សមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ជាង ១០០នាក់ នាំគ្នាយករ៉ឺម៉កម៉ូតូរបស់ខ្លួន ទៅតវ៉ាដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីតវ៉ាឱ្យដោះលែងរ៉ឺម៉កម៉ូតូមួយគ្រឿង ដែលនគរបាលឃាត់ទុកក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តមួយ តាំងពីថ្ងៃទី៨ មីនា មក។
រ៉ឺម៉កម៉ូតូមួយគ្រឿងត្រូវបាននគរបាលចរាចរណ៍ដោះលែងវិញ បន្ទាប់ពីមានសមាជិកសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ឬហៅថា សមាជិកសមាគមម៉ូតូឌុបជាង ១០០នាក់ លើកគ្នាទៅតវ៉ានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ មីនា។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនគរបាលចរាចរណ៍ ប្រធានសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ឯ សុភាស់ មានប្រសាសន៍នៅថា បញ្ហាលើកគ្នាមកតវ៉ានេះ គឺកើតឡើងពីការយល់ច្រឡំ ដោយសារតែឃើញឡានត្រូវអនុញ្ញាតឱ្យចេញក្រៅ រីឯរ៉ឺម៉កម៉ូតូត្រូវឃុំទុក៖ «អ៊ីចឹងទៅធ្វើឱ្យពួកគាត់ ថាហេតុអីបានជាឡានចេញ រ៉ឺម៉កនៅ? គាត់មកសួរហេតុផលហ្នឹងទេ។ អ៊ីចឹងទៅ ល្ងាចមិញខ្ញុំក៏បានសួរនាំទៅខាងការិយាល័យដែរថា ឡានក៏បានចេញមែន ប៉ុន្តែឥឡូវគាត់យកមកវិញ។ តែរហូតមកដល់ឥឡូវនេះ បន្ទាប់ពីបងប្អូនមកទាមទារសុំឱ្យរ៉ឺម៉កបងប្អូនគាត់ ដែលជាមហាគ្រួសារនៅសមាគមឱ្យបានទៅរកស៊ីដូចឡានដែរ។ ឥឡូវនេះ ខ្ញុំបានជួបបង (នគរបាល) ដោយសារមានការយល់ច្រឡំពីសំណាក់មហាជនថា បងសមត្ថកិច្ចមានចេតនាណាមួយ ដោះលែងឱ្យឡានទៅ ហើយទុករ៉ឺម៉ក មិនមែនទេ។ ខ្ញុំបាននិយាយជាមួយគាត់ ហើយឥឡូវនេះសម្របសម្រួលចប់។ ឡានក៏ចេញ រ៉ឺម៉កក៏ចេញ ដោយខាងភាគីឡានគាត់អនុគ្រោះដល់យើង ដោយមិនមានសំណងអ្វីទាំងអស់ពីខាងរ៉ឺម៉ក»។
សមាជិកម្នាក់នៃសមាគមម៉ូតូឌុប បានឱ្យដឹងថា ការនាំឱ្យក្រុមអ្នករត់រ៉ឺម៉កម៉ូតូប្រមូលផ្ដុំគ្នាតវ៉ានោះ គឺបន្ទាប់ពីទទួលព័ត៌មានថា នគរបាលអនុញ្ញាតឱ្យឡានដែលមានបញ្ហាចរាចរណ៍ចេញក្រៅ រីឯរ៉ឺម៉កម៉ូតូត្រូវឃុំទុក ហើយទាមទារប្រាក់ ៧០០ដុល្លារ ដើម្បីលោះយករ៉ឺម៉កម៉ូតូនោះមកប្រកបរបរវិញ។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ចេវ ហាក់ បដិសេធចំពោះព័ត៌មាននេះ៖ «បញ្ហានេះ ខាងសមាគមក៏ដូចជាខាងអង្គភាពយើងខ្ញុំ បានសម្រុះសម្រួលគ្នាបញ្ចប់ករណីនេះហើយ។ ហើយបងប្អូនដែលគាត់អញ្ជើញមកនេះ ក៏គាត់មានការភ័ន្តច្រឡំផងដែរថា ការទារលុយពីខាងអ្នកទុកទុក ៧០០ដុល្លារអីនេះជាការយល់ច្រឡំមួយ ដែលគាត់លើកគ្នាមកនេះ។ បញ្ហានេះ ខ្ញុំបានជួបហើយជាមួយតំណាងសហគមន៍ ក៏ដូចជាម្ចាស់អ្នករត់អាទុកទុកផ្ទាល់តែម្ដង ដែលគាត់មានពាក់ព័ន្ធក្នុងករណីនេះ។ អ៊ីចឹងនេះជាករណីមួយដ៏តូច ដែលធ្វើឱ្យមានបញ្ហាមួយ បងប្អូនប្រជាពលរដ្ឋគាត់មក ស្មានតែរឿងបាតុកម្មទាមទារ។ បាទ! នេះដែលជាបញ្ហាមួយ»។
លោក ចេវ ហាក់ បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍រវាងរ៉ឺម៉កម៉ូតូ និងឡានតូចម៉ាក ព្រូស (Prius) កាលពីថ្ងៃទី៨ មីនា នោះ ខូចខាតសម្ភារៈបន្តិចបន្តួច ប៉ុន្តែមិនបណ្ដាលឱ្យរបួស ឬគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ លោកបន្តថា ការដែលក្រុមសមាជិកសមាគមលើកគ្នាមកតវ៉ានេះ គឺបន្ទាប់ពីការចរចាគ្នាពីរលើកមិនត្រូវគ្នា។
មុននឹងប្រគល់រ៉ឺម៉កម៉ូតូដល់សមាគមវិញ លោក ចេវ ហាក់ ថ្លែងទៅអ្នករត់ម៉ូតូទាំងនោះឱ្យគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ ដែលគិតជាមធ្យម ៣ករណីក្នុងមួយថ្ងៃ។ លោកថា ការរក្សាសុវត្ថិភាពចរាចរណ៍នេះ គឺផ្ដើមចេញពីសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលមានសមាជិកអ្នករត់ម៉ូតូឌុប និងជាអ្នករកស៊ីលើដងផ្លូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។