ហ្វេសប៊ុក​ក្លាយ​ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន

0:00 / 0:00

បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ត្រូវ​បាន​ទទួល​ស្គាល់​ថា មាន​តួនាទី​ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន ជាង​ប្រភព​ព័ត៌មាន​ដែល​ពួក​គេ​ទទួល​បាន​ពី​ទូរទស្សន៍ និង​វិទ្យុ​ដូច​ឆ្នាំ​កន្លង​ទៅ។

ចំណែក​ប្រមុខ​រដ្ឋាភិបាល ក៏​ប្រកាស​យក​បណ្ដាញ​ទំនាក់ទំនង​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​របស់​ពលរដ្ឋ។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នេះ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម មើល​ឃើញ​ថា ភាព​អវិជ្ជមាន​មួយ​ចំនួន​នៃ​ការ​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​បន្ត​កើត​មាន​ដែល​គួរ​កែប្រែ​ផង​ដែរ។

តើ​ភាព​រីក​ចម្រើន និង​ភាព​អវិជ្ជមាន​នៃ​ការ​ប្រើប្រាស់​ហ្វេសប៊ុក​មាន​អ្វី​ខ្លះ​ដែល​គួរ​បន្ត និង​កែប្រែ?

ការ​សិក្សា​ថ្មី​មួយ​របស់​ វិទ្យាស្ថាន​បើក​ទូលាយ​នៅ​ឆ្នាំ២០១៦​នេះ បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​បាន​ទទួល​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណេត (Internet) ជា​ពិសេស​គឺ​ហ្វេសប៊ុក ជាង​ប្រភព​ព័ត៌មាន​ពី​ទូរទស្សន៍ និង​វិទ្យុ។ ការ​សិក្សា​នេះ​​ធ្វើ​ឡើង​ក្នុង​ចំណោម​មនុស្ស​ជាង​២ពាន់​នាក់ (២.០៦១) ដែល​មាន​អាយុ​ចាប់​ពី១៥​ឆ្នាំ ដល់​៦៥​ឆ្នាំ។ របាយការណ៍​សិក្សា​នេះ​រក​ឃើញ​ថា ៣០​ភាគរយ​នៃ​ពួកគេ​បាន​ចាត់​ទុក​ហ្វេសប៊ុក​ជា​ប្រភព​ព័ត៌មាន​សំខាន់ ខណៈ​២៩​ភាគរយ​​នៅ​ទទួល​ព័ត៌មាន​ពី​ទូរទស្សន៍ និង​១៥​ភាគរយ​ពី​វិទ្យុ។ ការ​សិក្សា​ដូចគ្នា​នេះ​ កាល​ពី​បី​ឆ្នាំ​ជាប់​គ្នា​កន្លង​ទៅ រក​ឃើញ​ថា ទូរទស្សន៍​និង​វិទ្យុ​​នៅតែ​ជា​ប្រភព​ព័ត៌មាន​សម្រាប់​ពលរដ្ឋ​កម្ពុជា។

សន្ទុះ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​បាន​កើន​ឡើង​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ បច្ចុប្បន្ន​អ្នក​​ ប្រើប្រាស់​​ហ្វេសប៊ុក នៅ​កម្ពុជា​មាន​ជាង​៣​លាន (៣.៤០០.០០០) នាក់ ហើយ​ភាគ​ច្រើន​នៃ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ទាំង​អស់ គឺ​ជា​និស្សិត​ដែល​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ។

ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ដ៏​ក្ដៅ​គគុក​នៅ​ពេល​នោះ មេ​បក្ស​​ប្រឆាំង​គឺ​លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅ​ប្រទេស បាន​ចាប់​ផ្ដើម​យក​ហ្វេសប៊ុក ជា​វេទិកា​ឃោសនា​សារ​នយោបាយ​របស់​ខ្លួន រួម​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​បន្ត​ពី​បណ្តាញសារ​ព័ត៌មាន​ដទៃ​ទៀត។ តែ​ក្រោយ​ការ​បោះ​ឆ្នោត​ និង​ប្រកាស​លទ្ធផល​ដ៏​ចម្រូងចម្រាស ដែល​គណបក្ស​​ប្រឆាំង​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​​​នោះ ហ្វេសប៊ុក​បាន​ក្លាយ​ជា​កន្លែង​វាយ​ប្រហារ​ពាក្យ​សម្ដី​គ្នា​រវាង​អ្នក​មាន​និន្នាការ​ទៅ​រក​​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ។

