លោក កែម ឡី បង្ហាញ​ដំណោះស្រាយ​ទប់ស្កាត់​ចលនា​ចំណាក​ស្រុក​ជនបទ

0:00 / 0:00

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ចេញ​ផ្សាយ​ឆ្នាំ​២០១៣ បង្ហាញ​ថា កំណើន​កម្លាំង​ពលកម្ម​នៅ​កម្ពុជា មាន​ចំនួន ២២​ភាគរយ ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥។ បើ​តាម​ការ​ប៉ាន់ស្មាន មាន​យុវជន​ប្រមាណ ២៥​ម៉ឺន​នាក់​ដល់ ៣០​ម៉ឺន​នាក់ ដើរ​ចូល​ក្នុង​ទីផ្សារ​ការងារ​ក្នុង​មួយ​ឆ្នាំៗ។ ក៏ប៉ុន្តែ​ដោយ​មិន​មាន​ការងារ​គ្រប់គ្រាន់ និង​មាន​ប្រាក់​ខែ​តិច យុវជន​ខ្លះ​សម្រេច​ចិត្ត​ចំណាក​ស្រុក​ពី​ជនបទ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ស្វែងរក​ការងារ​ល្អ​ធ្វើ។ ជា​លទ្ធផល កាល​ពី​ឆ្នាំ​២០១០ មាន​ប្រជាពលរដ្ឋ​កម្ពុជា ចំនួន​ជាង ៣៥​ម៉ឺន​នាក់ (៣៥០.៤០០​នាក់) ចំណាក​ស្រុក​ទៅ​បរទេស។

តើ​មាន​យុទ្ធសាស្ត្រ​ណា​ដែល​អាច​ទប់ស្កាត់​ចលនា​ចំណាក​ស្រុក​នេះ​បាន?

យុទ្ធសាស្ត្រ​កាត់​បន្ថយ​ចំណាក​ស្រុក​ជនបទ និង​យុវជន អាច​ស្ថិត​នៅ​ក្នុង​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ភូមិ និង​ឃុំ។ ធនធាន​យុវជន អាច​ធ្វើ​ដំណើរ​ត្រឡប់​មក​ជនបទ និង​ភូមិ​កំណើត​វិញ ករណី​រដ្ឋាភិបាល​មើល​ឃើញ​ការ​អភិវឌ្ឍ​ឃុំ ជនបទ និង​តំបន់​ដាច់​ស្រយាល​ជា​ការ​សំខាន់ និង​វិភាព ឬ​ផ្តល់​ថវិកា​យ៉ាង​ហោច​ណាស់ ១​លាន​ដុល្លារ​សម្រាប់​មួយ​ឃុំ ឬ​សង្កាត់​ក្នុង​មួយ​ឆ្នាំៗ។

សហគមន៍​មួយ​រស់​រវើក និង​មាន​ការ​អភិវឌ្ឍ​បៃតង​បាន​ល្អ លុះត្រា​តែ​រដ្ឋ​មាន​ការ​វិនិយោគ​ត្រឹមត្រូវ និង​ផ្ដោត​លើ​អាទិភាព​មូលដ្ឋាន​ពិត​ប្រាកដ។

ថវិកា​រដ្ឋ​ក្នុង​មួយ​ឆ្នាំៗ ជាពិសេស​ឆ្នាំ​២០១៦ មាន​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ នៅ​ពេល​ដែល​ឃុំ និង​សង្កាត់​សរុប​មាន​ចំនួន ១.៦៣៣ តែ​ទទួល​បាន​ថវិកា​វិនិយោគ​ចន្លោះ​តែ ១​ម៉ឺន​ដុល្លារ​ដល់ ៥​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ក្នុង​ករណី​ដែល​រដ្ឋាភិបាល​វិនិយោគ​ថវិកា​តែ ១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុង​មួយ​ឃុំ ឬ​សង្កាត់​នោះ ឃុំ-សង្កាត់ អាច​ទាញ​យក​ធនធាន​មនុស្ស អ្នក​ជំនាញ​ពី​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​អ្នក​ជំនាញ​ក្រៅ​ប្រទេស​មក​ធ្វើ​ការ​ជា​ជំនាញការ និង​អ្នក​បច្ចេកទេស​ក្នុង​កិច្ច​អភិវឌ្ឍន៍​ទាំង ៥​វិស័យ​បាន​ល្អ។ វិស័យ​ទាំង​៥ នេះ​រួម​មាន សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ រដ្ឋបាល និង​សន្តិសុខ និង​កិច្ចការ​យេនឌ័រ។

បន្ថែម​ពី​នេះ រដ្ឋាភិបាល​អាច​ដាក់​ពង្រាយ​មន្ត្រី​រដ្ឋបាល​សាធារណៈ ឬ​មន្ត្រី​រាជការ​ឡើង​វិញ​ពី​ក្រសួង មន្ទីរ និង​ការិយាល័យ​ស្រុក ទៅ​ធ្វើ​ការ​នៅ​ទីតាំង​សេវា​សាធារណៈ​ផ្ទាល់ ដែល​ស្ថិត​នៅ​ជិត​ប្រជាពលរដ្ឋ​តាម​សហគមន៍ ភូមិ-ឃុំ​បាន។

គួរ​កត់​សម្គាល់​ថា ជំនាញ​បច្ចេកទេស ហិរញ្ញវត្ថុ និង​ជំនាញ​អភិវឌ្ឍន៍ ត្រូវ​បាន​ធ្វើ​វិមជ្ឈការ (Technical & Financial Decentralization) ទាំង​ស្រុង​ទៅ​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន តែ​រដ្ឋាភិបាល​មិន​ទាន់​អាច​ធ្វើ​បាន​ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ​មក​ហើយ បើ​ទោះ​បី​ជា​មាន​កម្មវិធី​សិលា (SEILA Program) កម្មវិធី​ដៃគូ​អភិបាលកិច្ច​មូលដ្ឋាន (PLG) រហូត​ដល់​បច្ចុប្បន្ន កម្មវិធី​ជាតិ​សម្រាប់​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ (NCDD)។

