សពលោកបណ្ឌិត កែម ឡី បានដង្ហែដល់ភូមិកំណើតលោកនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅវេលាម៉ោងជិត ៦ល្ងាចថ្ងៃទី២៤ ខែកក្កដា ក្រោយពីចំណាយពេលវេលាដង្ហែក្បួនជាង ១០ម៉ោង នៅលើដងផ្លូវជាង ៨០គីឡូម៉ែត្រ។ ពិធីដង្ហែសពបណ្ឌិត កែម ឡី អមដោយមានអ្នកចូលរួមប្រមាណ ២លាននាក់មកពីគ្រប់ទិសទីមកពីតំបន់ជនបទ និងទីក្រុង។
ក្បួនដង្ហែសពបណ្ឌិត កែម ឡី បានចាកចេញពីវត្តចាស់ រាជធានីភ្នំពេញយ៉ាងសន្សឹមៗចាប់តាំងពីម៉ោង ៧ព្រឹក ឆ្ពោះទៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកអមដោយអ្នកដង្ហែថ្មើរជើង អ្នកខ្លះមានលទ្ធភាពដង្ហែតាមរថយន្ត និងម៉ូតូ ជាដើម។
ទាំងគណៈកម្មការបុណ្យសព ទាំងមន្ត្រីសិទ្ធិមនុស្សលីកាដូ (LICADHO) អះអាងដូចគ្នាថា អ្នកដែលបានចូលរួមដង្ហែសពបណ្ឌិត កែម ឡី ទៅស្រុកកំណើតនាឱកាសចុងក្រោយនេះមានប្រមាណចន្លោះពីជាង ១លានកន្លះនាក់ទៅ ២លាននាក់ និងប្រវែងក្បួនប្រមាណ ៣០គីឡូម៉ែត្រ។
អ្នកចូលរួមដង្ហែសពមានគ្រប់ស្រទាប់វណ្ណៈទាំងមន្ត្រីគណបក្សប្រឆាំង កម្មករ អាជីវករ កសិករ ជនពិការ សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ ដោយអ្នកខ្លះពាក់អាវយឺតដែលមានរូបថតលោក កែម ឡី ហើយចារអក្សរថា ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខ និងវីរបុរស កែម ឡី ជាដើម។ រីឯអ្នកខ្លះទៀតកាន់រូបថតសពលោក កែម ឡី ពាក់បូកាន់ទុក្ខ ព្រមទាំងកាន់ទង់ជាតិ និងទង់សាសនា។
អ្នកចូលរួមសុទ្ធតែបង្ហាញក្តីសោកស្ដាយអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន៖ « សូមឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិត បានទៅកាន់សុគតិភព។ គាត់ជាវីរបុរសស្នេហាជាតិ។ សូមបងប្អូនទាំងអស់នាំគ្នាក្រោកឡើង។ សូមជូតទាំងភ្នែក រួចបន្តដំណើរទៅមុខទៀត » ។
ក្រៅតែពីបង្ហាញក្តីគោរពស្រឡាញ់ និងសោកស្ដាយនោះ ប្រជាពលរដ្ឋដែលឋិតនៅក្រោមកម្តៅថ្ងៃហាក់ដូចជាមិនខ្លាចនឿយហត់ ក៏បានស្រែករកយុត្តិធម៌ជូនវីរបុរសរបស់ពួកគាត់៖ « ដើម្បីបញ្ជាក់ថាមាសសុទ្ធមិនខ្លាចភ្លើង ខ្ញុំសុំឲ្យរដ្ឋាភិបាលបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាព ដើម្បីឲ្យប្រជាពលរដ្ឋដឹងគ្រប់គ្នា។ សូមឲ្យអង្គការអន្តរជាតិជួយស្រាវជ្រាវរឿងលោក កែម ឡី ព្រោះស្រុកខ្មែរមិនអាចស្រាវជ្រាវបានទេ » ។
ពិធីដង្ហែសពចែកជា ១១ផែន ដោយជួរនាំមុខព្រះសង្ឃអភិធម្ម បន្តដោយជួរអាចារ្យ និងក្រុមគ្រួសារសព ផែនទី៤ ជាផែនក្រុមភ្លេង។ រីឯរថយន្តគ្រោងផ្កាភ្ញី និងរូបថត ឋិតនៅផែនទី៥ រថយន្តដឹកព្រះសង្ឃ នៅផែនទី៦ និងជួរទី៧ ជារថយន្តដឹកសព។ ចំណែកចុងក្រោយ គឺជាផែនក្រុមយុវជន ក្រុមអ្នកមុខអ្នកងារ ក្រុមសង្គមស៊ីវិល មន្ត្រីរាជការ និងមហាជនទូទៅដែលបានចូលរួម។
ចំណែកអ្នកខ្លះទៀតមិនបានជូនដំណើរទៅដល់ស្រុកកំណើតដោយសាររវល់ និងមិនមានលទ្ធភាពក្តី ក៏ពួកគាត់ឈរតម្រង់ជួរគ្នាជូនដំណើរយ៉ាងកកកុញនៅតាមផ្លូវ និងចែកជូននូវម្ហូបអាហារ និងទឹក ព្រមទាំងសាំងដោយឥតគិតថ្លៃទៀតផង។ ពួកគេសម្ដែងការគោរព និងលើកដៃជូនដំណើរ ព្រមទាំងបួងសួងឲ្យដួងវិញ្ញាណលោកបណ្ឌិត កែម ឡី បានទៅដល់សុគតិភព៖ « ស្ដាយណាស់ ! ខ្ញុំធ្វើដំណើរតាំងពីវត្តចាស់ ហើយមកដល់ត្រឹមចោមចៅ ហ្នឹង ខ្ញុំអត់លទ្ធភាព អត់សោហ៊ុយធ្វើដំណើរទៅដល់ស្រុកកំណើតរបស់គាត់។ ដូច្នេះបានជូនដំណើរត្រឹមហ្នឹង » ។
