និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​មួយ​ចំនួន​ចាប់​យក​របរ​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត

0:00 / 0:00

និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​មួយ​ចំនួន ចាប់​យក​របរ​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត។ ការ​សម្រេច​ចិត្ត​នេះ ដើម្បី​ពង្រីក​ការ​អនុវត្ត​បច្ចេកទេស​ថ្មីៗ​លើ​វិស័យ​កសិកម្ម ឲ្យ​សមស្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ការងារ​កសិកម្ម និង​រួម​ចំណែក​ពង្រឹង​ស្ថិរភាព នៃ​ចង្វាក់​ផលិតកម្ម​ដល់​ការ​នាំ​អង្ករ​ចេញ​ទៅ​បរទេស។

ក្រុម​និស្សិត​ដែល​ចាប់​អាជីព​ជា​កសិករ​នោះ អះអាង​ថា ការ​ធ្វើ​ស្រែ​ដែល​មាន​បច្ចេកទេស​ពិត​ប្រាកដ អាច​ទទួល​បាន​ចំណូល​ច្រើន ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ជីវភាព​រស់នៅ​បាន​ប្រសើរ។

ក្រុម​យុវជន​ក្មេងៗ​ប្រជុំ​គ្នា​រក​វិធី​គ្រប់គ្រង​បច្ចេកទេស​ធ្វើ​ស្រែ ដែល​ធានា​ការ​ដាំដុះ​ស្រូវ​នៅ​តែ​បាន​ផល ទោះ​បី​អាកាសធាតុ​ប្រែប្រួល​ខ្វះ​ទឹក​នៅ​ដើម​រដូវ​វស្សា​ក៏ដោយ។

និស្សិត​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ ឆ្នាំ​២០១១ ហើយ​ក្លាយ​ជា​បណ្ដាញ​យុវជន និង​ធម្មជាតិ​របស់​អង្គការ​សេដាក (CEDAC) លោក ពៅ សុភា អះអាង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ថា ដើម្បី​ធ្វើ​ស្រែ​បាន​ជោគជ័យ អ្នក​ធ្វើ​ស្រែ​អាជីព​ត្រូវ​ចេះ​រើស​ពូជ​ស្រូវ ចេះ​ថែទាំ​ដី ចេះ​សន្សំ​ជី​ធម្មជាតិ ដើម្បី​បំប៉ន​ដី និង​ដំណាំ ហើយ​ត្រូវ​អនុវត្ត​ការ​ដាំដុះ​ដោយ​ខ្លួន​ឯង មិន​ត្រូវ​ជួល​គេ​ឲ្យ​ធ្វើ​ជំនួស​ឡើយ៖ «ព្រោះ​សម័យ​ឥឡូវ គឺ​អត់​សូវ​មាន​និស្សិត​ហ្នឹង​រៀន​ផ្នែក​ខាង​កសិកម្ម​ទេ។ អ៊ីចឹង​ខ្ញុំ​សម្រេច​ចិត្ត​រៀន​ខាង​ផ្នែក​ហ្នឹង គិត​ថា​វា​មាន​ទីផ្សារ​ការងារ​ខ្ពស់​ដែរ ហើយ​វា​ជា​ចំណង់​ចំណូល​ចិត្ត ព្រោះ​យើង​ជា​កូន​អ្នក​ស្រែ​ផង។ ដល់​អ៊ីចឹង ខ្ញុំ​បាន​សម្រេច​ចិត្ត​រៀន​ខាង​ហ្នឹង​ទៅ។ ហើយ​ពេល​ដែល​ខ្ញុំ​រៀន​ចប់ ក៏​បាន​ចូល​មក​អង្គការ​សេដាក បាន​ចូលរួម​រៀន​វគ្គ​បណ្តុះបណ្តាល​រយៈពេល ៦​ខែ រួច​ខ្ញុំ​ចាប់​ផ្ដើម​កាន់​ការងារ​កសិដ្ឋាន​នៅ​ខេត្ត​តាកែវ។ បើ​គិត​មក​ដល់​ឥឡូវ គឺ​បាន​ជាង​២​ឆ្នាំ​ហើយ»

