ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងតាមវីដេអូខនហ្វើរិន (Conference) ពី ប្រទេសបារាំង ដោយសន្យាថា នឹងស្វែងរកយុត្តិធម៌ផ្តល់ជូនដល់ជនរងគ្រោះដោយសារព្រឹត្តិការណ៍គប់គ្រាប់បែកនោះ នៅពេលណាដែលគណបក្សរបស់លោកឈ្នះនៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ ខាងមុខនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន ហៅការប្រារព្ធខួបលើកទី១៦ នេះ ថាជាពិធីចុងក្រោយបំផុតសម្រាប់ការរង់ចាំយុត្តិធម៌របស់ជនរងគ្រោះ ដោយសម្អាងថា គឺមានតែគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតទេ ទើបអាចរកយុត្តិធម៌បាន។
លោក សម រង្ស៊ី បានលើកឡើងថា ពេលវេលាបានកន្លងទៅ ១៦ឆ្នាំ គឺហាក់នៅថ្មីៗសម្រាប់រូបលោក និងជនរងគ្រោះទាំងអស់។ លោក សម រង្ស៊ី នៅតែបន្តចោទប្រកាន់ថា ព្រឹត្តិការណ៍ថ្ងៃទី៣០ មីនា គឺមានអ្នកមានអំណាចដែលកំពុងគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្ន នៅពីក្រោយខ្នង ទើបករណីនេះពុំមានពន្លឺនៃយុត្តិធម៌។ លោក សម រង្ស៊ី អះអាងថា គឺមានតែគណបក្សសង្គ្រោះជាតិ ដែលទំនងហ្នឹងឈ្នះក្នុងការបោះឆ្នោតអាណត្តិទី៥ នេះទេ ទើបអាចរកយុត្តិធម៌ផ្ដល់អោយជនរងគ្រោះបាន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា អាជ្ញាធរសមត្ថកិច្ចពុំដែលព្រងើយកន្តើយក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះឡើយ ហើយសំណុំរឿងនេះនៅតែបើកចំហ ពុំដែលបានបិទការស៊ើបអង្កេតទេ។ លោក ខៀវ សុភ័គ ចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថាគ្រាន់តែជាការកេងចំណេញនយោបាយលើជនរងគ្រោះពីសំណាក់គណបក្សប្រឆាំង។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា រយៈពេល ១៦ឆ្នាំមកនេះ គឺបង្ហាញថា មន្ត្រីមានសមត្ថកិច្ចពុំមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះទេ។
កាលពី ១៦ឆ្នាំមុន គឺនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ជនដៃដល់បានគប់គ្រាប់បែកចំនួន ៤គ្រាប់ ទៅចំកណ្ដាលហ្វូងបាតុករ ដែលភាគច្រើនជាកម្មកររោងចក្រកាត់ដេរ ដឹកនាំដោយប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី។ ព្រឹត្តិការណ៍គប់គ្រាប់បែកលើហ្វូងបាតុករ ដែលចូលរួមទាមទារយុត្តិធម៌ឲ្យតុលាការស្អាតស្អំ បណ្ដាលអោយមនុស្ស ១៦នាក់ស្លាប់ និងជាង ១០០នាក់ បានរងរបួស។ អតីតប្រធានវិទ្យាស្ថានប្រជាធិបតេយ្យអន្តរជាតិ លោក រ៉ន អាប់នី ក៏ត្រូវរបួសក្នុងហេតុការណ៍នោះដែរ៕ IN
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។