ចំណែក​គណបក្ស​កាន់​អំណាច​បន្ទាប់​ពី​ចាញ់​អាសនៈ​សភា​អស់ ២២​កៅអី​ទៅ​បក្ស​ប្រឆាំង ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ រួច​មក ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ចាប់​ផ្ដើម​​ប្រកាស​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​យក​ប្រៀប​លើ​គូប្រជែង​ឡើង​វិញ ដោយ​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ទាំងអស់ ចេះ​ទាញ​យក​ផល​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ជាដើម។

នៅ​ដើម​ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ក្រសួង​រដ្ឋ បង្កើត​គណៈកម្មការ​តាម​ដាន​ហ្វេសប៊ុក​របស់​លោក ដើម្បី​ជួយ​ធ្វើ​សកម្មភាព​ឆ្លើយ​តប​នឹង​ការ​សំណូមពរ​របស់​ពលរដ្ឋ ដើម្បី​ប្រែ​ក្លាយ​ប្រព័ន្ធ​រដ្ឋបាល​ការងារ​រដ្ឋ ទៅ​ជា​រាជ​រដ្ឋាភិបាល​អេឡិចត្រូនិក (e-government) ជាដើម។

បច្ចុប្បន្ន​ទាំង​លោក ហ៊ុន សែន ទាំង​លោក សម រង្ស៊ី តែង​តែ​ប្រើប្រាស់​ហ្វេសប៊ុក​នេះ​ចែកចាយ​រាល់​ព័ត៌មាន​ពី​ការ​ងារ​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​តែង​ខ្វែង​គំនិត​គ្នា​​ពី​ចំនួន​​អ្នក​ចុច​ចូលចិត្ត​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ពួកគេ​ផង។ គិត​មក​ដល់​​ចុង​ឆ្នាំ​២០១៦​នេះ ហ្វេសប៊ុក​លោក ហ៊ុន សែន មាន​អ្នក​ចូលចិត្ត(Likes) ជាង​៦​លាន​នាក់ (៦.៤៩០.៦៦៥) ខណៈ​ហ្វេសប៊ុក​លោក សម រង្ស៊ី មាន​អ្នក​ចូលចិត្ត ជាង​៣​លាន​នាក់ (៣.៥០៤.៧៤៣)។

អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ទទួល​ស្គាល់​ថា ហ្វេសប៊ុក​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ផ្ដល់​ព័ត៌មាន ដោយសារ​ភាគ​ច្រើន​នៃ​ពលរដ្ឋ​មាន​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន(Smartphone) ដែល​អាច​ទទួល​ព័ត៌មាន​ពី​បណ្ដាញ​ទំនាក់ទំនង​នេះ​គ្រប់​ពេល។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា វា​គឺ​ជា​អាវុធ​មុខ​ពីរ បើ​ខ្លឹម​សារ​ព័ត៌មាន​ដែល​ត្រូវ​បាន​ចែកចាយ​ទាំង​នោះ ដោយ​ពលរដ្ឋ​ដែល​គ្រាន់​តែ​ចែកចាយ​ជា​រូបភាព​និង​សរសេរ​បន្តិច​បន្តួច​តាម​អ្វី​ដែល​ពួកគេ​បាន​ឃើញ ឬ​អ្នក​ខ្លះ​ទៀត​ធ្វើ​ឡើង​ដើម្បី​បំផុស​បំផុល​អ្វី​មួយ​ប៉ុណ្ណោះ។ ---សំឡេង--- «អ្នក​​ខ្លះ​គេ​បង្ហោះ​អំពី​អ្វី​ជា​ចំណុច​ល្អ ចំណុច​វិជ្ជមាន​ដែល​ស្ថាប័ន​សាធារណៈ​អនុវត្ត​បាន​នោះ។ តែ​យើង​គិត​ថា ទាំង​អស់​នឹង​វា​ច្របូកច្របល់​គ្នា ជាមួយ​ការ​លើក​ឡើង​ជា​ពាក្យ​ពេជ្រ ញុះញង់​លាយឡំ​គ្នា​ពេញ​នឹង យើង​ពិបាក​ដែរ។ តាម​ទស្សនៈ​របស់​ខ្ញុំ ! អ្នក​ដែល​មើល​អត្ថបទ ឬ​វីដេអូ​ព័ត៌មាន​តាម​ប្រព័ន្ធ ( ហ្វេសប៊ុក ) នេះ គួរ​តែ​ផ្អែក​លើ​អ្វី​ដែល​ផលិត​ដោយ​អង្គការ​ព័ត៌មាន​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ ដូចជា​អាស៊ីសេរី ដូចជា​ទូរទស្សន៍​ក្នុង​ស្រុក​មាន​ស៊ីធីអីន (CTN) បាយ័ន និង​អាស៊ីអាគ្នេយ៍ ។ល។»។