អ្វី​ដែល​មិន​គួរ​មើល​រំលង​នោះ ឃុំ និង​សង្កាត់ អាច​ទទួល​ធនធាន​ពី​ខាង​ក្រៅ​ដទៃ​ទៀត (Community and external Resource Mobilization) សម្រាប់​អភិវឌ្ឍ​ឃុំ និង​សង្កាត់​របស់​ខ្លួន ស្រប​តាម​ផែនការ​អភិវឌ្ឍន៍ និង​ផែនការ​វិនិយោគ​ឃុំ និង​សង្កាត់ (CDP & CIP) ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ឃុំ និង​សង្កាត់ អាច​រៀបចំ​ឃុំ ឬ​សហគមន៍​ដៃគូ​រស់​រវើក​ជាមួយ​សហគមន៍​នៃ​ប្រទេស​ជិត​ខាង និង​បណ្ដា​ប្រទេស​នៅ​លើ​សកលលោក ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ផ្តល់​ស្វ័យភាព​ពេញលេញ​ដល់​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​ឃុំ និង​សង្កាត់ (Self-Mobilization)។

បើ​សង្កេត​ទៅ​ឃុំ និង​សង្កាត់​នីមួយៗ មាន​ភូមិ​ជា​មធ្យម​ចំនួន ៧ ដល់ ២០​ភូមិ ដែល​មាន​ប្រជាពលរដ្ឋ​ក្នុង​មួយ​ឃុំ ឬ​មួយ​សង្កាត់​ប្រមាណ​ជា​មធ្យម​ពី ២​ពាន់​នាក់​ទៅ ៤​ពាន់​នាក់។ ដូច​នេះ ករណី​រដ្ឋ​ធ្វើ​ការ​វិភាព ឬ​ផ្តល់​ថវិកា​ចំនួន ១​លាន​ដុល្លារ​ដល់​ឃុំ ឬ​សង្កាត់​នីមួយៗ​ក្នុង​មួយ​ឆ្នាំ​នោះ ភូមិ-ឃុំ និង​សង្កាត់ អាច​ចំណាយ​ពេល​តែ ២​អាណត្តិ នឹង​មាន​ភាព​រីក​ចម្រើន ហើយ​សហគមន៍​រស់​រវើក​បាន។ បើ​មែន​នោះ ចំណាក​ស្រុក​ជនបទ អាច​កាត់​បន្ថយ​បាន​ច្រើន ស្ថានភាព​ក្រីក្រ​អាច​ធ្លាក់​ចុះ។

បច្ចេកវិទ្យា​ឥឡូវ​ទំនើប រដ្ឋាភិបាល​គួរ​ទាញ​ប្រយោជន៍​ពី​នេះ។ ប្រព័ន្ធ​ព័ត៌មាន​ស្ថិតិ​ចាប់​ពី​ការ​ប្រមូល បញ្ចូល វិភាគ រៀបចំ​ទិន្នន័យ បកស្រាយ​ទិន្នន័យ និង​ការ​ប្រើប្រាស់​ទិន្នន័យ​នោះ ភូមិ-ឃុំ​អាច​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ គ្រប់គ្រង​ព័ត៌មាន និង​ការ​វាយ​តម្លៃ​ការ​អនុវត្ត (1. Performance Information System, 2. Performance Evaluation System & 3. Performance Incentive System)។

បើ​រដ្ឋាភិបាល​ចង់​ឃើញ​សហគមន៍​ជនបទ​រស់​រវើក​ឡើង​វិញ​មែន​នោះ រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ផ្តល់​ស្វ័យភាព​ទាំង​ស្រុង ទាំង​បច្ចេកទេស ហិរញ្ញវត្ថុ ធនធាន​មនុស្ស និង​សេចក្តី​សម្រេច​ចិត្ត​ដល់​ថ្នាក់​ឃុំ-សង្កាត់។

ចុង​ក្រោយ សេវាកម្ម​រដ្ឋ​ទាំងអស់ រួម​ទាំង​សេវាកម្ម​លិខិត​ឆ្លង​ដែន សេវាកម្ម​សុំ​បើក​អាជីវកម្ម សេវាកម្ម​កម្មសិទ្ធិ​ដី ផ្ទះ សេវាកម្ម​រដ្ឋបាល សង្គមកិច្ច បរិស្ថាន សន្តិសុខ និង​សេវាកម្ម​នានា ត្រូវ​វិមជ្ឈការ​ឲ្យ​ដល់​ឃុំ និង​សង្កាត់​ទាំង​ស្រុង​ជា​អ្នក​ផ្តល់​សេវា រួច​ហើយ​ថ្នាក់​ជាតិ និង​ខេត្ត មាន​តួនាទី​អភិបាលកិច្ច​ល្អ ផ្តល់​បច្ចេកទេស ចលនា​ធនធាន និង​ផ្តល់​ការ​គាំទ្រ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត។

សរុប​សេចក្តី​ទៅ ចលនា​ចំណាក​ស្រុក​នឹង​ថយ​ចុះ ហើយ​ភូមិ-ឃុំ នឹង​ស្រស់ស្រាយ ប្រសិន​បើ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ប្រជាជន​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ផ្ចិតផ្ចង់​បន្តិច​ថែម​ទៀត។

សូម​បញ្ជាក់​ថា រាល់​គំនិត​យោបល់​នៅ​ក្នុង​អត្ថបទ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​វិទ្យុ​អាស៊ីសេរី ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។