គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​នឹង​បើក​កិច្ច​ប្រជុំ​រយៈពេល​៤​ថ្ងៃ​នៅ​ទីក្រុង​បាងកក

គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ជី.ប៊ី.ស៊ី (GBC) គ្រោង​នឹង​បើក​សម័យ​ប្រជុំ​លើក​ទី​១១ របស់​ខ្លួន​រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែ​មីនា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​យោធសេវា​នៃ​ក្រសួង​ការពារ​ជាតិ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ មីនា បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​កម្ពុជា ដែល​ដឹក​នាំ​ដោយ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​គណៈប្រតិភូ​ថៃ ដឹក​នាំ​ដោយ លោក ប្រាវិត វង្សសាវ៉ាន់ (Bravith Vongsavann) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នោះ​ផ្ដោត​លើ​គោលការណ៍​សំខាន់ ៣​ចំណុច គឺ​ការងារ​សន្តិសុខ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ព្រម​ទាំង​ការ​កសាង និង​អភិវឌ្ឍន៍​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ជិត​ខាង​ទាំង​ពីរ។

កិច្ច​ប្រជុំ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ប្រជុំ​ថ្នាក់​ក្រុម​ការងារ និង​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ប្រជុំ​ពេញ​អង្គ។ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ រៀបចំ​កិច្ច​ប្រជុំ​ប្ដូរ​វេន​របស់​ខ្លួន​មួយ​ឆ្នាំ​ម្ដង។ កិច្ច​ប្រជុំ​លើក​នេះ ប្រទេស​ថៃ ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។