ប្រជាពលរដ្ឋនៅ ក្នុងឃុំចំនួនបី ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងតែព្រួយបារម្ភថា ពួកគាត់អាចនឹងដាច់ស្បៀងនៅពេលខាងមុខ ដោយសារតែស្រូវរបស់គាត់នៅឆ្នាំនេះ មិនទទួលបានផលល្អ។ អ្នកស្រុកថាភាពរាំងស្ងួតកន្លងមកនេះ សំណាបសន្ទូងរបស់គាត់មិនលូតលាស់កើតទេ ហើយមានស្រូវក្នុងស្រែខ្លះស្វិតខូចទៀតផង។
វាលស្រែពណ៌បៃតងលាតសន្ធឹងចន្លោះពីភូមិមួយទៅភូមិមួយ ក្នុងឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ស្រូវក្នុងស្រែទាំងនោះហាក់លូតលាស់បានតិចតួច បើធៀបតំបន់ផ្សេងទៀតក្នុងខេត្តព្រៃវែង ដែលមានសន្ទូងបែកគុម្ព ឬស្រែខ្លះស្រូវចាប់ផ្ដើមចេញដង្ហើមទៅហើយនោះ។
ស្រូវក្នុងស្រែនៃឃុំនេះ គឺស្រែខ្លះមានសន្ទូង ស្រែខ្លះធ្វើស្រូវពង្រោះ ហើយមិនទាន់បានដុះលូតលាស់ល្អទេ បើពេលនេះសឹងតែហួសរដូវភ្លៀងធ្លាក់ទៅហើយ។
អ្នកភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ថ្លែងថា នៅតំបន់របស់ពួកគាត់រស់នៅ គឺមិនមានទឹកភ្លៀងស្រោចស្រព គ្រប់គ្រាន់ដើម្បីអាចធ្វើស្រែ ឬដើម្បីឲ្យស្រូវលូតលាស់បានទាន់ពេលវេលានោះទេ។ ការរាំងស្ងួតកន្លងមកនេះ គឺបានធ្វើឲ្យស្រូវក្នុងស្រែខ្លះក្រៀមស្វិត និងងាប់បណ្ដើរ។
និយាយបណ្ដើរច្រូតស្មៅដែលដុះប្រណាំងស្រូវក្នុងស្រែនោះបណ្ដើរ អ្នកស្រី ហៀង ស៊ីនឿន បានថ្លែងថា ពួកកាត់កំពុងតែព្រួយបារម្ភថា នឹងប្រឈមមុខខ្វះស្បៀងសម្រាប់ពេលទៅខាងមុខទៀត នេះ ដោយសារតែស្រូវវស្សារបស់គាត់ឆ្នាំនេះ គឺមិនទទួលបានផល៖ «រាល់ឆ្នាំពូ ! ដល់រដូវវាអ៊ីចឹងដល់ទឹកមកច្រើនអ៊ីចឹងស្រូវរីកលូតឡើង ហើយគុម្ពវាស្រោងឡើងតាមទឹកទៅវាខ្ពស់។ ដល់ឥឡូវគ្មានទឹកអ៊ីចឹងមានអីល្អ ពូឯងមើលនេះ។ សំណួរ៖ គិតយ៉ាងដូចម្ដេចទៅឆ្នាំនេះបានស្រូវយ៉ាងម៉េចដែរ ? ចម្លើយ៖ មិនបានទេពូ ! បើអ៊ីចឹងរហូត មើលស្រែខ្ញុំអ៊ីចឹងរហូតនេះ។ នៅខាងនោះមានស្រែខ្ញុំមួយដែរ គឺសិតតែស្មៅអ៊ីចឹង សំណាបក្រហមអ៊ីចឹងពូ ! ។ អូ ! ភ័យមែនទែនពូ រាល់ថ្ងៃខ្ញុំភ័យ ព្រោះអីយើងគ្មានមនុស្សទៅរកហ្នឹងណាពូ។ ភ័យរឿងស្រូវបើរាល់ឆ្នាំគ្មានលុយចាយ តែបានស្រូវហូបទៅ យើងចេះតែរកអីហូបទៅ ចុះឆ្នាំនេះអត់ទាំងស្រូវទៀតនោះ»។
អ្នកស្រីបានបន្ថែមថា អាកាសធាតុហាក់ប្រែប្រួលអស់ហើយនៅពេលបច្ចុប្បន្ននេះ ខែវស្សាដល់រដូវធ្វើស្រែធ្វើចម្ការ បែរជាមិនមានភ្លៀង ហើយស្រូវដែលនៅរស់ពណ៌បៃតងបន្តិចនោះ គឺដោយមានភ្លៀងរលឹមបន្តិចបន្តួច មិនសើមដីផង។
មិនមែនតែពលរដ្ឋរស់នៅក្នុងឃុំព្រៃពោននោះទេ ពលរដ្ឋដែលរស់នៅក្នុងឃុំជិតគ្នានោះដែរ គឺឃុំជ្រៃ ក្នុងស្រុកកំពង់ត្របែកវិញ គឺជួបគ្រោះរាំងស្ងួតស្រដៀងគ្នានោះដែរ។