យុវជន ពៅ សុភា បន្ត​ថា ភាព​ជោគជ័យ​នៃ​ការ​ធ្វើ​ស្រែ គឺ​ការ​ចេះ​បច្ចេកទេស​ពិត​ប្រាកដ រួម​ផ្សំ​នឹង​ការ​ខំ​អនុវត្ត​ផ្ទាល់ ដោយ​ហ៊ាន​ចំណាយ​ពេល​វេលា​ក្នុង​ការ​កកាយ​ដី និង​ការ​ប្រើប្រាស់​ជី​ធម្មជាតិ​ឲ្យ​ត្រូវ​តាម​ប្រភេទ​ដំណាំ។ លោក​បន្ត​ថា ក្រៅ​ពី​ធ្វើ​ស្រែ គាត់​បាន​ដាំ​បន្លែ និង​ចិញ្ចឹម​សត្វ​គោ ដើម្បី​យក​លាមក​សត្វ​ធ្វើ​ជា​ជីកំប៉ុស តាម​រយៈ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន៖ «យើង​ជា​អ្នក​គ្រប់គ្រង​កសិដ្ឋាន​ម្នាក់ ភាគ​ច្រើន​ខ្ញុំ ដំបូង​ដើរ​តួ​៣​សំខាន់។ ទី​១ យើង​ដើរ​តួ​ជា​អ្នក​គ្រប់គ្រង​ទូទៅ នៅ​កន្លែង​កសិដ្ឋាន​ហ្នឹង។ ទី​២ យើង​ជា​អ្នក​បច្ចេកទេស។ ហើយ​ទី​៣ យើង​ដើរ​តួ​ដូចជា​កសិករ​ដែរ។ ពេល​ដំបូង យើង​រៀន​ធ្វើ​បាន​យើង​ដឹង បើ​យើង​ជួល​គេ​មក​ធ្វើ វា​អត់​កើត​ទេ​ពី​ដំបូង យើង​ធ្វើ​មែន​ទែន​ដែរ​ហ្នឹង»

លោក​បន្ត​ថា បើ​រៀបចំ​ខ្លួន​ជា​កសិករ ត្រូវ​តែ​ចាំ​ថា ឈរ​នៅ​កណ្ដាល​វាល​ក្នុង​ស្រែ​ចម្ការ​ហាល​ថ្ងៃ​ហាល​ខ្យល់ គ្មាន​ថ្ងៃ​ឈប់​សម្រាក​ផ្ទុយ​ពី​មន្ត្រី​រាជការ ដែល​មាន​ម៉ោង​ធ្វើ​ការ និង​ថ្ងៃ​ឈប់​សម្រាក៖ «បើ​ចង់​ថា​យើង​ជា​កសិករ ជាក់ស្តែង​យើង​ត្រូវ​ធ្វើ​នៅ​តែ​ចម្ការ និយាយ​រួម​នៅ​តែ​តាម​វាល​ស្រែ​វា​ខុស​ពី​មន្ត្រី​រាជការ។ បើ​មន្ត្រី​រាជការ​ភាគ​ច្រើន ខ្ញុំ​ឃើញ​ជាក់ស្តែង នៅ​តែ​តាម​ការិយាល័យ​អ៊ីចឹង បើ​ថា​មាន​ការងារ​ខ្លះ​ចុះ ត្រូវ​មាន​គម្រោង​អី ចុះ​ទៅ​តាម​ភូមិ​តាម​ស្រុក គេ​ចុះ​ទៅ​ម្តង​ម្កាល វា​ខុស​ពី​យើង​ជា​កសិករ យើង​នៅ​អា​កន្លែង​វាល​នៅ​ចម្ការ​អ៊ីចឹង ចំពោះ​មន្ត្រី​រាជការ​គេ​មាន​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ អី​គេ​អាច​សម្រាក ប៉ុន្តែ​ចំពោះ​ពួក​ខ្ញុំ​វិញ អត់​ដែល​គិត​ទេ ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ ថ្ងៃ​បុណ្យ ថ្ងៃ​ឈប់​សម្រាក គឺ​យើង​នៅ​តែ​ធ្វើ យើង​វា​ខុស​ពី​មន្ត្រី​រាជការ គ្រាន់​តែ​សេរីភាព​យើង​មាន»

