សាសា​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ស្រប​ពេល​លោក​ហ៊ុន​សែន​ចេញ​មុខ​អន្តរាគមន៍

0:00 / 0:00

អតីត​ពិធីការិនី​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) កញ្ញា ឯក សុជាតា ហៅ សាសា បាន​បង្ហាញ​ការ​ជឿ​ជាក់ និង​ក្តី​សង្ឃឹម​ទាំង​ស្រុង​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ការ​បង្ហាញ​ក្តី​សង្ឃឹម​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជំរុញ​ឲ្យ​លោក សុខ ប៊ុន បង្ហាញ​ខ្លួន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ករណី​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ចាត់​ទុក​ថា តុលាការ​កម្ពុជា កំពុងតែ​បែងចែក​គម្លាត​អ្នក​មាន​និង​អ្នកក្រ និង​បន្ត​វប្បធម៌​និទណ្ទភាព​ក្នុង​សង្គម។

កញ្ញា សាសា ជឿ​ជាក់​ថា តុលាការ​នឹង​អាច​រក​យុត្តិធម៌​ជូន​នាង លើ​ករណី​ប្រើ​អំពើ​ហិង្សា​ពី​លោក សុខ ប៊ុន អតីត​នាយក​ក្រុមហ៊ុន សុខ ប៊ុន ហ្គ្រូប (SBG) និង​ក្រុមហ៊ុន​វាយ​តម្លៃ​អចលនវត្ថុ​នៅ​កម្ពុជា។​
​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អស់​រយៈពេល​ជិត ២​ម៉ោង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា កញ្ញា ឯក សុជាតា ឲ្យ​ដឹង​ថា កញ្ញា​បាន​ភ្ជាប់​ជាមួយ​ភស្តុតាង​ទាំង​អស់​ទាក់ទង​ករណី​អំពើ​ហិង្សា ដែល​បាន​ប្រព្រឹត្ត​ដោយ​លោក សុក ប៊ុន។

កញ្ញា​ជឿ​ថា យុត្តិធម៌​នឹង​កើត​មាន​ចំពោះ​អ្នក​រងគ្រោះ ដោយ​មិន​គិត​មាន​ក្រ​នោះ​ទេ៖ «ខ្ញុំ​សង្ឃឹម ១០០​ភាគរយ ទៅ​លើ​ភាព​យុត្តិធម៌ ព្រោះ​ច្បាប់​នៅ​ក្នុង​ស្រុក​មិន​ដូច​គេ​និយាយ​ថា​គ្មាន​យុត្តិធម៌​នោះ​ទេ ព្រោះ​តុលាការ​កំពុង​រឹត​បន្តឹង​ប្រព័ន្ធ​តុលាការ។ យុត្តិធម៌​ពិត​ជា​​មាន​សម្រាប់​ខ្ញុំ ដូច្នេះ​អ្នក​មាន អ្នកក្រ នឹង​ទទួល​បាន​យុត្តិធម៌​ស្មើ​គ្នា»

​ជាង​នេះ​ទៅ​ទៀត កញ្ញា​សប្បាយ​រីករាយ​នៅ​ពេល​មាន​ការ​ឈឺ​ឆ្អាល​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បណ្ដា​មជ្ឈដ្ឋាន​ទាំង​អស់ ដែល​ជួយ​ជំរុញ និង​អន្តរាគមន៍​លើ​រឿង​នាង រហូត​ទទួល​បាន​ចំណាត់​ការ​ពី​តុលាការ។

កញ្ញា​បន្ត​ថា កន្លង​មក​កញ្ញា​តែងតែ​ឮ​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​យុត្តិធម៌​នោះ​ទេ៖ «ខ្ញុំ​មិន​ដែល​ទៅ​មាន​រឿង​អី​ទៅ​ដល់​តុលាការ​អ៊ីចឹង​ទេ ហើយ​ខ្ញុំ​តែងតែ​ឮ​ថា តុលាការ​អយុត្តិធម៌ ខ្ញុំ​ចេះ​តែ​ព្រួយ​បារម្ភ តែ​មក​ឥឡូវ​រឿង​ខ្ញុំ នៅ​មិន​ទាន់​ស្ងាត់ បែរ​ជា​មាន​ការ​ជំរុញ​ពី​មជ្ឈដ្ឋាន​ទៅ​វិញ ខ្ញុំ​ជឿជាក់​លើ​យុត្តិធម៌ រឿង​ខ្ញុំ​សូម្បីតែ​កូនក្មេង​ក៏​គិត​ថា អយុត្តិធម៌​ដែរ»