អ្នកស្រី ហ៊ុន សុភឺន រស់នៅក្នុងឃុំជ្រៃ ស្រុកកំពង់ត្របែក ថ្លែងថាភ្លៀងបន្តិចកាលពីបី បួន ថ្ងៃមុននេះ គឺរូបគាត់បានទៅទិញជីដើម្បីដាក់ស្រូវក្រែងអាចជួយឲ្យស្រូវលូតលាស់បន្តិច ប៉ុន្តែមើលទៅហាក់គ្មានសង្ឃឹមដដែល៖ « គ្មានទឹកទេ ! ទិញបណ្ដាក់ជីគេអស់ពីរបាវហើយ មិនទាន់ដឹងស្អីអ៊ីណាផង បើស្រូវគ្នា ទទេ។ ខំតែឃើញភ្លៀងមកនាំគ្នាទៅបណ្ដាក់ជីសាកមើល ក្រែងលោបានខ្លះ តែឥឡូវមិនដឹងយ៉ាងម៉េចទេ បើភ្លៀងអ៊ីចឹង។ ដេកបន់រាល់យប់ឲ្យតែភ្លៀងច្រើន ហ៊ឺ ! រាល់ឆ្នាំនិយាយពីស្រូវក៏ចេញហើយ ចេញដូចរបៀបអ៊ីចឹងនេះ ឥឡូវឆ្នាំនេះទទេពូអឺយ គ្មានសង្ឃឹមអីទេ។ វាមិនស្កកទេ គឺវាមិនមានដង្ហើមចេញតែម្ដងព្រោះវារាំងពេកវាអត់មានទឹក ហ្នឹងហើយវាសិតតែស្មៅផងពូ ស្មៅដុះលឿនជាងស្រូវ »។
អ្នកស្រី បាននិយាយឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំនៅក្នុងខែកត្តិក គឺបានច្រូតស្រូវខ្លះៗហើយ ម្យ៉ាងពលរដ្ឋក៏មិនប្រឈមមុនខ្វះខាត់ដូចរាល់ថ្ងៃនេះទេ ដោយរាប់ទាំងស្រូវអង្ករ ឬម្ហូបអាហារត្រីសាច់ជាដើម៖ «ធ្លាប់តែរាល់ឆ្នាំមិនពិបាកទេពូ ! តែដល់ខែនេះស្រូវជិតអស់ជំរំហើយ សូម្បីតែម្ហូបអាហារមិនពិបាកផង ឥឡូវឆ្នាំនេះវេទនាទាំងអស់ វេទនាទាំងសត្វ វេទនាទាំងមនុស្ស។ យប់មិញភ្លៀងមកហ្នឹងគឺបន់អើយបន់ បន់ឲ្យភ្លៀងលិចភ្លឺស្រែ ក្រែងលោស្រូវបានចេញបានហូបខ្លះ។ ឥឡូវនេះគ្មានទេពូបើចេញអ៊ីចឹង ចូលខែកត្តិកស្អែកហើយ ចប់ហើយ វាទាំងអស់ឲ្យគោស៊ីចង់អស់ហើយ បើវាគ្មានពូ ! វាចេញដង្ហើមមិនរួចប្រវែងៗ ( ចង្អុលដៃ ) ហើយមានស្មៅទៀត»។
តាមតួលេខពីមន្ត្រីស្រុកកំពង់ត្របែក គឺមានផ្ទៃដីប្រហែលជា៥រយ ហិកតារ ដែលជួបគ្រោះរាំងស្ងួត។លោក ប៉ែន សំអូន សមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្របែក ថ្លែងថា កន្លងមកថ្មីៗ នេះគឺមានមន្ត្រីជំនាញផ្នែកកសិកម្មបានយកពូជស្រូវផ្ដល់ជូនដល់កសិករមួយចំនួនដែរ។ តែទោះយ៉ាងណាលោកនៅតែបារម្ភថា ពលរដ្ឋនៅឃុំចំនួន៣ គឺឃុំចាម ឃុំព្រៃពោន និងឃុំជ្រៃ អាចនឹងប្រឈមមុខខ្វះស្បៀងនៅពេលខាងមុខ ប្រសិនបើមិនមានភ្លៀងគ្រប់គ្រាន់ សម្រាប់ពួកគាត់អាចធ្វើស្រូវប្រាំង។
អាកាសធាតុប្រែប្រួលនេះបានធ្វើឲ្យខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ជួបគ្រោះទឹកជំនន់ ហើយខេត្តខ្លះជួបគ្រោះរាំងស្ងួត ដូចជានៅខេត្តព្រៃវែង ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជាដើម។ ចំពោះប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ប្រឈមមុខនឹងគ្រោះរាំងស្ងួតទាំងនោះ អាចត្រៀមខ្លួនដើម្បីធ្វើដំណាំប្រភេទចម្រុះនៅក្នុងខាងមុខដើម្បីអាចរកប្រាក់ចំណូលផ្គត់ផ្គង់ដល់គ្រួសារជំនួសផលស្រូវដែលអាចខូចខាតទិន្នផល។
