អ្នកស្រីបណ្ឌិត យូហ្យុន ផាក (Yuhyun Park) ជាអ្នកស្រាវជ្រាវជនជាតិកូរ៉េ និងជាស្ថាបនិកវិទ្យាស្ថានអ្នកស្រាវជ្រាវ ឌី.ឃ្យូ (DQ Institute, a think tank) (https://www.dqinstitute.org/)។ អ្នកស្រីបណ្ឌិត យូហ្យុន ផាក (Yuhyun Park) ស្រាវជ្រាវលើការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលឲ្យមានសុវត្ថិភាព និងរុងរឿង ដោយធ្វើយ៉ាងណាឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបង្កើតវប្បធម៌ឌីជីថលមួយ។ វិទ្យាស្ថានរបស់អ្នកស្រី ផ្ដោតសំខាន់លើការកសាងជំនាញសម្រាប់ប្រជាពលរដ្ឋ ពិសេសកុមារដើម្បីបញ្ជ្រាបចំណេះដឹងស្ដីពីបច្ចេកវិទ្យាឌីជីថល។
កាលពីពាក់កណ្ដាលខែឧសភា អ្នកស្រីបណ្ឌិត យូហ្យុន ផាក (Yuhyun Park) បានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាននៅប្រទេសកម្ពុជា ដើម្បីធ្វើបទបង្ហាញស្ដីពីចលនាពិភពលោកមួយឈ្មោះ «ឌី.ឃ្យូ អេវឺរីឆាល (#DQEveryChild)»។
លោក សាន សែល បានជជែកជាមួយនឹងអ្នកស្រីបណ្ឌិត យូហ្យុន ផាក (Yuhyun Park) អំពីចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល។
លោក សាន សែល៖ យើងកំពុងដើរចូលក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ សម័យឌីជីថលដែលផ្ដោតលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ អ្នកស្រីកំពុងស្រាវជ្រាវ និងធ្វើកិច្ចការងារជាច្រើនស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ។ អ្នកស្រី តើវាមានសារសំខាន់យ៉ាងណាចំពោះកុមារក្នុងការយល់ដឹងពីបច្ចេកវិទ្យា ពីក្រមសីលធម៌នៃការប្រើប្រាស់ឧបករណ៍ឌីជីថល?
អ្នកស្រីបណ្ឌិត យូហ្យុន ផាក៖ ឥឡូវខ្ញុំសូមនិយាយអ៊ីចេះ! ប្រសិនបើលោកចង់បើកឡាន តើវាមានចាំបាច់ប៉ុនណាដែលលោកត្រូវទៅរៀនបើកឡាន ដូចជាពីរបៀបបើកបរដោយសុវត្ថិភាព និងដោយទទួលខុសត្រូវ? នេះរបស់ដែលលោកត្រូវរៀនមុនគេ មិនថាអ៊ីចឹង?
នៅពេលលោករៀន លោកនឹងដឹងថា ពេលភ្លើងសញ្ញាពណ៌ក្រហម លោកត្រូវឈប់។ មិនចឹងណ៎! ពេលលោកត្រូវបត់ឆ្វេង លោកត្រូវស៊ីញ៉ូភ្លើងបត់ឆ្វេង។ យើងជឿថា នេះជាមេរៀនគ្រឹះសម្រាប់ជីវិតដែលកុមារត្រូវរៀន។
ជាញឹកញយ ឪពុកម្ដាយ គ្រូបង្រៀន និងអ្នកបង្កើតគោលនយោបាយ យល់ថា កុមារគួរតែឲ្យពួកគេរៀនស្វែងយល់ពីបច្ចេកវិទ្យាដោយខ្លួនឯង ដោយសារអ្នកអប់រំទាំងនោះមិនដែលស្ថិតនៅក្នុងពិភពឌីជីថលកាលពីពួកគេនៅពីក្មេង។ មនុស្សចាស់ទាំងនោះអាចមិនយល់ច្បាស់ពីអ្វីដែលហៅថា ការចេះប្រើអ៊ីនធឺណិត (how to be online)។ តើវាមានន័យយ៉ាងម៉េចពេលដែលលោកសម្រេចចិត្តបង្ហោះរូបលើអ៊ីនធឺណិត? លោកអាចបង្ហោះបានដោយគ្រាន់តែចុចតាម៉ាដងទៅ ប៉ុន្តែវាអាចប៉ះពាល់ដល់លោកពេញមួយជីវិត។ ពេលលោកសរសេរខមមិន (comment) មួយ វាអាចធ្វើឲ្យលោកល្បីមួយរំពេច ហើយវាក៏អាចប៉ះពាល់ដល់ជីវិតមនុស្សមួយដែរ។ ដូច្នេះ ខមមិននេះអាចសម្លាប់អនាគតរបស់លោក។
ការដែលកុមារយល់ដឹងពីអ្វីដែលហៅថាការចេះប្រើអ៊ីនធឺណិត គឺវាសំខាន់យកតែមែនទែន ត្បិតថារាល់ថ្ងៃហ្នឹង ពិភពឌីជីថលជាពិភពចម្បងរបស់ពួកគេនាពេលឥឡូវហ្នឹង មិនមែនជាពិភពបន្ទាប់បន្សំអីទៀតនោះទេ។ យើងកំពុងតែប្រឈមគ្រោះថ្នាក់គ្រប់សព្វបែបយ៉ាង ដោយសារតែមិនទាន់យល់ពីចំណេះដឹងឌីជីថល (digital intelligent)។
លោក សាន សែល៖ អ្នកស្រីបណ្ឌិតបានលើកឡើងពីកុមារ។ អ្នកស្រីចង់សំដៅលើក្មេងក្នុងក្រុមអាយុណាដែរ?
