នគរបាល​ខេត្ត​ក្រចេះ​ស្នើ​ឲ្យ​អ្នក​កាសែត​គោរព​វិជ្ជាជីវៈ

0:00 / 0:00

ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បាន​ចោទ​អ្នក​យក​ព័ត៌មាន​មួយ​ចំនួន ដែល​ប្រចាំ​ការ​នៅ​មូលដ្ឋាន​នេះ​ថា បាន​បង្ក​ភាព​អនាធិបតេយ្យ ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

បញ្ហា​នេះ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​គ្រប់​រូប ត្រូវ​បំពេញ​បេសកកម្ម​របស់​ខ្លួន ដោយ​គោរព​តាម​ក្រម​សីលធម៌ និង​មាន​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ។

ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក ជួង ស៊ាងហាក់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៨ ខែ​មីនា ថា សព្វថ្ងៃ​នេះ លោក​សង្កេត​ឃើញ​មាន​អ្នក​កាសែត​ខ្លះ​បាន​បើក​រថយន្ត​ដេញ​ចាប់​ឡាន​របស់​ប្រជាពលរដ្ឋ ដែល​ដឹក​ក្ដារ ឬ​ជន្លង់​ឈើ​ទៅ​ជួសជុល​ផ្ទះ ឬ​ប្រើប្រាស់​ផ្សេង​ដើម្បី​ទារ​ប្រាក់។ លោក​ឲ្យ​ដឹង​ថា ក្រុម​អ្នក​សារព័ត៌មាន​ដែល​បង្ក​ភាព​អនាធិបតេយ្យ​នៅ​ខេត្ត​ក្រចេះ នោះ គឺ​ស្ថាប័ន​កាសែត​ពួក​គេ​មាន​តែ​ឈ្មោះ ប៉ុន្តែ​មិន​ឃើញ​ចេញ​ផ្សាយ​ទេ។

ស្នងការ​នគរបាល​រូប​នេះ ស្នើ​ឲ្យ​ក្លឹប ឬ​សមាគមន៍​កាសែត ពិសេស​ក្រសួង​ព័ត៌មាន ជួយ​ពង្រឹង​ក្រម​សីលធម៌​ដល់​អ្នក​សារព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​មិន​ទាន់​មាន​វិជ្ជាជីវៈ។ លោក​បន្ត​ថា បើ​ទុក​ឲ្យ​ភាព​អនាធិបតេយ្យ​ទាំង​នេះ​បន្ត​កើត​មាន​នា​ថ្ងៃ​អនាគត នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ថាប័ន​កាសែត ឬ​អ្នក​កាសែត​ដទៃ​ទៀត​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ។

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​កោះ​សន្តិភាព ប្រចាំ​ខេត្ត​ក្រចេះ លោក លី ណា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ថា សព្វថ្ងៃ​នេះ​ពិត​ជា​មាន​ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ច្រើន​ស្ថាប័ន ដើរ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ខុស​វិជ្ជាជីវៈ​ពិត​មែន៖ «ដឹក​កូន​ក្រឡឹង ឬ​សសរ​ខ្លីៗ​ដាក់​តាម​ឡាន​ពី​ក្រោយ​ហ្នឹង អ្នក​កាសែត​ហ្នឹង​ដេញ​ចាប់​ឲ្យ​បង់​លុយ ឬ​កាច់​យក​សោ​ឡាន​ខុស​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​ទាំង​ស្រុង។ អ្នក​កាសែត​ទាំង​នោះ​សុទ្ធ​តែ​អះអាង​ថា ជា​ចាងហ្វាង​កាសែត ឬ​និពន្ធ​នាយក និង​អ្នក​កាសែត ២៤​ខេត្ត​ក្រុង​ជាដើម។ ចាប់​ពី​ក្នុង​ទឹក​ស្នួល​ទៅ​មិន​តិច​ជាង ១០០​អង្គភាព​កាសែត​ទេ»

លោក​ព្រួយ​បារម្ភ​ថា ទង្វើ និង​សកម្មភាព​របស់​ក្រុម​អ្នក​សារព័ត៌មាន​គ្មាន​វិជ្ជាជីវៈ​ទាំង​នេះ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​កាសែត​អាជីព និង​កេរ្តិ៍​ឈ្មោះ​ស្ថាប័ន​កាសែត បើ​ស្ថាប័ន​ពាក់ព័ន្ធ ឬ​ក្រសួង​ព័ត៌មាន​មិន​មាន​វិធានការ។

បញ្ហា​នេះ មន្ត្រី​ក្រសួង​ព័ត៌មាន​មិន​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តប ឬ​មាន​វិធានការ​យ៉ាង​ណា​នៅ​ឡើយ ប៉ុន្តែ​សម្រាប់​លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា មាន​ប្រសាសន៍​ថា អ្នក​កាសែត​គ្រប់​រូប​ត្រូវ​បំពេញ​ការងារ​ឲ្យ​ស្រប​តាម​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ៖ «ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​ត្រូវ​តែ​រក្សា​សេចក្តី​ថ្លៃថ្នូរ​ក្នុង​អាជីព ដោយ​ជៀសវាង​នូវ​ការ​ឆ្វៀលឆ្វាត់​បើក​ឡាន​តាម​គេ ដែល​នាំ​ឲ្យ​មាន​ការ​ជាប់​ចោទ​ថា យើង​ជា​អ្នក​តាម​ជំរិត ដើម្បី​ផល​ប្រយោជន៍។ ហើយ​យើង​ពិបាក​នឹង​មាន​ប្រតិកម្ម ពីព្រោះ​ការ​និយាយ​ហ្នឹង​វា​ហួស​ពេក យើង​មិន​ដឹង​ថា​ហេតុការណ៍​ប្រាកដ​ហ្នឹង​វា​យ៉ាង​ម៉េច។ ប៉ុន្តែ​បើ​សិន​ជា​មាន​បាតុភាព​ដូច​គាត់​និយាយ​អ៊ីចឹង​មែន យើង​ស្នើ​ថា អ្នក​យក​ព័ត៌មាន​ហ្នឹង​គួរ​តែ​ប្រយ័ត្ន​ប្រយែង ហើយ​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ជា​ជាង​ការ​ប្រើប្រាស់​មធ្យោបាយ​ជិះ​ឡាន​ដេញ​តាម​គេ»

យ៉ាង​ណា​ក៏ដោយ លោក ជួង ស៊ាងហាក់ ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​អង្គភាព​កាសែត​នីមួយៗ ពិសេស​ក្រសួង​ព័ត៌មាន ជួយ​ជំរុញ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន មិន​ទាន់​មាន​វិជ្ជាជីវៈ ដែល​កំពុង​ប្រចាំ​ការ​នៅ​ខេត្ត​ក្រចេះ ឲ្យ​បំពេញ​ការងារ​របស់​ពួក​គេ​មាន​វិជ្ជាជីវៈ​ស្រប​តាម​ច្បាប់​សារព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។