​ទន់​ខ្សោយ​នៃ​ការ​ត្រួត​ពិនិត្យ​ប្រាក់​ជំនួយ​បរទេស។

«សំឡេង»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទឹក​ប្រាក់​ជំនួយ និង​កម្ចី​របស់​សហភាព​អឺរ៉ុប មិន​ទាន់​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៅ​ឡើយ ចាប់​តាំង​ពី​ក្រុម​ប្រទេស​នេះ​បាន​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​កម្ពុជា។

គិត​ពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០១៣ សហភាព​អឺរ៉ុប បាន​ផ្ដល់​ជំនួយ​យ៉ាង​ហោច​ណាស់ ៧០០​លាន​ដុល្លារ​អាមេរិក ដែល​ជួយ​លើ​ផ្នែក​អប់រំ មនុស្សធម៌ បរិស្ថាន សិទ្ធិ​មនុស្ស និង​គាំទ្រ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដើម្បី​ជួយ​អភិវឌ្ឍ និង​ស្ដារ​ឡើង​វិញ ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កំពុង​អនុវត្ត។

ប៉ុន្តែ សង្គម​ស៊ីវិល​នៅ​តែ​ចង់​ឲ្យ​សហភាព​អឺរ៉ុប មាន​យន្តការ​តាម​ដាន​ការ​ប្រើប្រាស់​ជំនួយ​របស់​ខ្លួន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត ហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean François CAUTAIN) មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​នៅ​កំឡុង​ខែ​ឧសភា ឆ្នាំ​២០១៤ ថា ដើម្បី​ធានា​ថា ប្រាក់​ជំនួយ​នេះ​ត្រូវ​ប្រើប្រាស់​ប្រកប​ដោយ​តម្លាភាព និង​ត្រឹមត្រូវ​នោះ សហភាព​អឺរ៉ុប តែង​តែ​ធ្វើ​ការ​វាយ​តម្លៃ​គម្រោង​ទាំងអស់​នោះ​ជា​ប្រចាំ និង​មាន​ធ្វើ​សវនកម្ម​ដោយ​អង្គភាព​ឯករាជ្យ។ បន្ថែម​លើ​នេះ ទឹក​ប្រាក់​ជំនួយ​របស់​សហភាព​អឺរ៉ុប តែង​ផ្ដោត​សំខាន់​លើ​ការ​កាត់​បន្ថយ​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា។

លោក កូតាំង បញ្ជាក់​ទៀត​ថា សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​ទាំងអស់ គ្រោង​នឹង​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​ដល់​ប្រទេស​កម្ពុជា រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់​ពី​ឆ្នាំ​២០១៤ ត​ទៅ។

របាយការណ៍​របស់​សហភាព​អឺរ៉ុប ដោយ​មិន​រួម​បញ្ចូល​សមាជិក​ទាំង ២៨​ប្រទេស គ្រោង​នឹង​ផ្ដល់​ទឹក​ប្រាក់ ៦០០​លាន​ដុល្លារ​អាមេរិក ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ ដែល​ផ្ដោត​សំខាន់​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។ សហភាព​អឺរ៉ុប ជឿជាក់​ថា ទឹក​ប្រាក់​នេះ​នឹង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកប​ដោយ​និរន្តរភាព។ ក្រៅ​ពី​នេះ សហភាព​អឺរ៉ុប គ្រោង​នឹង​គាំទ្រ​ដល់​សង្គម​ស៊ីវិល ដែល​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។

ដោយ​ឡែក ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ទាំង​២៨ គ្រោង​នឹង​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ ដើម្បី​ជួយ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ចតុកោណ​អាណត្តិ​ទី​បី។

ទោះ​បី​ជា​សហភាព​អឺរ៉ុប បាន​ផ្ដល់​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​អភិវឌ្ឍ​កម្ពុជា ក៏ដោយ ប៉ុន្តែ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាច្រើន បាន​រក​ឃើញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ការ​អភិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ។

ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ពេលវេលា​កំណត់​ពី​រដ្ឋ​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ រហូត​ដល់​បច្ចុប្បន្ន។ បន្ថែម​លើ​នេះ ស្ថាប័ន​ស្រាវជ្រាវ​អភិវឌ្ឍន៍​នៅ​កម្ពុជា បាន​រក​ឃើញ​ក្រុម​អ្នក​ងាយ​រងគ្រោះ រួម​មាន អ្នក​មាន​ដី​តិច​ជាង​មួយ​ហិកតារ អ្នក​ក្រីក្រ​ដែល​មិន​អាច​រក​ចំណូល​បាន ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ ប្រជាពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​មាន​ចំនួន ១១​លាន​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា សរុប ១៥​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។