លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ស្នើឲ្យមានការផ្តល់ដំណឹងក្នុងករណីមានភាពមិនប្រក្រតី ទាក់ទងការប្រឡងចូលបម្រើការងារក្នុងជួរកងទ័ព។ ទាក់ទងរឿងនេះដែរ មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល យល់ថា ប្រសិនបើអ្វីដែល លោក ហ៊ុន ម៉ាណែត លើកឡើងជាឆន្ទៈពិត គឺអាចទប់ស្កាត់អំពើពុករលួយបាន។
លោក ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកដែលដឹងករណីពុករលួយពីការប្រឡងចូលធ្វើកងទ័ពនោះ ត្រូវរាយការណ៍មកគណៈកម្មការនៃក្រសួងការពារជាតិ ដែលរៀបចំការប្រឡងនៅថ្ងៃទី២០ ធ្នូ នេះ។
មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ពាក់ផ្កាយបីលើស្មា ដើរពិនិត្យការិយាល័យប្រឡងនៅវិទ្យាល័យបាក់ទូក ក្នុងរាជធានីភ្នំពេញ ពីបន្ទប់មួយទៅបន្ទប់មួយ ដោយលោកឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បន្តថា ដើម្បីឲ្យមានយុត្តិធម៌ក្នុងការប្រឡង គណៈកម្មការបានតាមដានត្រួតពិនិត្យតាំងពីការដាក់ពាក្យ ក្នុងពេលប្រឡង និងក្រោយពេលប្រឡង៖ «នៅតាមបន្ទប់នីមួយៗយើងមានចាត់វិធានការយ៉ាងតឹងរ៉ឹង ក្នុងការត្រួតពិនិត្យ ហើយមានអនុរក្ស មេប្រយោគ ត្រួតពិនិត្យជាប្រចាំក្នុងការប្រឡងនោះដែរ។ ចឹងថាសុក្រឹតភាព និងភាពច្បាស់លាស់ គឺអ្វីដែលគណៈកម្មការយើងប្រឹងធ្វើពីមួយឆ្នាំទៅហើយឆ្នាំ»។
នៅថ្ងៃទី២០ ខែធ្នូ ក្រសួងការពារជាតិ រៀបចំការចូលប្រឡងជ្រើសរើសនាយទាហានវគ្គនាយទាហានសកម្មជំនាន់ទី២០ នាយទាហានទ័ពជើងគោកជំនាន់ទី៨ និងនាយទាហានបន្តវេនជំនាន់ទី៩ ដែលមានបេក្ខជនប្រឡងទូទាំងប្រទេសជាង ៣៣.០០០នាក់ ក្នុងនោះស្ត្រីមានជាង ១.១០០នាក់។
សព្វថ្ងៃ កងយោធពលខេមរភូមិន្ទមានកងទ័ពជាង ១០ម៉ឺននាក់។
បេក្ខជនចូលរួមការប្រឡងប្រជែងម្នាក់ លោក ជឹម មករា ឲ្យដឹងថា មូលហេតុដែលលោកចូលរួមប្រឡងពេលនេះ ព្រោះចង់ចូលរួមបម្រើប្រទេសក្នុងតួនាទីជាយោធា ប៉ុន្តែបេក្ខជនជាត្រកូលអ្នកកសិករមកពីខេត្តរូបនេះ សម្ដែងក្តីបារម្ភខ្លាចមានអំពើពុករលួយកើតឡើង ដែលជាឧបសគ្គមិនអាចធ្វើឲ្យក្ដីបំណងរបស់គេទទួលបានជោគជ័យ៖ «ចង់មានការត្រួតពិនិត្យលើការប្រឡង បើសិនជាមានករណីពុករលួយ ព្រោះមានរឿងហ្នឹង អ្នកចេះអត់ជាប់ទេ»។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល លើកឡើងថា អង្គការរបស់លោកមិនដែលទទួលបានទិន្នន័យជាក់លាក់ នៃអំពើពុករលួយនៅក្នុងការប្រឡងចូលបម្រើការងារនៅក្រសួងការពារជាតិ នោះទេ ប៉ុន្តែលោកថា ជារួមនៅក្នុងការចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ តែងតែមានករណីបក្ខពួកនិយម និងអំពើពុករលួយ។ ទោះជាបែបនេះក្តី លោកបញ្ជាក់ថា ប្រសិនបើការអះអាងរបស់ លោក ហ៊ុន ម៉ាណែត មានឆន្ទៈ និងយន្តការត្រឹមត្រូវ នឹងអាចទប់ស្កាត់អំពើពុករលួយបាន៖ «ការអះអាងជាជំហានមួយ អ្វីដែលសំខាន់បំផុត គឺយន្តការបង្កើតគណៈកម្មការជ្រើសរើស មានការកំណត់លក្ខណៈវិនិច្ឆ័យបេក្ខជន មានការត្រួតពិនិត្យនៃការប្រឡង ហើយមានតម្លាភាពក្នុងការប្រឡង ទើបយើងអាចជឿថា គ្មានអំពើពុករលួយក្នុងការប្រឡង»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និយាយថា ខណៈដែលអំពើពុករលួយកើតមានតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ លោកស្នើគណៈកម្មការនេះជ្រើសរើសកងទ័ព មិនត្រូវប្រកាន់បក្ខពួក ត្រូវមានតម្លាភាព និងយុត្តិធម៌។ លោកថា ប្រសិនបើការជ្រើសរើសនេះ មានភាពមិនប្រក្រតី កងទ័ពដែលបម្រើប្រទេសក៏មិនអាចបំពេញការងាររបស់ខ្លួនត្រឹមត្រូវបានតាមតួនាទីដែរ។
បេក្ខជនដែលមានសិទ្ធិអាចដាក់ពាក្យប្រឡងប្រជែងជានាយទាហាន មានអាយុចាប់ពី ១៨ឆ្នាំរហូតដល់ ២៥ឆ្នាំ និងយ៉ាងហោចណាស់ត្រូវមានកម្រិតវប្បធម៌ត្រឹមថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬថ្នាក់បាក់ឌុប។ វិញ្ញាសាដែលត្រូវប្រឡងជ្រើសរើសនៅពេលនេះ គឺចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកីឡា។ លទ្ធផលបឋម នឹងត្រូវប្រកាសលើកទី១ នៅថ្ងៃទី១៨ ខែមករា និងលើកទី២ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក ហ៊ុន ម៉ាណែត អះអាងថា ការជ្រើសរើសនាយទាហាននៅពេលនេះ ជាការជ្រើសរើសដូចរៀងរាល់ឆ្នាំ ដើម្បីឲ្យចូលបម្រើការងារនៅក្រសួងការពារជាតិ និងដើម្បីត្រៀមជំនួសនាយទាហានដែលចូលនិវត្តន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។