មន្ត្រីព័ត៌មាននៃមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោក ហ៊ឹម ខទៀត បានថ្លែងថា កសិករត្រូវចេះពីវិធីរក្សាទឹកទុកដើម្បីធ្វើដំណាំរួមផ្សំបន្តទៀត៖ « ជាដំណោះស្រាយគឺអត់ខុសឆ្នាំមុនដែរ គឺអង្គការ CEDAC យើងតែងតែអំពាវនាវ ឬណែនាំដល់កសិករយើងគាត់ធ្វើការដាំដុះហ្នឹងគឺមិនថា គាត់ជួបនូវគ្រោះរាំងស្ងួតឬក៏បញ្ហាក្នុងការដាំដុះទេគឺយើងលើកទឹកចិត្តឲ្យគាត់ធ្វើដំណាំរួមផ្សំដូចជា ប្រភេទបន្លែ ហើយនិងការចិញ្ចឹមសត្វមួយចំនួនផ្សេងទៀតក្រៅពីមុខរបរធ្វើស្រែរបស់គាត់ហ្នឹង។ បើតាមយើងនិយាយជាក់ស្ដែងគឺកសិករនៅខេត្តព្រៃវែង ដែលយើងលើកឡើងគឺ អ្វីដែលគាត់ធ្វើបានគឺគាត់មានតែដាំសណ្ដែកអីហ្នឹង គឺគាត់ត្រូវការតែរយៈពេលតែ៣ខែគាត់អាចប្រមូលផលបានហើយ ម្យ៉ាងទៀតវាមានជីជាតិដី ទីពីរវាអត់សូវប្រើទឹកច្រើនទេ ដែលគាត់អាចបង្កបង្កើនផលបាន » ។
លោកបានលើកឡើងទៀតថា ជាការដោះស្រាយបន្ទាន់រដ្ឋាភិបាលគួរតែរកទីផ្សារសម្រាប់កសិផលដែលផលិតបានតិចតួចនេះឲ្យមានតម្លៃខ្ពស់ ហើយផ្ដល់ទុនក្នុងកម្រិតការប្រាក់ទាបដើម្បីឲ្យកសិករខ្ចីសម្រាប់ប្រកបរបររកស៊ី ឬវិនិយោគលើដីកសិកម្ម និងការចិញ្ចឹមសត្វ របស់ពួកគាត់ ព្រមទាំងត្រូវមានយុទ្ធសាស្ត្រវែងឆ្ងាយសម្រាប់កសិករគឺការផ្គត់ផ្គង់ទឹក ធ្វើប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងទឹក។
កសិករនៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក គឺលោក ហៀង យ៉ន ថ្លែងថា ស្រូវក្នុងរដូវវស្សាខូចខាតក៏ដោយ ប្រសិនបើមានមេទឹក ឬមានទឹកភ្លៀងដែលអាចទប់ទឹកទុកបាននេះ គឺអាចនិងឆ្លៀតបង្កបង្កើនផលនៅរដូវប្រាំងទៀត៖ « ពិបាកដែរប្រសិនបើមានមេទឹកទៅយើងងាយស្រួលក្នុងការដោះស្រាយជីវភាពគ្រួសារ តែដល់ឥឡូវធម្មជាតិមិនអនុគ្រោះអ៊ីចឹងវាពិបាកដល់យើងក្នុងការបង្កបង្កើនផលដែរ។ ការបង្កបង្កើនផលបើមានទឹកបានវាទៅរួចវាទៅទន្ទឹមគ្នាដល់តែមួយវាអត់ហើយយើងទៅចង់ធ្វើមួយទៀតម៉េចនឹងបាន។ បាទ ! បើដោះស្រាយដាំដំណាំរួមផ្សំក៏វាមិនកើតដែរណាក្មួយ ហ្នឹងវារួយប្រស្រ័យគ្នាថា បើមានទឹកនោះយើងអាចធ្វើអ្វីៗកើតទាំងអស់។ ចុះឥឡូវបើយើងអត់ទឹកហ្នឹងយើងបានអី ? ធ្វើអ្វីមិនកើត អ៊ីចឹងបានថា វាទាល់តែម្ដង»។
ទោះយ៉ាងណាកសិករដែលរស់នៅក្នុងតំបន់ប្រឈមនឹងគ្រោះរាំងស្ងួតនោះ នៅតែទន្ទឹងរង់ចាំក្រែងមានភ្លៀងធ្លាក់ក្នុងខែកត្តិក ខាងមុខដើម្បីអាចរក្សាទឹកទុកធ្វើដំណាំរួមផ្សំខ្លះៗបាន បើមិនដូច្នេះទេ ពលរដ្ឋនឹងជួបការលំបាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។