អ្នកស្រីបណ្ឌិត យូហ្យុន ផាក៖ ក្មេងណាក៏ដោយដែលប្រើអ៊ីនធឺណិត ចាប់ផ្តើមប្រើបណ្ដាញសង្គមដូចជាហ្វេសប៊ុក (facebook) ឬចាប់ផ្តើមលេងហ្គេម។ នេះហើយដែលក្រុមក្មេងដែលខ្ញុំបាននិយាយ។ រាល់ថ្ងៃ ឪពុកម្ដាយមួយចំនួនប្រហែលគិតថា កូនៗរបស់ពួកគេសប្បាយរីករាយពេលលេងហ្គេម។ ប៉ុន្តែឥឡូវ ហ្គេមមិនត្រឹមតែជាហ្គេមទេ។ ក្មេងៗមិនមែនលេងហ្គេមទេ គេជួបមនុស្សថ្មីៗ និងបានព័ត៌មានតាមរយៈការលេងហ្គេម។ ចឹងហ្គេមក៏បានក្លាយជាបណ្ដាញសង្គមមួយ។ ឪពុកម្ដាយអាចមិនដឹងថា កូនៗកំពុងសេពគប់ក្រុមមនុស្សប្រភេទណាខ្លះ? វាសំខាន់ដែលឪពុកម្ដាយគួរដឹងពីជីវិតលើអ៊ីនធឺណិតរបស់កូនៗខ្លួន ហើយគួរមានគោលការណ៍ណែនាំកូនៗពីរបៀបដែលកូនៗចាប់ផ្ដើមជីវិតឌីជីថលប្រកបដោយសុវត្ថិភាព។

លោក សាន សែល៖ បើយើងមើលពីជ្រុងមួយ កុមារខ្លះកំពុងប្រើឧបករណ៍ឌីជីថល និងបច្ចេកវិទ្យាច្រើន។ តើវានឹងមានប្រយោជន៍អ្វីខ្លះទៅ ប្រសិនបើក្មេងៗទាំងនោះប្រើវាដោយត្រឹមត្រូវ?
អ្នកស្រីបណ្ឌិត យូហ្យុន ផាក៖ បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយឌីជីថលទាំងអស់។ អូ! មិនមែនទាំងអស់ទេ។ យើងមិនចង់បានខ្លឹមសារព័ត៌មានដែលបង្ហាញភាពហិង្សាឲ្យក្មេងឃើញទេ។ បច្ចេកវិទ្យាជាដាវវេទមន្តមួយ។
លោកមិនអាចបដិសេធមិនប្រើវានោះទេ។ វាសំខាន់លើឥរិយាបថនៃការប្រើប្រាស់របស់យើង។ យើងកំពុងបង្រៀនកូនក្មេងពីពិភពឌីជីថល។
ឧទាហរណ៍ យើងបង្រៀនក្មេងពីរបៀបបង្កើតហ្វេសប៊ុក។ តាមធម្មជាតិ កូនក្មេងគឺស្មោះត្រង់ គេមិនកុហក។ គេដាក់ឈ្មោះពិតប្រាកដ ព័ត៌មានផ្ទាល់ខ្លួន លេខទូរស័ព្ទ ឈ្មោះឪពុកម្ដាយ។ គេអាចមិនដឹងពីការលួចយកទិន្នន័យផ្ទាល់ខ្លួនទាំងនេះទេ ឬបញ្ហាឯកជនភាព និងការប្រើព័ត៌មានផ្ទាល់ខ្លួនដោយមិនត្រឹមត្រូវ។ ពួកគេព្យាយាមបង្ហាញខ្លួនឯងថាជាមនុស្សល្អនៅលើពិភពឌីជីថល។
ឪពុកម្ដាយគួរយល់ដឹងថា តើការបង្ហាញព័ត៌មានទាំងនេះវាធ្វើឲ្យកូនៗរបស់ពួកគេប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាខ្លះ?
វាមិនមែនហ្វេសប៊ុកទេដែលត្រូវរងគ្រោះនោះ។ តាមពិត ឪពុកម្ដាយ និងកូនៗពួកគេហ្នឹងដែលមិនបានយល់ថា ស្អីទៅការប្រើអ៊ីនធឺណិត ហើយអ្វីដែលជាផលលំបាកកើតឡើងដោយសារឥរិយាបថរបស់គេ។ វាជារឿងវែងអន្លាយ។ តែដើម្បីខ្លី គឺកុមារប្រាកដជាអាចទទួលប្រយោជន៍ពីការប្រើបច្ចេកវិទ្យាឌីជីថលឲ្យមានសុវត្ថិភាព និងមានការទទួលខុសត្រូវ។
លោក សាន សែល៖ ស្ថាប័នអ្នកស្រីកំពុងធ្វើយុទ្ធនាការ #DQEveryChild។ សូមអ្នកស្រីជម្រាបពីយុទ្ធនាការនេះបន្តិចមើល!