​ទន្ទឹម​នឹង​នេះ មេធាវី កញ្ញា សាសា លោក ពុធ ធាវី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​រឿង​ក្តី​កញ្ញា​ សាសា កំពុង​ស្ថិត​នៅ​ចៅក្រម​ស៊ើប​អង្កេត ហើយ​លោក​ជឿ​ថា ករណី​នេះ​តុលាការ​នឹង​ដោះស្រាយ​ឆាប់ៗ ហើយ​សង្ឃឹម​ថា ផ្អែកលើ​ភស្តុតាង និង​សាក្សី កូន​ក្តី​លោក​នឹង​ទទួល​បាន​យុត្តិធម៌៖ «រឿង​កូន​ក្តី​ខ្ញុំ មាន​ភស្តុតាង​នៅ​ក្នុង​ដៃ​អស់​ហើយ នៅ​ចាំ​តែ​តុលាការ​ស៊ើប​អង្កេត​បន្ត តែ​ទោះជា​យ៉ាង លទ្ធផល​នឹង​វិជ្ជមាន»

​ចំណែក​ឯ​មេធាវី លោក សុខ ប៊ុន ឯ​ណោះ​វិញ លោក យិន សុភី បាន​ឲ្យ​ដឹង​ថា លោក សុខ ប៊ុន និង​ត្រឡប់​មក​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ដើម្បី​បំភ្លឺ​នៅ​តុលាការ៖ «ពេល​គាត់​មក​ដល់ យើង​នឹង​រៀបចំ​ឲ្យ​គាត់​ទៅ​តុលាការ​អាស្រ័យ​លើ​បញ្ហា​សុខភាព​របស់​គាត់»

ករណី​លោក សុខ ប៊ុន ប្រើ​ហិង្សា​លើ​អតីត​ពិធីការិនី​ទូរទស្សន៍​កញ្ញា ឯក សុជាតា ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​មជ្ឈដ្ឋាន​ទូទៅ ថែម​ទាំង​មាន​ការ​អំពាវនាវ​ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង អង្គការ​ផ្នែក​ស្ត្រី និង​ចំណាត់​ការ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ហើយ​ចុង​ក្រោយ​ឈាន​ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវ​ឲ្យ​លោក សុខ ប៊ុន ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ជា​បន្ទាន់។

​ជាង​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាស់​តឿន​លោក សុខ ប៊ុន មិន​ឲ្យ​មាន​ការ​ចរចា​ក្រៅ​ផ្លូវច្បាប់ ដើម្បី​បញ្ចប់​រឿង។ ចំណែក​តុលាការ​ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក សុខ ប៊ុន ភ្លាមៗ​ដែរ។

ករណី​នេះ​ត្រូវ​បាន​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី ចរិយា លើក​ឡើង​ថា ចំណាត់​ការ​របស់​តុលាការ​នៅ​ពេល​នេះ មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​កញ្ញា សាសា ជា​កូន​អ្នក​មាន​ឋានៈ​ក្នុង​សង្គម ពិសេស​មាន​ការ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថា តុលាការ​គឺ​កំពុង​បង្ហាញ​ពី​ការ​បែងចែក​គម្លាត​ឋានៈ​ផ្សេង​គ្នា​រវាង​អ្នក​មាន និង​អ្នកក្រ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពី​អ្នក​នយោបាយ។

លោក នី ចរិយា៖ «តុលាការ​កម្ពុជា គឺ​ជា​តុលាការ​ដែល​មាន​ស្តង់ដារ​ពីរ គឺ​ឲ្យ​តែ​អ្នក​មាន​អាច​ទទួល​បាន​យុត្តិធម៌​បាន តែ​សម្រាប់​កម្មករ​រោងចក្រ​ក្រីក្រ ដូចជា​ករណី​លោក ឈូក បណ្ឌិត បាញ់ តែ​មិន​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​នេះ»។

​អ្នក​សិទ្ធិមនុស្ស និង​អ្នកច្បាប់​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​ដែល​តុលាការ​បែងចែក​គម្លាត​អ្នក​មាន និង​អ្នកក្រ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​តុលាការ លើស​ពី​នេះ និង​កើន​ឡើង​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​កាន់​តែ​ច្រើន ដូច្នេះ​តុលាការ​ត្រូវ​តែ​មាន​កំណែ​ទម្រង់​ដើម្បី​ពលរដ្ឋ​កម្ពុជា ទទួល​បាន​យុត្តិធម៌​ស្មើ​ភាព​គ្នា៖ «ដើម្បី​បង្ហាញ​ថា តុលាការ​ហ្នឹង​ឯករាជ្យ និង​ធានា​យុត្តិធម៌​ដល់​ពលរដ្ឋ​គ្រប់ៗ​គ្នា គឺ​គេ​បង្ហាញ​ថា ជនរងគ្រោះ​ជា​ជន​ក្រីក្រ គ្មាន​លទ្ធភាព​អ្វី​ទាំង​អស់ តែ​ពួកគេ​អាច​ទទួល​បាន​យុត្តិធម៌ នេះ​ហើយ​បាន​ជា​ម៉ែត្រ​វាស់​នៃ​ភាព​យុត្តិធម៌​បាន»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា។

