មេដឹកនាំសហជីពចំនួន៨ គ្រោងនឹងធ្វើយុទ្ធនាការក្នុងពេលខាងមុខនេះ ប្រឆាំងស្លាកសញ្ញារបស់អ្នកបញ្ជាទិញ ដែលសហជីពចាត់ទុកថា ក្រុមអ្នកបញ្ជាទិញដែលមានម៉ាក់ល្បីៗមួយចំនួន បណ្ដោយឲ្យថៅកែរោងចក្រជិះជាន់កម្លាំងពលកម្ម និងរំលោភសិទ្ធិកម្មករ។ ជាពិសេស ភាគីរោងចក្របានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគាបសង្កត់សហជីពដែលតែងខ្វល់ខ្វាយពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានារបស់កម្មកររោងចក្រ។
ក្រុមមេដឹកនាំសហជីពព្រមានថា បើសិទ្ធិសេរីភាពរបស់កម្មករ និងសហជីពនៅតែមិនត្រូវបានបន្ធូរបន្ថយ តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការទេ នោះយុទ្ធនាការប្រឆាំងស្លាកសញ្ញារបស់ក្រុមអ្នកបញ្ជាទិញពីសំណាក់ក្រុមសហជីព អាចនឹងត្រូវចាប់ផ្ដើមក្នុងអំឡុងដំណាច់ខែកុម្ភៈ ឬខែមីនា ខាងមុខនេះ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ឲ្យដឹងនៅថ្ងៃទី១៧ កុម្ភៈ ថា មូលហេតុដែលក្រុមសហជីពកើតទុក្ខមិនសុខចិត្តនេះ ពីព្រោះទាំងកម្មករ និងសហជីព កំពុងឋិតក្នុងគំនាបនៃប្រព័ន្ធច្បាប់ក្នុងដំណាក់កាលចុងក្រោយនេះ។ លោកអះអាងថា ជាពិសេសអ្នកផ្គត់ផ្គង់ដែលកំពុងប្រើប្រាស់ប្រព័ន្ធតុលាការដាក់បន្ទុកប្រឆាំងក្រុមសហជីពនេះ គឺមានការលើកទឹកចិត្តបន្ថែមពីស្ថាប័នរដ្ឋថែមទៀតផង។ លោកបន្តថា សិទ្ធិសេរីភាពរបស់កម្មករ និងសហជីព ត្រូវរួមតូចចង្អៀតតាមរយៈបណ្ដឹងជាច្រើនករណីពីថៅកែរោងចក្រ ក្រោមបទចោទថា ញុះញង់កម្មករឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រជាដើម។ លោកបន្តថា «យើងចង់ឲ្យពួកគាត់ទាំងអស់ហ្នឹងទទួលខុសត្រូវ និងរួមចំណែកក្នុងការដោះស្រាយ»។ លោកបន្តថា «ធ្វើម៉េចឲ្យគាត់ងាកមករកការអនុវត្តច្បាប់ ក៏ដូចជាអនុសញ្ញាអន្តរជាតិ»។
អ្នកបញ្ជាទិញដែលក្រុមមេដឹកនាំសហជីព ចាត់ទុកថាមិនសូវអើពើចំពោះការរំលោភសិទ្ធិរបស់កម្មករពីសំណាក់ថៅកែរោងចក្រនោះ ដូចជា វ៉លម៉ាត (Walmart) អេច្ឆ.អែន.អ៊ឹម (H&M) អាឌីដាស់ (Addidas) ហ្គែប (Gap) និងលីវ៉ាយ (Levi) ជាដើម។ ទន្ទឹមនឹងសិទ្ធិសេរីភាពនៃការសម្ដែងមតិដោយសន្តិវិធី ផ្នែកឧស្សាហកម្មកាត់ដេរនេះកំពុងតែត្រូវបានរឹតបន្តឹងដោយច្បាប់នោះ ក្រុមអ្នកបញ្ជាទិញខ្លះទៀតហាក់មិនជួយឈឺឆ្អាលអ្វីបន្តិចណាសោះឡើយ។
