រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែកុម្ភៈ បានប្រកាសថា សមត្ថកិច្ចនគរបាលជាតិបានទទួលជោគជ័យធំៗក្នុងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅឆ្នាំ២០១២ កន្លងមកនេះ ប៉ុន្តែនៅមានបញ្ហាធំៗ និងបញ្ហាស្មុគស្មាញមួយចំនួនទៀតដែលត្រូវបន្តដោះស្រាយសម្រាប់ឆ្នាំ ២០១៣ នេះ។
ស្នាដៃជោគជ័យធំៗដែលនគរបាលជាតិបានសម្រេចនៅឆ្នាំ២០១២ កន្លងមកនេះ មានដូចជា ការការពារសន្តិសុខ និងសុវត្ថិភាពក្នុងការបោះឆ្នោតអសកល ជ្រើសរើសសមាជិកព្រឹទ្ធសភា ការការពារសន្តិសុខក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការការពារសន្តិសុខ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅប្រទេសកម្ពុជា ព្រមទាំងកិច្ចការពារក្នុងព្រះរាជពិធីដង្ហែព្រះបរមសព និងព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពនៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ កន្លងមកនេះ។
ចំណែកបញ្ហាធំៗមួយចំនួនដែលនគរបាលជាតិបន្តដោះស្រាយនោះ មានដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្សឆ្លងដែន និងការជួញដូរកម្លាំងពលកម្មទៅប្រទេសក្រៅជាដើម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៅកាន់មន្ត្រីនគរបាលជាតិជិត ៧០០នាក់នោះថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ មានឆន្ទៈនយោបាយច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនៅសេសសល់នេះបន្តទៀត៖ «ប៉ុន្តែ សកម្មភាពប្លន់ និងឃាតកម្ម នៅតែជាបញ្ហាបង្កការភ័យខ្លាចចំពោះអ្នកទេសចរ និងប្រជាពលរដ្ឋទូទៅ។ ទន្ទឹមនេះ បញ្ហាគ្រឿងញៀន ការជួយដូរពលករឆ្លងដែន បទល្មើសសេពសន្ថវៈ រំលោភសម្លាប់ និងគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាដ៏ស្មុគស្មាញ»។
ប្រតិកម្មទៅនឹងការលើកឡើងនេះ អ្នកវិភាគសង្គម លោក កែម ឡី បានមានប្រសាសន៍ថា នគរបាលជាតិគប្បីដោះស្រាយបញ្ហាឫសគល់នៃបទល្មើសដែរ។ មួយវិញទៀត នគរបាលភាគច្រើនបានបង្ក្រាបបទល្មើសដែលបានកើតឡើងហើយ ប៉ុន្តែភាគតិចមិនបានបង្ក្រាបបទល្មើសដែលបម្រុងនឹងកើតឡើងទេ។
លោកបានបន្តថា បញ្ហាសំខាន់មួយទៀតនោះ គឺការជឿទុកចិត្តពីមហាជនលើនគរបាលជាតិ និងការចូលរួមពីមហាជនដែរ ប្រសើរជាងស្នាដៃនៃការបង្ក្រាបបទល្មើស៖ «ហើយមួយទៀត គឺប៉ូលិស ទាហាន ឬក៏ប៉េអិមហ្នឹងអ្នកល្មើស ហើយអ្នកល្មើសហ្នឹងភាគច្រើនយើងអត់ចាប់អារម្មណ៍លើការកែលំអសីលធម៌ សីលធម៌របស់មនុស្ស សីលធម៌របស់មនុស្សទាក់ទងនឹងពុករលួយ ការប្រព្រឹត្តកោងកាចវាយគ្នា ចាប់រំលោភ»។
ផ្អែកតាមរបាយការណ៍ជាផ្លូវការរបស់ក្រសួងមហាផ្ទៃ ដែលវិទ្យុអាស៊ីសេរី ទទួលបាននោះ បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌ និងការបង្ក្រាបបទល្មើសទាំងនោះ កាលពីឆ្នាំ២០១២ កន្លងមកនេះ គឺមានចំនួនជាង ២.៦០០លើក ប្រៀបធៀបឆ្នាំ២០១១ កន្លងមកនេះ គឺថយចុះចំនួន ៦%។
របាយការណ៍បានបន្តថា ក្នុងនោះបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៨៣៨លើក នៅឆ្នាំ២០១២ គឺតិចជាងឆ្នាំ២០១១។ បទល្មើសមជ្ឈិម កើតឡើងចំនួន ១.៨៥១លើក តិចជាងឆ្នាំ២០១១។ ជនរងគ្រោះស្លាប់នៅឆ្នាំ២០១២ កន្លងទៅនេះ ចំនួន ៣៣៣នាក់ និងអ្នករងរបួសចំនួន ១.១៨៣នាក់។
លោក ស ខេង បានមានប្រសាសន៍ទៀតថា នគរបាលជាតិកំពុងតែត្រៀមខ្លួនការពារសុវត្ថិភាពក្នុងព្រឹត្តិការណ៍ សំខាន់ៗមួយចំនួន នៅឆ្នាំ២០១៣ នេះ មានដូចជា ការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ការត្រៀមកម្លាំងនគរបាលជាតិទៅឈរជើងនៅតាមព្រំដែនតំបន់ប្រាសាទ ព្រះវិហារ នៅគ្រាដែលតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា អាយស៊ីជេ (ICJ) បកស្រាយសាលក្រមឆ្នាំ១៩៦២ នៃសំណុំរឿងប្រាសាទព្រះវិហារ ខាងមុខនេះ។
ការកែទម្រង់កម្លាំងនគរបាលជាតិឲ្យមានគុណភាព និងមានវិជ្ជាជីវៈខ្ពស់ ព្រមទាំងកិច្ចការពារក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកលើកទី៣៧ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប នៅថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។