លោក ទៀ បាញ់ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេសវៀតណាម​ពី​ថ្ងៃទី១១ដល់​ថ្ងៃ​ទី​១៣ខែ​ធ្នូ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិចុះ​ថ្ងៃ​ទី១០ខែ​ធ្នូឲ្យ​ដឹង​ថាដំណើរ​ទស្សនកិច្ច​របស់​លោក ទៀ បាញ់ ទៅ​កាន់​ប្រទេស​វៀតណាម​ពេល​នេះធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញរបស់​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ប្រទេស​វៀតណាម។

សេចក្ដី​ប្រកាស​ព័ត៌មានឲ្យ​ដឹង​បន្ត​ថាក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ទៀ បាញ់ និង​សមភាគី​វៀតណាមគ្រោង​នឹង​ជួប​ប្រជុំ​ទ្វេភាគីនិង​ចុះ​ហត្ថលេខា​លើ​ផែនការ​កិច្ចសហប្រតិបត្តិការឆ្នាំ​២០១៦រវាង​ក្រសួង​ការពារជាតិនៃ​ប្រទេស​ទំាងពីរ។

លោក ទៀ បាញ់ ក៏​នឹង​ទៅ​ទស្សនា​បញ្ជា​ការដ្ឋាន​កង​វរសេនាតូចរថ​ពាស​ដែក​លេខ៤៧​របស់ វៀតណាម ក្នុង​រដ្ឋធានី​ហាណូយ (Hanoi) ព្រមទាំង​ទៅ​សួរ​សុខ​ទុក្ខ​សិក្ខាកាម​កង​យោធពល ខេមរភូមិន្ទ ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ។

ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​នេះគឺ​នៅ​បន្ទាប់​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ជួប​ជា​បន្តបន្ទាប់​ជាមួយ​មន្ត្រី​របស់​វៀតណាមដូចជា​ជំនួប​រវាងលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាមនិង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាមកាល​ពី​ខែ​តុលាជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា-ព្រឹទ្ធសភានិង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ជាមួយ​ប្រធាន​គណ​ចលនា​មហាជន​បក្ស​កុម្មុយនិស្ត​វៀតណាម កាល​ពី​ដើម​ខែ​វិច្ឆិកា។

កាល​ពី​ខែ​តុលា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​ក៏​បាន​យាងបំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ចំនួន​៤​ថ្ងៃ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។