ចំណែក លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) មានប្រសាសន៍ថា យុទ្ធនាការប្រឆាំងស្លាកសញ្ញារបស់ក្រុមអ្នកបញ្ជាទិញអាចនឹងកើតឡើង ប្រសិនបើសំណុំរឿងនៅតាមរោងចក្រនីមួយៗនៅតែមិនថមថយទេ។ លោកបន្តថា បើផ្អែកដូចអ្វីដែលកំពុងកើតមានឡើងនេះ គឺជាសម្ពាធផ្លូវច្បាប់មួយដ៏ធ្ងន់ធ្ងរសម្រាប់វិស័យកាត់ដេរនៅកម្ពុជា។ លោកបន្តថា «អ្នកបញ្ជាទិញមួយចំនួនឃុបឃិតជាមួយនិយោជក មិនព្រមដោះស្រាយការរំលោភសិទ្ធិ ឬក៏ការបញ្ឈប់មេដឹកនាំសហជីពទេ»។ លោកបន្តថា «យើងនឹងធ្វើការតវ៉ា និងធ្វើយុទ្ធនាការដោយសារស្ថានភាពនេះធ្ងន់ធ្ងរទៅ»។
លោក អាត់ ធន់ លើកឡើងថា គិតត្រឹមដើមឆ្នាំ២០១៥ នេះ កម្មករ និងសកម្មជនសហជីព ត្រូវបានភាគីរោងចក្របញ្ឈប់ពីការងារជាង ៦ពាន់នាក់ និងសកម្មជនសហជីពខ្លះនៅតាមរោងចក្រនានាជាង ១០០នាក់ ត្រូវរងរបួសដោយការប្រើប្រាស់ហិង្សា ខណៈដែលសំណុំរឿងជាង ២០បណ្ដឹងផ្សេងទៀតកំពុងឋិតនៅក្នុងដៃតុលាការនៅឡើយ។
លោក ប៉ាវ ស៊ីណា ទម្លាក់កំហុសថា ដោយសារប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនទាន់រឹងមាំនៅឡើយនេះហើយ ដែលជាហេតុអាចធ្វើឲ្យឈ្មួញរោងចក្រក្រឡុកតាមចិត្ត។ បើតាម លោក ប៉ាវ ស៊ីណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គប្បីកែទម្រង់បន្ថែមទៀតដើម្បីឲ្យមានស្ថានភាពប្រសើរជាងនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឲ្យដឹងកាលពីថ្ងៃទី២៧ មករា ថា ស្ថាប័នតុលាការហាក់ដូចមិនចាំបាច់កែទម្រង់អ្វីទៀតនោះទេ។ លោកអះអាងថា តាមពិតនេះជាវិវាទការងាររវាងសហជីព និងភាគីរោងចក្រ ហើយជម្លោះនេះបង្កឲ្យខូចខាតទ្រព្យសម្បត្តិដែលជាបទល្មើសព្រហ្មទណ្ឌ ជាចាំបាច់ ជំរុញឲ្យតុលាការត្រូវតែចាត់វិធានការតាមនីតិវិធីច្បាប់។
ទាំងអ្នកក្រុមអ្នកបញ្ជាទិញ និងមន្ត្រីក្រសួងការងារ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទពុំមានអ្នកទទួល នៅថ្ងៃទី១៧ កុម្ភៈ។
ឆ្លើយតបរឿងនេះ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) យល់ឃើញថា អ្វីដែលតុលាការទទួលយកបណ្ដឹងបានន័យថា វាគឺជាសំណុំរឿងដែលជាការពិតហើយ។ បន្ថែមពីលើនេះ លោកពុំមានជំនឿសោះថា ក្រុមអ្នកបញ្ជាទិញពិតជាអាចលូកដៃអន្តរាគមន៍ក្នុងរឿងនេះបាន។ លោកបន្តថា «ទោះបីសហព័ន្ធ៨ ដែលឲ្យអ្នកបញ្ជាទិញវាមកអប់រំ ឬក៏មកការពារ ឬក៏អីទេ»។ លោកបន្តថា អាហ្នឹងខ្ញុំជឿថា អ្នកបញ្ជាទិញឥតអាចលូកដៃចូលទេ»។
ថ្វីបើស្ថានភាពកម្មករហាក់ប្រសើរបន្តិចក្នុងដំណាក់កាលចុងក្រោយនេះ តាមរយៈការដំឡើងប្រាក់ឈ្នួល ការបញ្ចុះថ្លៃទឹក ភ្លើង នៅតាមផ្ទះជួលក្ដី ក៏ប៉ុន្តែ លោក អាត់ ធន់ យល់ឃើញថា និន្នាការនៃការរឹតត្បិតសិទ្ធិសេរីភាពវិញ គឺនៅតែជាបន្ទុកមួយដ៏ធ្ងន់ធ្ងរនៅឡើយ ដែលពុំធ្លាប់មានពីមុនមកសម្រាប់កម្មករ និងសហជីព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។