អ្នក​វិភាគ៖ ជំនួយ​របស់​ចិន​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច

0:00 / 0:00

ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​សាងសង់​ផ្លូវ ស្ពាន​ថ្នល់ មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នា​ពេល​បច្ចុប្បន្ន។ ហិរញ្ញប្បទាន​ធំ​បំផុត ដែល​ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​សាងសង់​នោះ គឺ​ជា​ជំនួយ​ពី​ប្រទេស​ចិន។

អ្នក​វិភាគ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​យល់​ឃើញ​ថា ជំនួយ​ចិន លើ​ការ​អភិវឌ្ឍ​ស្ពាន​ថ្នល់ ភាគ​ច្រើន​ជា​កម្ចី​សម្បទាន និង​គុណភាព​សាងសង់​មាន​កម្រិត​ទាប។ ម្យ៉ាង​វិញ​ទៀត ប្រទេស​ចិន បាន​ផ្ដល់​កម្ចី​ឲ្យ​កម្ពុជា ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ទៅ​វិញ។

ការ​កសាង​អភិវឌ្ឍ​វិស័យ​ស្ពាន​ថ្នល់​នៅ​កម្ពុជា ជា​វិស័យ​មួយ​ដែល​មិន​អាច​ខ្វះ​បាន ឬ​ជា​វិស័យ​ស្នូល គាំទ្រ​ដល់​ការ​ត​ភ្ជាប់​ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន និង​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ទៀត។ ប៉ុន្តែ ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ភាគ​ច្រើន​តែង​តែ​ទទួល​ការ​ជួយ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដោយសារ​កម្ពុជា មាន​ឱនភាព​ថវិកា​ជាតិ។ បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​សមត្ថភាព​ប្រមូល​ចំណូល​ពី​ពន្ធ ដើម្បី​ចំណាយ​លើ​ផ្នែក​ចរន្ត​តែ​ប៉ុណ្ណោះ មាន​ន័យ​ថា ចំណូល​ពី​ពន្ធ​ទាំងអស់ ត្រូវ​ប្រើ​សម្រាប់​បើក​ប្រាក់​បៀវត្សរ៍​ឲ្យ​មន្ត្រី​រាជការ។

ចំណែក​ការ​ចំណាយ​មូលធន ដែល​ផ្ដោត​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​វិញ បាន​មក​ពី​កម្ចី ឬ​ជំនួយ​ឥត​សំណង។ ប្រទេស​ដែល​ផ្ដល់​ជំនួយ​ច្រើន​ជាង​គេ ស្រប​ពេល​ដែល​កម្ពុជា មាន​ឱនភាព​ថវិកា​នោះ គឺ​ប្រទេស​ចិន។

រដ្ឋាភិបាល​កម្ពុជា និង​ចិន បាន​បង្កើន​ទំនាក់ទំនង​កាន់​តែ​ខ្លាំង​ឡើង ដោយសារ​តែ​ចិន បាន​ផ្ដល់​ហិរញ្ញប្បទាន​យ៉ាង​សន្ធឹកសន្ធាប់​ដល់​កម្ពុជា ដោយ​ឥត​លក្ខខណ្ឌ​អ្វី​ទាំងអស់ ជាពិសេស​នៅ​ពេល​ដែល​ថ្នាក់​ដឹក​នាំ​កម្ពុជា បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន ម្ដងៗ តែង​តែ​ទទួល​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចី​ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​កម្ពុជា មាន​រៀបចំ​កិច្ច​ប្រជុំ​អាស៊ាន​កន្លង​ទៅ ប្រទេស​ចិន ក៏​បាន​ផ្ដល់​ថវិកា​រ៉ាប់រង​ការ​ចំណាយ និង​បាន​ផ្ដល់​សម្ភារៈ​បច្ចេកទេស​ជាច្រើន​ទៀត​ដល់​ក្រសួង​នានា។

ការ​ជួយ​ជ្រោមជ្រែង​ទាំងអស់​នេះ បាន​ទាក់ទាញ​ទឹក​ចិត្ត​ថ្នាក់​ដឹក​នាំ​កម្ពុជា រហូត​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា ប្រទេស​ចិន ជា​ដៃគូ​អភិវឌ្ឍន៍​ដែល​មិន​អាច​ខ្វះ​បាន ដោយសារ​តែ​ចិន តែង​តែ​ផ្ដល់​អ្វី​គ្រប់​បែប​យ៉ាង​ចំ​ពេល​ដែល​កម្ពុជា ខ្វះខាត។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដល់​បច្ចុប្បន្ន បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចី​ត្រង់​អត្រា​ការ​ប្រាក់​ទាប​ចំនួន​ជិត ៣​ពាន​លាន​ដុល្លារ​អាមេរិក។ ទឹក​ប្រាក់​ទាំងអស់ រដ្ឋាភិបាល​បាន​យក​មក​កសាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​ការ​កសាង​ស្ពាន​ថ្នល់ ជាដើម។

ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ប្រើប្រាស់​ជំនួយ​ចិន នៅ​កម្ពុជា ខ្វះ​ការ​ស្រាវជ្រាវ​ជាក់​លាក់។

