
ក្រោយពេលដែលអង្គការសហប្រជាជាតិ ប្រកាសពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ឆ្នាំ២០១៦-២០៣០ អង្គការសង្គមស៊ីវិលនៅកម្ពុជា ជួបជុំគ្នារកយុទ្ធសាស្ត្ររួម ដើម្បីធ្វើយ៉ាងណាឲ្យសម្រេចគោលដៅនេះ។ ក្រុមអង្គការសង្គមស៊ីវិល កំណត់យកការពង្រឹងការអនុវត្តគណនេយ្យភាពនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីឲ្យប្រាកដថា រាល់កិច្ចការដែលអនុវត្តទៅ ស្របទៅនឹងទិសដៅនៃការអភិវឌ្ឍជានិរន្តរភាព។
អង្គការសង្គមស៊ីវិលប្រមាណ ៧៤ ជជែកគ្នានៅថ្ងៃទី៦ ខែកញ្ញា នេះ រកយុទ្ធសាស្ត្រដើម្បីពង្រឹងគណនេយ្យភាពក្នុងការអនុវត្តការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព។ ការពិភាក្សានេះ ស្របពេលរដ្ឋាភិបាលកម្ពុជា បង្ហាញការប្ដេជ្ញាចិត្តសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរយៈពេល ១៥ឆ្នាំ ដែលមេដឹកនាំកំពូលនៅលើពិភពលោក បានអនុម័តនៅអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ។
ការពិភាក្សាដែលរៀបចំឡើងដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា (CCC) បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងការអភិវឌ្ឍ និងគណនេយ្យភាព។
នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន ពន្យល់ថា ការខ្វះខាតគណនេយ្យភាពក្នុងអភិបាលកិច្ច ធ្វើឲ្យការអភិវឌ្ឍមិនមានប្រសិទ្ធភាព និងបង្កជាគ្រោះថ្នាក់ដល់សង្គមជាតិ។ គ្រោះថ្នាក់នេះត្រូវ លោក សារឿន លើកជាឧទាហរណ៍ថា ការគ្រប់គ្រងព្រៃឈើមិនមានគណនេយ្យភាព ធ្វើឲ្យមានការកាប់បំផ្លាញព្រៃឈើអនាធិបតេយ្យ ជាដើម៖ «ចឹងហើយបានជាយើងយកប្រព័ន្ធគណនេយ្យភាព និងអភិបាលកិច្ចល្អហ្នឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់។ យើងចាត់ថា ប្រព័ន្ធគណនេយ្យភាព និងអភិបាលកិច្ចល្អ ជាគ្រឹះដ៏រឹងមាំ ដូចជាការសង់ផ្ទះថ្មមួយចឹង»។
កន្លងមក ការងាររបស់អង្គការសង្គមស៊ីវិល ត្រូវបានគេផ្តល់ពិន្ទុផ្នែកគណនេយ្យភាពខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងស្ថាប័នផ្សេងទៀត។ នេះ បើតាមការលើកឡើងរបស់ លោក សឿង សារឿន។
លោក ឈៀត ស្រ៊ាង ជាទីប្រឹក្សាឯករាជ្យ បានធ្វើការសិក្សាស្រាវជ្រាវមួយស្ដីពី «មូលដ្ឋានីយកម្ម និងហិរញ្ញប្បទានសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»។ ការសិក្សានេះ បានរកឃើញថា ប្រទេសកម្ពុជា ជួបប្រទះនឹងឧបសគ្គមួយចំនួនដែលរាំងស្ទះដល់ការអភិវឌ្ឍ។ លោកថា ឧបសគ្គនោះមានការកាប់បំផ្លាញព្រៃឈើ ការខ្វះចន្លោះរបស់ស្ថាប័នរដ្ឋក្នុងការគ្រប់គ្រងដំណើរការអភិវឌ្ឍ ភាពក្រីក្រ និងការធ្វើការមិនសូវចុះសម្រុងគ្នារវាងម្ចាស់ជំនួយ និងរដ្ឋាភិបាល។
លោកស្រី ជូ លីសាង ជាមន្ត្រីនៃអង្គការឡូវ៉ង់ ខមភើរេស្យុង (Louvain Coopération) ដែលជាទីភ្នាក់ងារផ្ដល់ជំនួយរបស់ប្រទេសបារាំង ដល់អង្គការក្នុងស្រុកដែលធ្វើការផ្នែកសុខភាព និងសន្តិសុខស្បៀង។ លោកស្រី លីសាង បង្ហាញថា អង្គការរបស់លោកស្រីមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល និងអង្គការជាដៃគូ។ ក្នុងនាមជាទីភ្នាក់ងារផ្តល់ជំនួយ លោកស្រី ជូ លីសាង និយាយថា អង្គការរបស់លោកស្រីធ្វើការសហការដោយប្រុងប្រយ័ត្នបំផុត ដោយសម្លឹងមើលរបាយការណ៍គណនេយ្យភាព ពេលជ្រើសរើសអង្គការក្នុងស្រុក ដើម្បីផ្ដល់ហិរញ្ញប្បទាន៖ «ព្រោះ Donor (ម្ចាស់ជំនួយ) ចង់បានអង្គការណាមានតម្លាភាព ភាពស្មោះត្រង់ មិនលម្អៀង មិនកេងប្រវ័ញ្ច ព្រោះគេផ្ដល់ជំនួយមកគេទុកចិត្ត»។
ទោះបីជាក្រុមអង្គការសង្គមស៊ីវិល មានការប្ដេជ្ញាចិត្តដើម្បីពង្រឹងការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងរយៈពេល ១៥ឆ្នាំទៅមុខឲ្យមានភាពជោគជ័យក៏ដោយ ក៏ប៉ុន្តែសម្រាប់បរិបទកម្ពុជា បច្ចុប្បន្ន អាចមានឧបសគ្គខ្លះដល់អង្គការសង្គមស៊ីវិល។ ពួកគាត់ព្រួយបារម្ភពីច្បាប់ស្ដីពីអង្គការសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលត្រូវបានព្រះមហាក្សត្រ ប្រកាសឲ្យប្រើជាផ្លូវការកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ថាមានចំណុចខ្លះនឹងរឹតត្បិតដល់ការអនុវត្តការងាររបស់អង្គការសមាគម។
ទោះបីជាយ៉ាងណា លោក សឿង សារឿន កត់សម្គាល់ថា មុនពេលច្បាប់នេះចេញជារូបរាងឡើង សង្គមស៊ីវិលបានជួយដើរតួនាទីជំនួយរដ្ឋាភិបាល ដើម្បីផ្ដល់សេវាដល់ប្រជាពលរដ្ឋ។ លោកបន្តថា បន្ទាប់ពីមានច្បាប់ស្ដីពីអង្គការសមាគម សង្គមស៊ីវិលដើរតួនាទីជាអ្នកអប់រំដល់ប្រជាពលរដ្ឋ ដើម្បីឲ្យដឹងពីតម្រូវការរបស់ខ្លួន និងងាយស្រួយជំរុញដល់រដ្ឋាភិបាលបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា កំពុងអនុវត្តគម្រោងស្តង់ដារជាសកល ពង្រឹងគណនេយ្យភាពអង្គការសង្គមស៊ីវិលដែលមានរយៈពេល ៣ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។