បច្ចុប្បន្ន​ទំព័រ​ហ្វេសប៊ុក​អង្គភាព​ព័ត៌មាន​​នៅ​កម្ពុជាចំនួន​៤​ ដែល​មាន​អ្នក​ចូល​ចិត្ត​ច្រើន​ជាង​គេ ចាប់​ពី​ជាង​២លាន ដល់​ជិត​៥លាន​នាក់ ក្នុង​​វិទ្យុ​​សំឡេង​សហរដ្ឋ​អាមេរិក កាសែត​ភ្នំពេញ​ប៉ុស្តិ៍ វិទ្យុ​អាស៊ីសេរី​ និង​វិទ្យុ​បារាំង​អន្តរជាតិ ។ នេះ​បើ​តាម​ទិន្នន័យ​​គេហទំព័រ​សូសល បេកឃ័រ ( Socialbakers)។

ដោយឡែក​ទំព័រ​ហ្វេសប៊ុក​របស់​អាស៊ីសេរី​ផ្សាយ​ជា​ភាសាខ្មែរ រហូត​មក​ដល់​ចុង​ឆ្នាំ​២០១៦​នេះ មាន​អ្នក​ចូលចិត្ត(Likes) ជិត​៤​លាន​នាក់ (៣.៦៧៨.៤២២) ក្នុង​នោះ​​មាន​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ជិត​៣លាន​នាក់ (២.៨២៩.៤៩៤) ពី​ប្រទេស​ថៃ​ជាង​២០​ម៉ឺន​នាក់ ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជាង​៣​ម៉ឺន​នាក់ និង​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ប្រមាណ​៥០​ម៉ឺន​នាក់។

មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ អាស៊ីសេរី​បាន​បង្កើត​ទូរទស្សន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​បន្ថែម​ទៀត​សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន លើស​ពី​ការ​ផ្សាយ​ព័ត៌មាន​ជា​សំឡេង​​វិទ្យុ​ស្ដីពី​ប្រទេស​កម្ពុជា​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ។

នៅ​ពេល​ដែល​មាន​បណ្ដាញ​ទំនាក់ទំនង​ដ៏​ធំ​មួយ​នេះ​កើត​ឡើង​ក្នុង​ប្រទេស​មក មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​មាន​លទ្ធភាព​ចែកចាយ​ព័ត៌មាន​ដែល​ខ្លួន​បាន​ដឹង ចំណេះដឹង​នានា​របស់​ខ្លួន​កាន់​តែ​ទូលំទូលាយ​សម្រាប់​សាធារណជន និង​មិត្ត​ភក្ដិ​របស់​ខ្លួន​ជាដើម។ លើស​ពី​នេះ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ក៏​បាន​លើកឡើង​នូវ​កង្វល់​របស់​ខ្លួន ដើម្បី​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះស្រាយ​ផង។