​ស្រប​ពេល​កញ្ញា ឯក សុជាតា បង្ហាញ​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​រិះគន់​កញ្ញា​ថា មាន​អាកប្បកិរិយា​មិន​ល្អ មិន​ផ្ដល់​តម្លៃ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​អ្នក​សារព័ត៌មាន​ទេ។ ពួកគេ​លើក​ឡើង​ថា អតីត​ពិធីការិនី​រូប​នេះ ធ្លាប់​បាន​បើក​រថយន្ត​ស៊េរី​ទំនើប​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ បុក​ម៉ូតូ​ជនជាតិ​បរទេស។ ពេល​នោះ​គេ​ឃើញ​កញ្ញា សាសា ប្រើប្រាស់​អាកប្បកិរិយា​មិន​សមរម្យ​ដាក់​អ្នក​សារព័ត៌មាន លើស​ពី​នេះ​អតីត​ពិធីការិនី​រូប​នេះ បែរ​ជា​មិន​ព្រម​ទទួល​ការ​សម្របសម្រួល​ពី​ប៉ូលិស​នោះ​ទេ បែរ​ជា​ព្យាយាម​សម្របសម្រួល​ជាមួយ​ជនបរទេស​តែ​ពីរ​នាក់​នោះ​ទៅ​វិញ។

​ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ អតីត​ពិធីការិនី កញ្ញា ឯក សុជាតា លើក​ឡើង​ថា ការ​ដែល​កញ្ញា​មិន​ព្រម​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​ប៉ូលិស​នៅ​ពេល​នោះ មិន​មែន​កញ្ញា​មិន​ជឿជាក់​លើ​ច្បាប់​នោះ​ទេ ហើយ​រឿង​នោះ​កញ្ញា​អះអាង​ថា កញ្ញា​មិន​បាន​បើក​​ទៅ​បុក​ម៉ូតូ​ជនបរទេស​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជនបរទេស​ទៅ​វិញ​ទេ ដែល​បាន​ជិះ​ម៉ូតូ​មក​បុក​រថយន្ត​របស់​នាង។

​កញ្ញា ឯក សុជាតា បញ្ជាក់​ថា ករណី​ទាំង​ពីរ​នេះ​មិន​ដូចគ្នា​ទេ ព្រោះ​រឿង​ករណី​បុក​ជនបរទេស ជា​ករណី​ចៃដន្យ និង​ខូចខាត​ទ្រព្យសម្បត្តិ​តិចតួច​អាច​សម្របសម្រួល​គ្នា​បាន។ តែ​រឿង​ករណី​ហិង្សា​នេះ ជា​រឿង​អាយុ​ជីវិត ដែល​តុលាការ​មិន​អាច​ឈរ​មើល​បាន​ឡើយ៖ «រឿង​បើកបរ​ជនបរទេស​ប៉ះពាល់​ទ្រព្យសម្បត្តិ​តិចតួច ហើយ​អាច​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​បាន តែ​រឿង​ហិង្សា​នេះ គឺ​ជា​រឿង​អាយុ​ជីវិត ហើយ​បើ​ខ្ញុំ​បាត់បង់​ជីវិត​តើ​នរណា​អ្នក​ទទួល​ខុស​ត្រូវ?»

​ទាក់ទិន​នឹង​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា នេះ​​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា កន្លង​ទៅ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi) បាន​រិះគន់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ថា​នៅ​តែ​មិន​ទាន់​មាន​ភាព​ឯករាជ្យ និង​មិន​ទាន់​ផ្តល់​យុត្តិធម៌​ពេញលេញ​ដល់​ជន​ក្រីក្រ​​នៅ​ឡើយ។

​ទោះ​ជា​យ៉ាង​ណា មាន​ករណី​អំពើ​ហិង្សា និង​ឃាតកម្ម​ជា​ច្រើន​ដែល​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ ដូចជា សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ លោក ជា វិជ្ជា ករណី​បាញ់​កម្មករ​នៅ​ស្វាយរៀង។ លើស​ពី​នេះ អ្នក​សិល្បៈ​ជា​ច្រើន​រូប​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ករណី​ឃាតកម្ម​លើ​លោក​អ្នកស្រី ពិសិដ្ឋ ពិលីកា ការ​បាញ់​ប្រហារ​លើ កញ្ញា ទូច ស៊ុននិច កញ្ញា ពៅ បញ្ញាពេជ្រ និង​ករណី​ជះ​ទឹក​អាស៊ីដ​លើ​កញ្ញា តាត ម៉ារីណា កញ្ញា អ៊ិន សុលីដា និង​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។