តុលាការខេត្តបន្ទាយមានជ័យ បានសម្រេចដាក់ឲ្យជនសង្ស័យបួននាក់ជាម្ចាស់ផ្ទះសំណាក់បួនកន្លែងនៅក្រុងប៉ោយប៉ែត ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ការសម្រេចនេះ បានធ្វើឡើងក្រោយពីតំណាងអយ្យកាចោទប្រកាន់ជនសង្ស័យទាំងបួននាក់ តាមមាត្រា២០ នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស។
ព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន ថ្លែងនៅថ្ងៃទី២៦ មេសា ថា កាលពីថ្ងៃទី២៥ ខែមេសា តំណាងអយ្យកាសម្រេចចោទប្រកាន់ម្ចាស់ផ្ទះសំណាក់ទាំងបួននាក់ ទាក់ទិនការទទួលយកមនុស្សដោយមានគោលដៅដើម្បីជួយដល់ជនល្មើស៖ «យើងស្នើដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដើម្បីឲ្យចៅក្រមស៊ើបសួរបន្ថែមទៀត។ យើងបានស៊ើបអង្កេតមួយរយៈមក ដោយដឹងថាមានក្រុមមេខ្យល់ហ្នឹង ដោយសារយើងទប់ស្កាត់តាមព្រំដែនទៅ គាត់ឲ្យពលករហ្នឹង គឺមានមេខ្យល់ទាក់ទងពលករឲ្យដេកផ្ទះសំណាក់។ អ៊ីចឹង មេខ្យល់គេនិយាយជាមួយផ្ទះសំណាក់ថា លុយមិនបាច់ទាមទារអីពីពលករទេ អានេះព័ត៌មានទូទៅដែលយើងទទួលបាន ហើយទៅមើលឯកសារពលករដេកក្នុងផ្ទះសំណាក់មួយៗច្រើនពេក»។
កាលពីថ្ងៃទី២៣ ខែមេសា តំណាងអយ្យកាតុលាការខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីកងរាជអាវុធហត្ថចុះទៅចាប់ជនសង្ស័យទាំង ៤នាក់ និងឃាត់ខ្លួនពលករខ្មែរជាងមួយរយនាក់នៅក្នុងផ្ទះសំណាក់ចំនួន ៤កន្លែង។ ផ្ទះសំណាក់ទាំង៤ ដែលរងការចោទប្រកាន់នោះមានផ្ទះសំណាក់រស្មីស្ពានមាស ផ្ទះសំណាក់ហង្សមាស ផ្ទះសំណាក់ខេមរៈ និងផ្ទះសំណាក់ផ្កាយព្រឹក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម្ចាស់ផ្ទះសំណាក់ផ្កាយព្រឹក លោក ហេង វាន់ឌី ថ្លែងថា តុលាការបានចោទប្រកាន់ម្ចាស់សំណាក់ទាំង ៤កន្លែង ពីបទផ្ដល់ទីតាំងឲ្យពលករខុសច្បាប់ស្នាក់នៅ និងពុំបានពិនិត្យអត្តសញ្ញាណអ្នកស្នាក់នៅ។ លោកបញ្ជាក់ថា លោកបានបើកអាជីវកម្មផ្ទះសំណាក់តូចតាចខុសពីសណ្ឋាគារ និងផ្ទះសំណាក់ធំៗ ដូច្នេះលោកគ្រាន់តែផ្ដល់ទីតាំងឲ្យភ្ញៀវស្នាក់នៅ និងទទួលបានកម្រៃ ប៉ុន្តែរឿងគោលដៅរបស់ភ្ញៀវចេញទៅទីណានោះ ជារឿងរបស់អ្នកស្នាក់នៅ៖ «ការចាប់នេះ ខ្ញុំយល់ថាជារឿងមិនត្រឹមត្រូវ បើសិនជាគាត់ធ្វើការទប់ស្កាត់ពលករខុសច្បាប់នៅពេលឆ្លងដែននេះ ធ្វើនៅក្នុងផ្ទះសំណាក់ រំលោភសិទ្ធិរស់នៅរបស់ខ្ញុំ។ ការដែលខុស គឺខ្ញុំខុសមែន ខ្ញុំអត់បានសួរអត្តសញ្ញាណគេទៅណាមកណា ខ្ញុំមិនអស់ចិត្តត្រង់ថា ការទប់ស្កាត់ពលករមិនត្រូវទប់ស្កាត់នៅក្នុងផ្ទះទេ គួរទប់ស្កាត់នៅតាមព្រំដែនបានត្រឹមត្រូវ»។
ប៉ុន្តែ លោក ផាន់ វណ្ណរ័ត្ន បញ្ជាក់ថា សមត្ថកិច្ចបានចុះត្រួតពិនិត្យផ្ទះសំណាក់ទាំងបួនកន្លែង រកឃើញពលករដេកក្នុងមួយបន្ទប់មានគ្នាពី ១០ ទៅ ២០នាក់ខុសប្រក្រតី។ នៅពេលសមត្ថកិច្ចសួរនាំ ពលករទាំងនោះឆ្លើយថា គោលដៅរបស់ពួកគេឆ្លងដែនទៅថៃ ប៉ុន្តែពុំមានឯកសារស្របច្បាប់មកបញ្ជាក់នោះទេ៖ «១៤២នាក់ ដែលយើងចាប់សួរគាត់ហ្នឹង គឺអត់មាន (ឯកសារ) គាត់បម្រុងចេញទៅថៃ ដោយខុសច្បាប់។ អ៊ីចឹង គាត់គេចពីកម្លាំងដែលយើងទៅដាក់ផ្ទះសំណាក់មេខ្យល់ ហើយដោយសារពេលវេលានៅខាងអយ្យកា យើងធ្វើបានតែ ៤៨ម៉ោង ជាមួយមន្ត្រីនគរបាលយុត្តិធម៌។ អ៊ីចឹងយើងស៊ើបមិនទាន់បានច្បាស់លាស់ទេ បានជាយើងរុញទៅឲ្យខាងចៅក្រម ហើយយើងមិនស្នើឃុំខ្លួនហ្នឹង យើងទុកឲ្យខាងចៅក្រមស៊ើប ព្រោះរឿងហ្នឹងវាទាក់ទងទៅថៃ ផលខ្មែរយើងផង»។
នៅក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ គេសង្កេតឃើញពលករខ្មែរជាច្រើនពាន់នាក់ នាំគ្នាសម្រុកចូលទៅកាន់ទីក្រុងប៉ោយប៉ែត ដើម្បីបន្តចេញទៅប្រទេសថៃ ហើយក្រុមអាជ្ញាធរ ក្នុងនោះមានទាំងមន្ត្រីតុលាការ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីមូលដ្ឋាន បានចុះហាមឃាត់ អប់រំមិនឲ្យឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ប៉ុន្តែមេខ្យល់ដែលជាអ្នកជួញដូរកម្លាំងពលករខ្មែរទៅប្រទេសថៃ នោះ ពុំត្រូវសមត្ថកិច្ចចាប់ខ្លួនបាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។