ចំពោះ​មតិ​យោបល់​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​នេះ មក​កាន់​ទំព័រ​ហ្វេសប៊ុក​អាស៊ីសេរី ក្នុង​រយៈពេល​១ឆ្នាំ​ចុងក្រោយ​នេះ មាន​ច្រើន​ឥត​គណនា ទាំង​មតិ​គាំទ្រ មតិ​បន្តុះ​បង្អាប់ ដោយ​អ្នក​ខ្លះ​ខឹង​សម្បារ ជេរ​ប្រមាទ ប៉ុន្តែ​​មាន​មតិ​ភាគច្រើន​បាន​​ស្នើ​សុំ និង​​បញ្ចេញ​យោបល់​ជា​គំនិត​ល្អ​ៗ ដើម្បី​រិះគន់​ស្ថាបនា​ផង ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ផ្ដល់​មតិ​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល ឲ្យ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​ដែល​ពួកគេ​ចាត់​ទុក​ថា អយុត្តិធម៌​សម្រាប់​សង្គម​ជាតិ​ជាដើម។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Angkor Wat សរសេរ​ថា គាត់​ចូលចិត្ត​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​អាស៊ីសេរី ពីព្រោះ​មាន​បងប្អូន​ខ្មែរ​ខ្លះ​អត់​ចេះ​អាន​អក្សរ ដូច្នេះ​ពួកគាត់​អាច​ស្ដាប់​ហើយ​និង​យល់​បាន។ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ កាំបិត នាគ ថា ទូរទស្សន៍​អាស៊ីសេរី​គឺ​ជា​អាហារ​ពេល​ល្ងាច​សម្រាប់​ក្រុម​គ្រួសារ​និង​ញាតិ​មិត្ត​របស់​គាត់។ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ Seara Long សរសេរ​ថា គាត់​ចង់​ឲ្យ​អាស៊ីសេរី​មាន​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សាយ​​ដូច​ទូរទស្សន៍​ក្នុង​ស្រុក។ រីឯអ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ Sokhom Prins ថា អាស៊ីសេរី​គួរ​ដូរ​ម៉ោង​ផ្សាយ​កម្មវិធីទូរទស្សន៍​មក​ម៉ោង​ព្រលប់​ជាង​នេះ​បន្តិច ព្រោះម៉ោង៨-៩យប់ អ្នកស្រុក​ភូមិ​ដែល​នឿយ​ហត់​ពី​ការងារ​សម្រាក​លង់លក់អស់ហើយ។ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ ឈឿន រ៉ាវី ថា អាស៊ីសេរី ជា​វិទ្យុ​មួយ​ដែល​រដ្ឋាភិបាល​ខ្លាច​បំផុត និង​តែង​រក​វិធី​កម្ចាត់​ចោល។

ដោយឡែក​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ វ៉ាន់ដេត ទៀង បាន​សរសេរ​លើ​កម្មវិធី​ផ្សាយ​​ពី​ករណី​ឃាតកម្ម​លោក​បណ្ឌិត​កែម ឡី កាល​ពី​យប់​ថ្ងៃ​ទី​១០ កក្កដា​ថា ឃាតកម្មលើលោកកែម ឡី ពិត​ប្រាកដ​មាន​អ្នក​នៅ​ពីក្រោយ ព្រោះ​លោក​កែម ឡី បាន​និយាយ​ការ​ពិត​ដែល​ទាក់ទង​ទៅ​នឹង​ស្ថានការណ៍​សព្វ​ថ្ងៃ​នេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Rorn Sarann ថា​អាស៊ីសេរី​លម្អៀង​ទៅ​បក្ស​ប្រឆាំង និងលែង​អព្យាក្រិត្យ​ទៀត​ហើយជាដើម។ ​

