ប្រធានបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អះអាងថា កំណើនសេដ្ឋកិច្ចយឺតយ៉ាវនៅតំបន់អឺរ៉ុប កំពុងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប។ ការកត់សម្គាល់ដូចនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតនាការិយាល័យមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងធនាគារជាតិនៃកម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា។
បើទោះជាមូលនិធិរូបិយវត្ថុអន្តរជាតិ ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៥ នេះ ស្ថិតក្នុងរង្វង់ ៧ភាគរយដូចឆ្នាំ២០១៤ ក្តី ប៉ុន្តែវិស័យកាត់ដេរសម្លៀកបំពាក់ដែលជាវិស័យសំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចទាបជាងមុន។
ប្រធានបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ អ្នកស្រី សូឡានី ជេន ចានដ្រា (Solani Jain-Chandra) ដែលបានដឹកនាំក្រុមការងាររបស់ អាយ.អឹម.អេហ្វ មកធ្វើទស្សនកិច្ចការងារនៅកម្ពុជា អស់រយៈពេលជិត ២សប្ដាហ៍ ដើម្បីវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា។ អ្នកស្រីមានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា ភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចនៅអឺរ៉ុប ធ្វើឲ្យរអាក់រអួលដល់ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ដែលជាទីផ្សារសំខាន់បំផុតមួយសម្រាប់ផលិតផលសម្លៀកបំពាក់កាត់ដេររបស់កម្ពុជា។
អ្នកស្រី សូឡានី ជេន ចានដ្រា មានប្រសាសន៍បន្តថា ក្រៅតែពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនៅអឺរ៉ុប ការកើនឡើងតម្លៃនៃប្រាក់ដុល្លារប្រៀបធៀបទៅនឹងរូបិយប័ណ្ណផ្សេងទៀត ក៏ធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបផងដែរ៖ «យើងទទួលស្គាល់ថា វិស័យកាត់ដេរបន្តគ្របដណ្ដប់ការនាំចេញរបស់កម្ពុជា ប៉ុន្តែយើងកំពុងមើលឃើញនូវនិន្នាការរយៈពេលខ្លីមួយចំនួនដែលធ្វើឲ្យការនាំចេញថយចុះ បើយើងក្រឡេកមើលទិន្នន័យក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៥ ការនាំចេញសម្លៀកបំពាក់នៅតែដើរតួនាទីសំខាន់ ប៉ុន្តែមានការធ្លាក់ចុះបន្តិច ដូច្នេះសម្រាប់ឆ្នាំនេះ បើទោះជាយើងព្យាករថា មានកំណើន ប៉ុន្តែយើងគិតថា ការរួមចំណែកនៃការនាំចេញសម្លៀកបំពាក់ទៅក្នុងកំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះ»។
ការលើកឡើងរបស់មន្ត្រី អាយ.អឹម.អេហ្វ ពេលនេះ ធ្វើឡើងស្របពេលដែលតម្លៃប្រាក់អឺរ៉ូ កំពុងធ្លាក់ចុះ បើប្រៀបទៅនឹងប្រាក់ដុល្លារដោយសារតែមានវិបត្តិប្រាក់បំណុលក្នុងប្រទេសក្រិក (Greece) និងដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អឺរ៉ុប។
តំណាងការិយាល័យមូលនិធិអន្តរជាតិប្រចាំកម្ពុជា លោក ហ្វេស្សល អាមេដ (Faisal Ahmed) មានប្រសាសន៍ថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចលើពិភពលោកនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យនាំចេញរបស់កម្ពុជា។ ពាក់ព័ន្ធនឹងវិបត្តិនៅអឺរ៉ុបវិញ លោក ហ្វេស្សល អាមេដ កត់សម្គាល់ថា បើទោះជាការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនៅអឺរ៉ុបមិនធ្វើឲ្យប៉ះពាល់ភ្លាមៗ ដល់ចរន្តហិរញ្ញវត្ថុរបស់ធនាគារនៅកម្ពុជា ក្តី ប៉ុន្តែវានឹងធ្វើឲ្យប៉ះពាល់ភ្លាមៗដល់ចរន្តពាណិជ្ជកម្មរបស់កម្ពុជា។
បើទោះជាបែបនេះក្តី មន្ត្រីមូលនិធិរូបិយវត្ថុអន្តរជាតិ លើកឡើងថា សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅមានលក្ខណៈប្រសើរនៅឡើយ ហើយដែលអាចនៅរក្សាកំណើនក្នុងរង្វង់ ៧ភាគរយសម្រាប់ឆ្នាំ២០១៥ នេះ។
ផលិតផលសម្លៀកបំពាក់របស់កម្ពុជា នាំចេញជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសកាណាដា និងប្រទេសជប៉ុន។ ស្ថិតិរដ្ឋាភិបាលកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០១៤ តម្លៃសរុបនៃការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងទៅក្រៅប្រទេសមានប្រមាណ ៦ពាន់លានដុល្លារ។ បច្ចុប្បន្នកម្ពុជា មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជាង ១ពាន់ និងមានកម្មករនិយោជិតប្រមាណ ៧០ម៉ឺននាក់ ដោយទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណជាង ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ រដ្ឋាភិបាលអះអាងថា ក្រៅពីផ្ដល់ការងារផ្ទាល់ដល់កម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់កម្ពុជា ក៏បានបង្កើតមុខរបរប្រយោលបន្ថែម ដូចជា ការជួលផ្ទះ ការលក់ដូរម្ហូបអាហារ និងការដឹកជញ្ជូនដល់ពលរដ្ឋប្រមាណជាង ២លាននាក់ផ្សេងទៀត។
លោក ហ្វេស្សល អាមេដ មានប្រសាសន៍ថា ការវិវត្តន៍សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅពេលខាងមុខ នឹងផ្ដល់ឲ្យកម្ពុជា នូវឱកាសទាក់ទាញការវិនិយោគ បង្កើនការប្រកួតប្រជែង ការអភិវឌ្ឍជំនាញ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។