ការសន្យារបស់គណបក្សនយោបាយទាំងនោះ បានសម្អាងថា គ្រូបង្រៀនទទួលបានប្រាក់ខែទាបមិនអាចរស់នៅសមរម្យ។ ករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្សព្វផ្សាយពីតារាងប្រាក់បៀវត្សពិតប្រាកដរបស់មន្ត្រីក្រោមឱវាទ។
មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយជាសាធារណៈជាលើកដំបូងនូវតារាងប្រាក់បៀវត្សគ្រូបង្រៀនសម្រាប់ឆ្នាំ២០១៣ ដើម្បីបញ្ចៀសព័ត៌មានដែលថា ប្រាក់ខែគ្រូទាប។
តារាងប្រាក់ខែគ្រូបង្រៀន ត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡា ជាលើកដំបូង កាលពីថ្ងៃទី១៥ ខែកក្កដា។ ក្នុងនោះបង្ហាញថា ប្រាក់ខែគ្រូបង្រៀនសរុប គឺចាប់ពី ៣១ម៉ឺនរៀល ដែលប្រហែលជាង ៧៧ដុល្លារ សម្រាប់គ្រូមត្តេយ្យសិក្សា និងបឋមសិក្សា រហូតដល់ជិត ១លាន ២សែនរៀល ដែលប្រហែលជាង ២៩៧ដុល្លារ សម្រាប់គ្រូមហាវិទ្យាល័យ។ ក្នុងតារាងនោះ បញ្ជាក់ដែរថា ប្រាក់បៀវត្សទាំងនេះបានកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១២។
ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងអប់រំ យុវជន និងកីឡា លោក នៀ សុផន មានប្រសាសន៍បន្ថែមនៅថ្ងៃទី១៦ ខែកក្កដា ថា ការផ្សព្វផ្សាយតារាងប្រាក់បៀវត្សមន្ត្រីក្រសួងអប់រំ គឺបន្ទាប់ពីសង្កេតឃើញថា មានកំហុសឆ្គងក្នុងការផ្សព្វផ្សាយក្នុងពេលកន្លងទៅ។ លោកសង្ឃឹមថា ព័ត៌មាននេះនឹងជួយអោយពលរដ្ឋខ្មែរទូទៅបានដឹងពីកម្រិតប្រាក់ខែដែលគ្រូបង្រៀនទទួលបានក្នុងពេលបច្ចុប្បន្ន ដែលតែងទទួលបានការដំឡើងចំនួន ២០% ជារៀងរាល់ឆ្នាំ។ លោក នៀ សុផន បញ្ជាក់ទៀតថា គ្រូបង្រៀនតែងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមលើប្រាក់ខែ និងប្រាក់បំណាច់ ជាពិសេសគ្រូនៅតាមទីដាច់ស្រយាល។
អ្នកសម្របសម្រួលកម្មវិធីនៃអង្គការ អេ.អ៊ី.អេ អន្តរជាតិ (AEA) ប្រចាំនៅប្រទេសកម្ពុជា លោក វន សំភាស់ បានសាទរចំពោះការផ្សព្វផ្សាយតារាងប្រាក់បៀវត្សគ្រូបង្រៀន ដែលជាធម្មតាទាំងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចពលរដ្ឋ ពិបាកនឹងទៅរកព័ត៌មានប្រភេទនេះ។ លោកក៏សាទរចំពោះឆន្ទៈរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ខែគ្រូ ប៉ុន្តែក៏បានបង្ហាញក្ដីបារម្ភដែរថា គុណភាពអប់រំនឹងបន្តប៉ះពាល់ ប្រសិនបើប្រាក់ខែពួកគាត់នៅតែមិនទាន់អាចឆ្លើយតបនឹងតម្រូវការចំណាយជាប្រចាំ។
លទ្ធផលស្ទង់មតិដោយអង្គការភាពជាដៃគូអប់រំ នៃអង្គការក្រៅរដ្ឋាភិបាល កាលពីខែឧសភា បង្ហាញថា ប្រាក់ខែមូលដ្ឋានសមរម្យរបស់គ្រូបង្រៀន គួរតែស្ថិតនៅចន្លោះពី ៩០ ទៅ ១២០ដុល្លារក្នុងមួយខែ។ ស្របគ្នានេះ ក៏មានការលើកឡើងពីការទាមទារអោយមានការដំឡើងប្រាក់ខែគ្រូ អោយសមស្របនឹងការកើនឡើងនូវតម្លៃទំនិញតាមទីផ្សារ ដែលបានបន្តហក់ឡើងរហូតចាប់តាំងពីឆ្នាំ២០០៧ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។