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ការ​ធ្លាប់​ចុះ​នូវ​ជំនឿ​ទុក​ចិត្ត​របស់​ពលរដ្ឋ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នេះ ហើយ​ងាក​មក​ជឿ​លើ​ការ​ផ្សាយ​របស់​ស្ថាប័ន​ព័ត៌មាន​តាម​រយៈ​ហ្វេសប៊ុក ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​​ពេល​ខ្លះ​ផ្សាយ​កុហក ឬ​បិទបាំង​ការ​ពិត​មិន​ព្រម​ផ្សាយ​ជាដើម។ លោក​លើក​ឧទាហរណ៍​ជាក់ស្ដែង​ចំពោះ​ព្រឹត្តិការណ៍​ដង្ហែ​សព​បណ្ឌិត កែម ឡី អ្នក​វិភាគ​ល្បីល្បាញ ថា ទូរទស្សន៍​ក្នុង​ស្រុក​ភាគ​ច្រើន​ស្ទើរ​ទាំង​អស់​មិន​ផ្សាយ​ពី​ព័ត៌មាន​នោះ​ទេ៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ដែល​ពី​ដើម​មក​ ធ្លាប់​តែ​និយាយ​ទៅ​​គឺ​មាន​ឥទ្ធិពល​លើ​ពលរដ្ឋ​ និង​ជា​ការ​ផ្សព្វផ្សាយ​ពី​ភាព​រីកចម្រើន​របស់​ខ្លួន ហើយ​លាក់​បាំង​​បញ្ហា​សំខាន់ៗ ហើយ​ជួន​កាល​បញ្ហា​កើត​ឡើង​ផ្អើល​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​អត់​មាន​វិទ្យុ និង​ទូរទស្សន៍​រដ្ឋ​ណា​ផ្សាយ​។ តែ​បើ​ផ្សាយ​គឺមិន​បាន​​ផ្សាយត្រូវ​នូវ​​អ្វី​ដែល​​កើត​​ឡើង​ទេ គឺ​ផ្សាយ​នឹង​ផ្សាយ​យ៉ាងម៉េច​ឲ្យ​​មើល​ឃើញ​ថា រដ្ឋាភិបាល​ជា​អ្នក​ឈ្នះ ជា​អ្នក​ល្អ​​រហូត​»។​

បើទោះជាទី​បច្ចុប្បន្ន​នេះ បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​អ្នក​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​ដ៏​សំខាន់​ប្រចាំ​ថ្ងៃ​ដូចជា​ការ​ទទួល និង​ចែកចាយ​ព័ត៌មាន​ជាដើម​នោះ បណ្ឌិត មាស នី នៅ​មើល​ឃើញ​ថា ​មាន​ព័ត៌មាន​ជាច្រើនដែល​ចែកចាយ​តគ្នា​នោះ ​ពិត​ខ្លះ និង​មិន​ពិតខ្លះ​​ជាដើម។ លោក​បន្ត​ថា ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​​ទៀតបាន​យក​ហ្វេសប៊ុក​នេះ ជា​កន្លែង​វាយ​ប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល និង​ប្រើ​ពាក្យ​សម្ដី​អសុរ​ជាដើម ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សង្គម។

ចំពោះ​ការ​រិះគន់ ឬ​វាយ​ប្រហារ​តាម​បណ្ដាញ​ហ្វេសប៊ុក​នេះ ក្លឹប​អ្នក​កាសែត​កម្ពុជា ចាត់​ទុក​ថា ជា​សិទ្ធិ​របស់​អ្នក​ប្រើ​ប្រាស់ ក៏​ប៉ុន្តែ​ពួក​គេ​អាច​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវ​ច្បាប់ បើ​សិន​ជា​អ្វី​ដែល​គេ​បញ្ចេញ​នោះ​មិន​មែន​ជា​ការ​ពិត ​ញុះញង់ ឬមួល​បង្កាច់ ដែល​នាំ​ទៅ​រក​ចលាចល​សង្គម​និង​ប្រទេស​ជាតិ​ជាដើម។

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥ ដល់​ចុង​ឆ្នាំ​២០១៦ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០នាក់ ត្រូវ​បាន​​អាជ្ញាធរ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដូចជា​ករណី​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​លោក ហុង សុខហួរ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ ជុំវិញ​ការ​បកស្រាយ​របស់​លោក នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី អំពី​សន្ធិសញ្ញា​ព្រំដែន កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​ចោទ​ពី​បទ​ក្បត់​ជាតិ ចំណែក​​យុវជន​មួយ​រូប​ទៀត​ឈ្មោះ គង់ រ៉ៃយ៉ា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្រោយ​​យុវជន​រូប​នេះ​លើក​ឡើង​អំពី​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ហ្វេសប៊ុក របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។