បន្ទាប់ពីមានសកម្មភាពប្លន់ប្រដាប់អាវុធកើតឡើងជាបន្តបន្ទាប់នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤ ធ្នូ ដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បង្កើនការបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះឲ្យមានប្រសិទ្ធភាព។ លោកក៏ជំរុញឲ្យក្រសួងយុត្តិធម៌ ត្រួតពិនិត្យឲ្យបានត្រឹមត្រូវចំពោះការលើកលែងទោសឲ្យទណ្ឌិត។
ករណីប្លន់ប្រដាប់អាវុធកើតឡើងជាស៊េរីនៅមួយរយៈពេលចុងក្រោយនេះ ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ដាក់បទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការតឹងរ៉ឹងក្នុងការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ ដែលបានបង្កឲ្យមានអសន្តិសុខក្នុងរាជធានីភ្នំពេញ និងក្នុងខេត្តមួយចំនួនទៀតនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ការជំរុញរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុខដុមនីយកម្មនៅកម្ពុជា។ ភ្ជាប់ទៅនឹងខ្លឹមសារនៃពិធីនោះ លោក ហ៊ុន សែន ចាត់ទុកក្រុមឧក្រិដ្ឋជនប្លន់ទាំងនោះ ថាជាក្រុមគ្មានសាសនា៖ «ក្រៅពីអាជ្ញាធរថ្នាក់ជាតិ កម្លាំងប្រដាប់អាវុធ កម្លាំងសមត្ថកិច្ចថ្នាក់ជាតិ ថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្ន សហប្រតិបត្តិការ ដើម្បីទប់ស្កាត់និងបង្ក្រាបចំពោះអំពើប្លន់ប្រដាប់អាវុធ»។
ទន្ទឹមនឹងនេះ លោកក៏ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យពិច័យឲ្យបានល្អិតល្អន់ក្នុងការលើកលែងទោសឲ្យទណ្ឌិត ដែលជាប់ពន្ធនាគារដោយសារបទល្មើសលួចប្លន់៖ «តាមរបាយការណ៍ខ្លះឲ្យដឹងថា មុខដដែលៗ។ អ៊ីចឹងទេសូមឯកឧត្ដមរដ្ឋមន្ត្រី (ក្រសួង) យុត្តិធម៌ ពិនិត្យពិច័យអ្នកជាប់គុកដោយសារប្លន់ អ្នកជាប់គុកដោយសារគ្រឿងញៀន កុំសូវដោះ (ដោះលែង) ពេក»។
ការចេញបទបញ្ជារបស់ លោក ហ៊ុន សែន នៅពេលនេះ គឺបន្ទាប់ពីសកម្មភាពប្លន់ប្រដាប់អាវុធកើតឡើងបន្តបន្ទាប់គ្នា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ធ្នូ នៅចុងសប្ដាហ៍កន្លងទៅ។ ក្នុងនោះ មានករណីបាញ់សម្លាប់ប្លន់យកម៉ូតូនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីប្លន់អាជីវករលក់គ្រឿងអលង្ការ និងទីតាំងផ្ទេរប្រាក់វីង (Wing) ចំនួន ៣កន្លែងផ្សេងគ្នា រួមមានខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកណ្ដាល ដោយឧក្រិដ្ឋជន ២នាក់ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ ហើយ ៤នាក់ ត្រូវបានចាប់ខ្លួន និងត្រូវបានសមត្ថកិច្ចបង្ហាញមុខនៅព្រឹកថ្ងៃទី១៤ ខែធ្នូ នាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ករណីជាក់ស្ដែងថ្មីមួយទៀត គឺនៅប្រមាណ ៤ម៉ោងបន្ទាប់ពី លោក ហ៊ុន សែន ដាក់បទបញ្ជាដល់មន្ត្រីពាក់ព័ន្ធឲ្យរឹតបន្តឹងការអនុវត្តច្បាប់ សកម្មភាពប្លន់មួយទៀតបានកើតឡើងនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយជនប្រដាប់អាវុធ ២នាក់ ប្លន់យកកាបូបពីស្ត្រីម្នាក់ពេលចុះពីលើរថយន្ត។
ពាក់ព័ន្ធនឹងការកក្រើកនៃអំពើប្លន់ប្រដាប់អាវុធនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ដើម្បីបង្ក្រាបក្រុមចោរប្លន់ទាំងនោះ កងរាជអាវុធហត្ថកំពុងរឹតបន្តឹងការអនុវត្តច្បាប់ និងបានពង្រឹងជំនាញរបស់ខ្លួនក្នុងការបង្ក្រាបបទល្មើសនៅទូទាំងប្រទេស៖ «គឺយើងពង្រឹងមន្ត្រីរបស់យើងតាមផ្លូវ ច្បាប់ ឲ្យគាត់ដឹងពីច្បាប់ទម្លាប់អីទាំងអស់។ ទី២ យើងផ្ដល់បទពិសោធន៍ឲ្យគាត់ ដូចថា ករណីលួចដោយស្ថានទម្ងន់ទោស ដែលយើងហៅថា ប្លន់ឥឡូវហ្នឹង។ មុននឹងកើតឡើងនៅក្នុងសមត្ថកិច្ចដែនដីរបស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ហ្នឹង គាត់ត្រូវតែមានការល្បាត ពួនស្ទាក់នៅគ្រប់គោលដៅ»។
ចំពោះភាពអសន្តិសុខបង្កដោយក្រុមចោរប្លន់ប្រដាប់អាវុធនេះ អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ជាភាពឆកល្វែងរបស់អាជ្ញាធរក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៖ «យើងឃើញថា តាមមូលដ្ឋាន កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ គឺនៅមានតិច។ បញ្ហាទី២ គឺបញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសង»។
បន្ថែមលើនេះ លោក អំ សំអាត លើកឡើងថា ការលើកលែងទោសដល់ទណ្ឌិតដោយមិនត្រឹមត្រូវ ក៏ជាបញ្ហាចម្បងមួយរបស់ក្រសួងយុត្តិធម៌ ដែលរួមចំណែកដល់ការកើតមានបទល្មើសទាំងនេះមិនចេះចប់៖ «បញ្ហា ទាំងអស់នេះហើយដែលសង្គមស៊ីវិលយើងលើកតាំងពីមុនមកថា ការលើកលែង ឬបន្ធូរបន្ថយ (ទោស) គឺត្រូវអនុវត្តតាមច្បាប់ ហើយវាយតម្លៃធ្វើទៅតាមតម្លាភាពនិងយុត្តិធម៌។ អ្នកដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ហើយអ្នកដែលមានការកែប្រែអត្តចរិត អាហ្នឹងនឹងអាចទទួលបានការបន្ធូរបន្ថយ ឬលើកលែងទៅតាមច្បាប់ យើងកុំធ្វើអ្វីដោយខុសច្បាប់ ហើយបង្កឲ្យមានភាពមិនប្រក្រតី ឬអំពើពុករលួយ»។
លោកស្នើឲ្យរដ្ឋាភិបាល បង្កើនការយកចិត្តទុកដាក់លើករណីដែលជាឫសគល់នៃបញ្ហា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។