និស្សិត ពៅ សុភា អះអាង​ថា ផ្ទៃដី​កសិដ្ឋាន​គាត់​គ្រប់គ្រង​ទំហំ​ជាង ២០​ហិកតារ ឃុំ​ត្រពាំងក្រញូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ក្នុង​កសិដ្ឋាន​នោះ គាត់​ជីក​ស្រះ​ទឹក​ចំនួន​៥ ដើម្បី​ធានា​ការ​ស្រោចស្រព។ ដើម្បី​ជំរុញ​ឲ្យ​ការ​ធ្វើ​ស្រែ​ធានា​បាន​នូវ​គ្រាប់​ស្រូវ​មាន​ទម្ងន់​មិន​ស្កក គាត់​បាច​គ្រាប់​សណ្ដែក​ឲ្យ​ដុះ​គ្រប​លើ​ដី​ស្រែ បង្កើត​ជី​ស្រស់ ហើយ​ភ្ជួរ​លុប​ដើម​សណ្ដែក​ក្នុង​ដី ធ្វើ​ឲ្យ​ដី​មាន​សំណើម ទោះ​បី​មេឃ​ក្តៅ​ខ្លាំង ខ្វះ​ទឹក ក៏​ដី​ស្រែ​គាត់​មិន​ស្ងួត ដើម​ស្រូវ​មិន​ងាប់។ លោក​ថា ការ​បំប៉ន​ដី​ដោយ​ជីកំប៉ុស ផ្សំ​ពី​រុក្ខជាតិ និង​លាមក​សត្វ ទើប​ផល​ស្រូវ​កើន នាំ​ឲ្យ​ការ​លក់​នូវ​អង្ករ​ក្រអូប​មាន​តម្លៃ​ខ្ពស់ ហើយ​សម្បូរ​ទីផ្សារ​ទិញ​អង្ករ​នាំ​ចេញ​ទៅ​បរទេស។

និស្សិត ពៅ សុភា៖ «ចំពោះ​ការ​ធ្វើ​ស្រែ​ឲ្យ​បាន​ល្អ តាម​បទពិសោធន៍​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​នេះ គឺ​នៅ​រដូវ​កាល​ដំបូង យើង​ត្រូវ​ត្រៀម។ ទី​១ គឺ​ពូជ​រឿង​សំខាន់ គឺ​នៅ​ពេល​ចុង​រដូវ ពេល​យើង​ច្រូត​កាត់​ហ្នឹង យើង​ជ្រើស​រើស​ពូជ យើង​កាត់​ស្រូវ​អា​កន្លែង​ណា​កួរ​ល្អៗ យក​មក​ទុក រួច​យើង​រើស​យក​តែ​កួរ​ល្អ យើង​ចង​ព្យួរ​ទុក យើង​អត់​ទាន់​បាន​បោក​បែន​ទេ។ យើង​ចង​ព្យួរ​ទុក​សិន។ ដល់​ពេល​ជិត​ដល់​រដូវ យើង​សាប​ជា​សំណាប យើង​បែន​វា យក​អា​កួរ​ល្អៗ​យើង​បែន នេះ​ទី​១​ទាក់ទង​នឹង​ពូជ។ ហើយ​ទី​២ យើង​ត្រៀម​លក្ខណៈ​ដី។ ក្នុង​ឆ្នាំ​នេះ យើង​បាន​កាប់​ស្លឹក​ឈើ​ខ្លះ យើង​បាន​គ្រប​ទៅ​លើ​ដី​ហ្នឹង ដើម្បី​ជួយ​រក្សា​សំណើម និង​ជីជាតិ​ដី​ហ្នឹង។ ហើយ​ចំណុច​មួយ​ទៀត គឺ​ខ្ញុំ​មាន​គម្រោង​នៅ​ក្នុង​ខែ​នេះ ខ្ញុំ​នឹង​ព្រោះ​សណ្ដែក ព្រោះ​យើង​ធ្វើ​តាម​លក្ខណៈ​ធម្មជាតិ។ ព្រោះ​សណ្ដែក​បាន​ក្នុង​រយៈពេល​១​ខែ​អី យើង​ភ្ជួរ​លុប​នោះ​យើង​អាច​ស្ទូង​បាន»

បណ្ឌិត យ៉ង សាំងកុមារ ប្រធាន​អង្គការ​សេដាក ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​និស្សិត និង​សិស្ស​បញ្ចប់​វិទ្យាល័យ និង​មហាវិទ្យាល័យ​ជាង ២០០​នាក់ កំពុង​ជួយ​ការងារ​កសិដ្ឋាន​ជាមួយ​អង្គការ​សេដាក។ អ្នក​ទាំង​នោះ​ក្លាយ​ជា​សហគ្រិន ដែល​ពួក​គេ​គ្រប់គ្រង​បាន​តម្លៃ​ជួញដូរ​កសិផល និង​ពង្រឹង​ផលិតកម្ម​ស្រូវ។ លោក​ថា បច្ចេកទេស​ថ្មី​ដែល​យុវជន និង​កសិករ​ត្រូវ​អនុវត្ត​ឲ្យ​បាន​តាម​ការ​ណែនាំ​របស់​ក្រសួង​កសិកម្ម គឺ​ការ​ដាំ​ស្រូវ​ក្រអូប ដែល​ជា​ពូជ​ស្រូវ​មាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ ហើយ​ពូជ​នោះ​ភាគ​ច្រើន​ជា​ពូជ​ដែល​កសិករ​បាន​រក្សា​ទុក​ពី​ដូនតា។