នៅតាមដងផ្លូវ សមត្ថកិច្ចរាប់សិបនាក់ត្រូវបានដាក់ពង្រាយដើម្បីសម្រួលចរាចរណ៍ និងការពារសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសនៅជិតវិមានសន្តិភាពជាកន្លែងរបស់នាយករដ្ឋមន្ត្រីធ្វើការ គេសង្កេតឃើញថាមានរថយន្តដែលមានរបាំងដែកដាក់ត្រៀមការពារសន្តិសុខយ៉ាងតឹងរ៉ឹង។
ទន្ទឹមការរឹតបន្តឹងសន្តិសុខនេះ ស្ថានីយប្រេងឥន្ធនៈ និងអាជីវកម្មលក់ហ្គាស៍ទាំងអស់នៅតាមដងផ្លូវដែលក្បួនហែសពឆ្លងកាត់ ត្រូវបានសាលាក្រុងឲ្យផ្អាកសកម្មភាពលក់ដូរមួយថ្ងៃ ក្រោមហេតុផលថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋមួយចំនួនមានការអាក់អន់ចិត្តចំពោះការបិទស្ថានីយប្រេងឥន្ធនៈនេះ ដោយយល់ថាប្រហែលជាអាជ្ញាធរចង់បង្កផលវិបាកដល់ពួកគាត់។
ទោះបីជាយ៉ាងណាក៏ដោយចុះ សពរបស់លោកបណ្ឌិត កែម ឡី បានដង្ហែទៅដល់ភូមិកំណើតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅវេលាម៉ោងជិត ៦ល្ងាចក្រោយពីចំណាយពេលវេលាដង្ហែក្បួនជាង ១០ម៉ោងនៅលើដងផ្លូវជាង ៨០គីឡូម៉ែត្រ។ ពលរដ្ឋខេត្តតាកែវ គ្រប់វ័យ បានអះអាងថា មួយជីវិតគាត់នេះជាលើកទីមួយហើយ ដែលឃើញការដង្ហែសពអ្នកខេត្តតាកែវ ដែលមានអ្នកចូលរួមច្រើន។
សពបណ្ឌិត កែម ឡី នឹងត្រូវពន្យារបញ្ចុះ ដោយត្រូវតម្កល់ទុកនៅស្រុកកំណើតលោកនាខេត្តតាកែវ បន្តទៀត ដោយមិនទាន់សម្រេចថានឹងបញ្ចុះនៅថ្ងៃណានោះទេ។
ក្រុមគ្រួសារ និងគណៈកម្មការបុណ្យ នឹងបន្តពិគ្រោះគ្នាថា តើនឹងបញ្ចុះថ្ងៃណាដោយយោងទៅគុណភាពសពអាចនឹងរក្សាទុកបានយូរប៉ុនណាទៀត។
ចំពោះពលរដ្ឋនៅក្នុងភូមិ-ស្រុករបស់បណ្ឌិត កែម ឡី រួមនឹងពលរដ្ឋមកពីខេត្តដទៃទៀតមួយចំនួនដែលកំពុងរង់ចាំទទួលសពលោកនៅគេហដ្ឋាននាខេត្តតាកែវ នោះ អ្នកខ្លះស្នើចង់ឲ្យមានការរក្សាទុកសពលោក កែម ឡី ជារៀងរហូត គ្រាន់ឲ្យពួកគេបានមកឃើញមុខដូចសពព្រះតេជព្រះគុណ សំ ប៊ុនធឿន ដែលបច្ចុប្បន្នសពលោកត្រូវបានតម្កល់នៅវត្តក្បែរភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ដូច្នោះដែរ។
សពលោក កែម ឡី បានតម្កល់នៅក្នុងវត្តពោធិយារាម ហៅវត្តចាស់ ចំនួន ១៥ថ្ងៃហើយ ក្រោយពីឃាតកបាញ់សម្លាប់លោកកាលពីថ្ងៃទី១០ កក្កដា មក។
ពលរដ្ឋដែលបានចូលរួមហែក្បួននេះ សារសំខាន់ដែលពលរដ្ឋបានផ្ញើទៅរដ្ឋាភិបាលនោះ គឺពួកគេខ្លះបានស្រែកទាមទារយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី និងទាមទារឲ្យបញ្ចេញកាមេរ៉ាសុវត្ថិភាពឲ្យសាធារណជនបានឃើញ និងខ្លះទៀតទាមទារឲ្យធ្វើរូបសំណាកលោកបណ្ឌិត កែម ឡី ដើម្បីធ្វើជានិមិត្តរូបវីរបុរសខ្មែរនៅសតវត្សទី២១ នេះ និងដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានដឹងបានស្គាល់ពីការតស៊ូក្នុងឆាកជីវិតរបស់លោកជាអ្នកស្រាវជ្រាវ និងវិភាគនយោបាយ និងបញ្ហាសង្គមឥតសំចៃមាត់នៅសម័យនេះ៕
សូមទស្សនាវីដេអូនៃពិធីដង្ហែសពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។