អ្នកស្រីបណ្ឌិត យូហ្យុន ផាក៖#DQEveryChild ជាចលនាពិភពលោកដែលយើងចង់ពង្រឹងសិទ្ធិអំណាចកុមារទាំងអស់ជុំវិញពិភពលោក។ លោកហៅវាជាវ៉ាក់សាំង។ យើងចង់ផ្តល់អំណាចឲ្យក្មេងដែលអាចងាយរងគ្រោះដោយភាពអវិជ្ជមាន និងជំរុញភាពវិជ្ជមានឲ្យបានច្រើន។ យើងផ្តល់មេរៀនជីវិតសំខាន់ពីពិភពឌីជីថលឲ្យកុមារ។ យើងមានគេហទំព័រមួយ (https://www.dqworld.net) ឲ្យកូនក្មេងចូលទៅលេង ហៅថា Plug & Play។
ប្រទេសកម្ពុជា អាចយកកម្មវិធីបង្រៀនងាយៗនេះទៅឲ្យក្មេងរៀន។ យើងមានផ្តល់សម្ភារៈបង្រៀន មានទាំងមេរៀនដែរ។ ក្មេងអាចចូលទៅរៀនដោយខ្លួនឯង។ កម្មវិធីនេះ ជួយឲ្យក្មេងអាចរៀនបានពេលដែលឪពុកម្ដាយ ឬគ្រូមិនទាន់យល់ដឹងអំពីចំណេះដឹងនេះ។
បន្ទាប់ពីរៀនហើយ មានលំហាត់ឲ្យក្មេងធ្វើ ដើម្បីតេស្ដសមត្ថភាព។ វាមានលំហាត់ពីទម្លាប់ប្រើអ៊ីនធឺណិត ចំណេះដឹងពីការកត់សម្គាល់ការវាយប្រហារតាមអ៊ីនធឺណិត ដឹងពីចំណុចខ្លាំងផ្ទាល់ខ្លួន។
ស្របពេលគ្នានេះ យើងក៏មានរបស់ដើម្បីវាយតម្លៃពីរបៀបចិញ្ចឹមកូនរបស់ឪពុកម្ដាយពួកគេផងដែរ។ ចំណុចសំខាន់គួរជួយក្មេង និងឪពុកម្ដាយពួកគេ ដោយផ្តល់ព័ត៌មានដើម្បីជួយក្មេងឲ្យបើកបរ។ និយាយទៅ គឺកម្មវិធីនេះជួយឲ្យក្មេងប្រើអ៊ីនធឺណិត ឬឧបករណ៍ឌីជីថលឲ្យកាន់មានប្រសិទ្ធភាព។ នៅពេលយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កុមារ យើងចង់ពង្រឹងឪពុកម្ដាយរបស់ពួកគេ។ ស្របពេលគ្នានេះ យើងក៏ចង់សហការជាមួយសាលារៀន។ យើងចង់ផ្តល់របាយការណ៍ទៅឲ្យប្រទេសនីមួយៗដើម្បីស្វែងយល់ ហើយអាចពង្រឹងសមត្ថភាព។
លោក សាន សែល៖ តើអ្នកស្រីកំពុងស្វែងរកកិច្ចសហការនៅប្រទេសកម្ពុជា?
អ្នកស្រីបណ្ឌិត យូហ្យុន ផាក៖ ខ្ញុំពិតជាចង់បានការសហការនៅប្រទេសកម្ពុជា។ មានអ្នកស្រាវជ្រាវ និងស្ថាប័នមួយចំនួនបានទាក់ទងមកពួកយើង ដើម្បីធ្វើការរួមគ្នា ពិសេសជួយបកប្រែឯកសារដែលបានផលិត ទៅជាភាសាខ្មែរ។ មែនទែនទៅ វាជាការធ្វើការរួមគ្នា ដើម្បីចលនាសង្គម។ យើងស្វាគមន៍រាល់អ្នកដទៃទាំងអស់ដែលមានបំណងជួយកុមារ។
សម្គាល់៖ សូមលោកអ្នកនាងរង់ចាំអាន និងស្តាប់បទសម្ភាសន៍នេះបន្តទៀត ដែលជជែកអំពីផលប៉ះពាល់នៃការប្រើប្រាស់ទូរស័ព្ទលើសុខភាពរបស់កុមារ នៅក្នុងការផ្សាយរបស់អាស៊ីសេរី នៅលើកក្រោយ៕
[ ចុចត្រង់នេះ ដើម្បីអាន ឬស្ដាប់បទសម្ភាសន៍វគ្គបញ្ចប់Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។