លោក យ៉ង សាំងកុមារ៖ «ប៉ិន​ពូជ​ស្រូវ​វស្សា​ជា​ស្រូវ​ប្រកាន់​រដូវ ស្រូវ​ប្រពៃណី ដែល​យើង​ឃើញ​កសិករ​ធ្វើ​ជាង ២​លាន​ហិកតារ ឲ្យ​តែ​រដូវ​ធ្លាក់​ភ្លៀង គាត់​ធ្វើ​នោះ​ជាទូទៅ ភាគ​ច្រើន គឺ​ស្រូវ​ពូជ​ដែល​មាន​ពី​ដើម​មក។ លើក​លែង​តែ​បច្ចុប្បន្ន​នេះ គឺ​យើង​មាន​ការ​ជំរុញ​ឲ្យ​គាត់​ដូរ​មក​ធ្វើ​ពូជ​ស្រូវ​ក្រអូប ដូចជា ផ្កាម្លិះ ផ្ការំដួល អី​ជាដើម​អ៊ីចឹង។ នោះ​ជា​ពូជ​មួយ​ដែល​កសិករ​ពី​ដើម គាត់​មិន​សូវ​និយម​ធ្វើ​ពូជ​ស្រូវ​ក្រអូប​ទេ ព្រោះ​ផល​វា​បាន​តិច ហើយ​គាត់​មិន​សូវ​ចូល​ចិត្ត​ហូប​បាយ​ទន់​អ៊ីចឹង។ អ៊ីចឹង​វា​គ្រាន់​តែ​អ្វី​ជា​ថ្មី​ប្លែក គឺ​ពូជ​ស្រូវ​បាយ​ទន់​មួយ​ចំនួន​ហ្នឹង បាន​ចាប់​ផ្ដើម​ជំរុញ​។ អ៊ីចឹង គឺ​គាត់​ពង្រីក​ផ្ទៃដី​ក្នុង​ការ​ដាំដុះ​ស្រូវ​បាយ​ទន់។ ហើយ​ដោយ​ឡែក សម្រាប់​ប្រព័ន្ធ​ស្រូវ​សរីរាង្គ ដូច​ខាង​អង្គការ​សេដាក ជំរុញ​ហ្នឹង គឺ​ពូជ​ដែល​សម្រាប់​យក​មក​ធ្វើ ក៏​ត្រូវ​តែ​សរីរាង្គ​ដែរ។ ស្រូវ​ហ្នឹង គឺ​ថា​ត្រូវ​ដាំដុះ​ក្នុង​ស្រែ​ដែល​ជា​សរីរាង្គ​ដែរ បាន​យើង​ចាត់​ទុក​ថា វា​ជា​សរីរាង្គ ១០០%។ អ៊ីចឹង​ពូជ​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ គឺ​ក៏​គេ​ធ្វើ​ការ​ផលិត​ដោយ​ប្រើ​គីមី​ហ្នឹង វា​មិន​អាច​រាប់​ចូល​ក្នុង​ប្រព័ន្ធ​សរីរាង្គ​បាន ១០០% ទេ។ ប៉ុន្តែ​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ កសិករ​ដែល​គាត់​ចង់​ធ្វើ​ស្រូវ​សរីរាង្គ អ៊ីចឹង​គាត់​ត្រូវ​រក​ពូជ​ដែល​ប្រភព​ស្រូវ​សរីរាង្គ​យក​មក​ធ្វើ​ដែរ»

លោក យ៉ង សាំងកុមារ បន្ត​ថា ដើម្បី​រួម​ចំណែក​ជួយ​ឲ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​នៅ​តែ​អាច​ឈាន​មុខ​គេ អង្គការ​នេះ​បាន​ប្រមូល​យុវជន​ឲ្យ​ចងក្រង​គ្នា ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នក​ធ្វើ​ស្រែ​អាជីព គឺ​នាំ​គាត់​ឲ្យ​ចេះ​ផលិត​ដំណាំ និង​ជី​ធម្មជាតិ ជាដើម ឲ្យ​បាន​ច្រើន ទើប​គាត់​ទទួល​ចំណូល​បាន​ខ្ពស់ ហើយ​ចំណាយ​តិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។