សហព័ន្ធសហជីពក្នុងវិស័យកាត់ដេរ អំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកជនដៃដល់បាញ់សម្លាប់កម្មករ និងពលរដ្ឋ យកមកផ្ដន្ទាទោស ហើយផ្ដល់សំណងដល់ជនរងគ្រោះក្នុងថ្ងៃបង្ក្រាបនៅផ្លូវវ៉េងស្រេង។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថ្លែងនៅថ្ងៃទី៣១ ឧសភា ថា បើទោះជាតុលាការបានសម្រេចដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនសហជីព កម្មករទាំង ២៥នាក់ ឲ្យមានសេរីភាព កាលពីថ្ងៃទី៣០ ឧសភា ក្ដី ប៉ុន្តែជាការពិត ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ពួកគេត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌ មិនត្រឹមតែប៉ុណ្ណោះ មនុស្សចំនួន ៥នាក់ត្រូវបានបាញ់សម្លាប់ និងជាច្រើននាក់របួស ដោយគ្រាន់តែពួកគេទាមទារដំឡើងប្រាក់ឈ្នួលសមរម្យ។
លោក ប៉ាវ ស៊ីណា៖ «ខ្ញុំយល់ថា ពាក់ព័ន្ធនឹងចំណាត់ការរបស់ខាងអាជ្ញាធរក្នុងការស្វែងរកជនដៃដល់ ខ្ញុំឃើញថា ហាក់មានភាពយឺតយ៉ាវមែនទែន ឬមួយជាចេតនាមួយមិនចង់ស្វែងរក។ បើយើងមើលទិដ្ឋភាពរូបភាពដែលអង្គការពាក់ព័ន្ធគេបង្ហាញ ថតបាន គេផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកអីហូរហែហ្នឹង យើងឃើញថា មានរូបភាពជាហូរហែហើយ តែវាអាស្រ័យទៅលើអាជ្ញាធរហ្នឹងមានឆន្ទៈ ឬអត់? ដូច្នេះហើយទើបយើងជំរុញឲ្យរដ្ឋាភិបាល ស្វែងរកជនដៃដល់មកធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយផ្ដល់សំណងដល់ជនរងគ្រោះដែលរងគ្រោះដោយអយុត្តិធម៌នេះ»។
នៅថ្ងៃទី៣១ ខែឧសភា សហព័ន្ធសហជីពក្នុងវិស័យកាត់ដេរជាច្រើន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយសំណូមពរឲ្យរដ្ឋាភិបាលចាត់វិធានការចំនួន៣សំខាន់ ដែលពួកគេគិតថានៅសេសសល់ បន្ទាប់ពីតុលាការបានសម្រេចដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនសហជីពកម្មករទាំង ២៥នាក់។
ការអំពាវនាវនេះរួមមាន ក្រៅអំពីសុំរដ្ឋាភិបាលស្វែងរកជនដៃដល់បាញ់សម្លាប់កម្មករ និងពលរដ្ឋ យកមកផ្ដន្ទាទោស ហើយផ្ដល់សំណងដល់ជនរងគ្រោះក្នុងថ្ងៃប៉ះទង្គិចនៅផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤ នោះ ក្រុមដដែលក៏សូមឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពមកលើថ្នាក់ដឹកនាំ និងសកម្មជនសហជីព និងស្នើឲ្យរដ្ឋាភិបាល បន្តការចរចាជាមួយភាគីពាក់ព័ន្ធ ដើម្បីឲ្យកម្មករនិយោជិកទទួលបានប្រាក់ខែសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។