នាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ បានបណ្ដេញជនជាតិចិន ដីគោកចំនួន ១២២នាក់ចេញពីប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា។
ប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក អ៊ុក ហៃសិលា។ លោកមានប្រសាសន៍នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ថា ក្រសួងសន្តិសុខរបស់សាធារណរដ្ឋចិន បានយកយន្តហោះ ២គ្រឿងមកទទួលជនជាតិចិន ទាំងនោះ។
ជនជាតិចិន ទាំង ១២២នាក់នោះ គឺចូលមកស្រុកខ្មែរដោយភាគច្រើនគ្មានលិខិតឆ្លងដែន ហើយសមត្ថកិច្ចបានឃាត់ខ្លួនកាលពីថ្ងៃទី២ ខែសីហា នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖ « ពួកនេះ គឺគាត់ជួលផ្ទះច្រើនជាន់ មានដល់ទៅ ១០០បន្ទប់ ប្រើប្រព័ន្ធអ៊ីនធឺណិត (Internet) បោកបញ្ឆោតជំរិតទារប្រាក់ពីប្រទេសចិន »។
មន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងថា ចាប់តាំងពីអំឡុងឆ្នាំ២០១១ រហូតមកដល់ពេលនេះ កម្ពុជា បានបណ្ដេញជនជាតិចិន និងតៃវ៉ាន់ ចំនួន ១៣លើកហើយ ដោយក្នុងនោះគឺមានជនជាតិចិន ដីគោក និងតៃវ៉ាន់ ចំនួន ១.០៥២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។