អ្នក​ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ជំនួយ​ត្រូវ​ឆ្លង​កាត់​វេទិកា​ពិភាក្សា​រវាង​ដៃគូ​អភិវឌ្ឍន៍ និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជំនួយ​មិន​ប្រកប​ដោយ​ប្រសិទ្ធភាព ឬ​ការ​យក​ជំនួយ​មក​ប្រើប្រាស់​ដើម្បី​ផល​ប្រយោជន៍​នយោបាយ ជាដើម។ លោក​បញ្ជាក់​ទៀត​ថា ជំនួយ​របស់​ចិន បាន​ធ្វើ​ឲ្យ​វេទិកា​ពិភាក្សា​នេះ​បាន​ផ្អាក ដោយសារ​តែ​ប្រទេស​ចិន សន្យា​ថា​នឹង​ផ្ដល់​ទឹក​ប្រាក់​កម្ចី​ឲ្យ​កម្ពុជា ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ៖ «សំឡេង»។

បន្ថែម​លើ​នេះ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​រក​ឃើញ​ថា ប្រទេស​ចិន បាន​ផ្ដល់​ជំនួយ​លើ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ជា​ថ្នូរ​នៃ​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច។ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ រក​ឃើញ​ទៀត​ថា ស្រប​ពេល​ដែល​ជំនួយ​ចិន កើន​ឡើង ការ​វិនិយោគ និង​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​កិច្ច​សន្យា​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា វិញ ក៏​កើន​ឡើង​ដែរ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា ការ​វិនិយោគ និង​ជំនួយ​របស់​ចិន បាន​ប៉ះពាល់​ដល់​បរិស្ថាន ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ជាច្រើន​កន្លែង។ ការ​វិនិយោគ និង​ការ​ផ្ដល់​ហិរញ្ញប្បទាន ដើម្បី​កសាង​ស្ពាន​ថ្នល់​ទាំង​នោះ ក៏​បាន​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ពី​ដីធ្លី ឬ​ផ្ទះ​សម្បែង​របស់​ពួក​គេ។ លោក​បញ្ជាក់​ថា ស្រប​ពេល​កម្ពុជា មាន​ភាព​អន់​ខ្សោយ​ប្រព័ន្ធ​គ្រប់គ្រង អ្នក​វិនិយោគ​បរទេស​មួយ​ចំនួន ជាពិសេស​ប្រទេស​ចិន នឹង​ចាប់​ឱកាស​កេង​ចំណេញ​តាម​គ្រប់​រូបភាព​ទាំងអស់។

របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា រដ្ឋាភិបាល​បាន​ទាក់ទាញ​ការ​វិនិយោគ​ចិន មាន​ចំនួន​ប្រមាណ ៤០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ដែល​រក​ស៊ី​នៅ​ក្នុង​វិស័យ​រុករក​រ៉ែ ការ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច និង​វិស័យ​រោងចក្រ​កាត់​ដេរ ជាដើម។ គិត​ត្រឹម​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៣ ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា សរុប​មាន​ចំនួន​ជាង ១០​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំណែក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន នៅ​ក្នុង​វិស័យ​រុករក​រ៉ែ ថាមពល និង​វារីអគ្គិសនី កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង។ ក្នុង​នោះ ក្រុមហ៊ុន​ចិន ចំនួន​ពីរ​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​លើ​ការ​ទាញ​យក​ធនធាន​ប្រេង និង​ឧស្ម័ន​នៅ​ប្លុក​អេ (A) អេហ្វ (F)។ ក្រុមហ៊ុន​ចិន ចំនួន​១១ បាន​ទទួល​សិទ្ធិ​លើ​ដំណាំ​កសិកម្ម និង ៤​ផ្សេង​ទៀត​ទទួល​សិទ្ធិ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី។

ក្រៅ​ពី​នេះ លោក អៀង វុទ្ធី បញ្ជាក់​ថា ទឹក​ប្រាក់​កម្ចី​របស់​ចិន លើ​ការ​អភិវឌ្ឍ​វិស័យ​សាងសង់​ផ្លូវ​ថ្នល់ និង​ស្ពាន ហាក់​មិន​មាន​គុណភាព។ ម្យ៉ាង​វិញ​ទៀត ទឹក​ប្រាក់​ទាំង​នោះ ត្រូវ​បាន​ផ្ទេរ​ទៅ​ប្រទេស​ចិន វិញ តាម​រយៈ​ការ​ជួល​បុគ្គលិក​ជា​ជនជាតិ​ចិន ក្រុមហ៊ុន​ចិន និង​ការ​នាំ​ចូល​សម្ភារៈ​ពី​ប្រទេស​ចិន ជាដើម៖ «សំឡេង»។

ទោះ​បី​ជា​មាន​ការ​រិះគន់​ច្រើន​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​ថា ជំនួយ​ចិន លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។

ផ្លូវ​ជាតិ និង​ផ្លូវ​សំខាន់ៗ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពង្រីក​បាន​ចំនួន​ជាង ៤​ម៉ឺន ៥​ពាន់​គីឡូម៉ែត្រ ដោយ​ក្រោម​ជំនួយ​របស់​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ចំនួន​បី រួម​មាន​ប្រទេស​ចិន ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ ក្នុង​ចំណោម​ហិរញ្ញប្បទាន​ទាំង​នោះ​មាន​តែ​ប្រទេស​ជប៉ុន មួយ​ទេ ដែល​ផ្ដល់​ជំនួយ​ឥត​សំណង ប៉ុន្តែ​ប្រទេស​ចិន វិញ ជា​ប្រទេស​ដែល​ផ្ដល់​ប្រាក់​កម្ចី​ធំ​ជាង​គេ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។