ពលរដ្ឋនៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនអាចធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនក្បែរចំណុចដីមានជម្លោះដូចសព្វដងបានទេ ពីព្រោះមានឃាត់ពីសំណាក់អាជ្ញាធរវៀតណាម នៅទីនោះ។ សកម្មភាពហាមឃាត់ពលរដ្ឋខ្មែរកើតឡើងក្រោយពេលមានជម្លោះដីធ្លីជាមួយអាជ្ញាធរវៀតណាម កាលពីពេលកន្លងមក។ យ៉ាងណាមន្ត្រីប៉ូលិសប៉ុស្តិ៍បញ្ជាក់ថា ការបិទនោះ គឺបិទតែការនាំទំនិញចេញចូលប៉ុណ្ណោះ ប៉ុន្តែសម្រាប់មនុស្សវិញ គឺគេមិនហាមឃាត់ឡើយ។
ពលរដ្ឋនៅភូមិជើង ឃុំជាំ ត្រូវខកខានមិនអាចឆ្លងកាត់ ឬដឹកផលិតផលរបស់ខ្លួនដូចជាដំឡូង ជ័រ ឬកំណាត់ឈើចេញតាមច្រករបៀងក្នុងភូមិបានដោយជំនួសឱ្យការដឹកចេញទៅតាមច្រកតំបន់នៅឆ្ងាយៗពីភូមិរបស់ខ្លួនវិញ។ បញ្ហានេះ ធ្វើឱ្យពលរដ្ឋនៅភូមិជើង ត្រូវជួបបញ្ហាជីវភាពមួយចំណែក ពីព្រោះត្រូវចំណាយថវិកាមួយចំនួនបង់ឱ្យមន្ត្រីប៉ូលិសនៅក្នុងតំបន់ដែលពួកគេត្រូវនាំទំនិញចេញកាន់តែច្រើន។
ពលរដ្ឋភូមិជើងម្នាក់ លោក ញាណ ថាន ឱ្យដឹងថា ពលរដ្ឋមិនអាចចេញចូលតាមច្រករបៀង ក្បែរបង្គោលព្រំដែនលេខ ៩៥ ដូចមុនទៀតទេ ព្រោះតែអាជ្ញាធរវៀតណាម ហាមឃាត់។ លោកថា ប្រសិនបើគេបិទច្រករបៀងនោះ លោកក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ប៉ុន្តែលោកគ្រាន់តែចង់ឱ្យអាជ្ញាធរព្រំដែនអនុវត្តឱ្យបានស្មើគ្នា ទាំងពលរដ្ឋវៀតណាម និងពលរដ្ឋខ្មែរ៖ «ពេលជម្លោះហ្នឹងគេមិនឱ្យចូល។ ពីមុនគេឱ្យចេញចូលបាន ប៉ុន្តែពេលមានជម្លោះអ៊ីចឹងទៅគេមិនឱ្យយើងចូល»។
ច្រករបៀងនៅក្នុងភូមិជើង ឃុំជាំ ចំណុចបង្គោលព្រំដែន លេខ៩៥ ត្រូវបានអាជ្ញាធរវៀតណាម ហាមឃាត់មិនឱ្យពលរដ្ឋខ្មែរឆ្លងកាត់ទាំងស្រុងជាលើកទីពីរហើយ បន្ទាប់ពីមានជម្លោះដីធ្លីរវាងពលរដ្ឋខ្មែរជាមួយអាជ្ញាធរវៀតណាម កាលពីខែមេសា។ ក្រោយមកពួកគេក៏បានអនុញ្ញាតឱ្យពលរដ្ឋខ្មែរ អាចឆ្លងកាត់ដូចធម្មតា ប៉ុន្តែមិនអនុញ្ញាតឱ្យដឹកទំនិញចេញចូលឡើយ ស្រាប់ពីរថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី១៣ ខែមិថុនា ខាងអាជ្ញាធរវៀតណាម បានហាមឃាត់ពលរដ្ឋខ្មែរមិនឱ្យឆ្លងកាត់តាមច្រករបៀងជាប់បង្គោលព្រំដែនលេខ ៩៥ ម្ដងទៀត។
យ៉ាងណា មន្ត្រីប៉ូលិសប៉ុស្តិ៍ព្រំដែនឃុំជាំ លោក ថេន ចិន្តា មានប្រសាសន៍ថា ការហាមឃាត់នោះ គឺសម្រាប់តែការដឹកទំនិញតែប៉ុណ្ណោះ ព្រោះអាជ្ញាធរចង់ឱ្យពលរដ្ឋដឹកទំនិញរបស់ខ្លួនចេញចូលតាមច្រកតំបន់វិញ ដើម្បីជៀសវាងកុំឱ្យមានទំនិញគេចពន្ធឆ្លងកាត់។ លើសពីនេះ លោកថា ចំពោះមនុស្សវិញ គេមិនបានហាមឃាត់ទេ៖ «ប៉ុន្មានឆ្នាំមុនគេមិនបានបើកឱ្យចេញចូលតាមនោះទេ សូម្បីតែអីវ៉ាន់ ក៏គេមិនឱ្យចេញចូលដែរ។ គឺគេឱ្យយើងមកចេញចូលនៅផ្លូវបឹងជ្រោង ដែរ អាប៉ុន្មានឆ្នាំមុន»។
ដោយឡែកមេភូមិជើង លោក ពុធ សុផាត់ មានប្រសាសន៍ថា លោកមិនដឹងពីមូលហេតុនៃការបិទច្រកនៅក្នុងភូមិជើងប្រាកដទេ ប៉ុន្តែលោកយល់ថា អាចមកពីរឿងហេតុដែលកើតឡើងកន្លងទៅនៅមិនទាន់ដោះស្រាយបាន ទើបគេមិនអនុញ្ញាតឱ្យពលរដ្ឋភាគីទាំងពីរឆ្លងកាត់បាន ជៀសវាងក្រែងមានបញ្ហាកើតឡើង។
លោកស្នើឱ្យអាជ្ញាធរភាគីទាំងពីរអនុវត្តទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ ដោយដោះស្រាយឱ្យពលរដ្ឋចេញចូលដូចធម្មតា៖ «ដូចគ្នាដែរហ្នឹង ខាងវៀតណាម ក៏គេមិនឱ្យចេញចូលដែរ គឺគេឱ្យចេញតាមបឹងជ្រោង ឬតាមច័ន្ទមូលវិញ»។
ចំណែកខាងសង្គមស៊ីវិលវិញ លើកឡើងថា ប្រសិនបើច្រករបៀងនោះ ជាច្រកស្របច្បាប់ ការបិទមិនឱ្យពលរដ្ឋចេញចូលយ៉ាងណាវានឹងធ្វើឱ្យភាគីទាំងពីរខាតបង់ផលប្រយោជន៍ទាំងអស់គ្នា។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា ភាគីវៀតណាម បិទច្រករបៀងនោះ អាចដោយសារពួកគេបារម្ភចំពោះសុវត្ថិភាពសន្តិសុខរបស់ខ្លួនទើបមានការហាមឃាត់បែបនេះ ប៉ុន្តែលោកយល់ថា វាមិនមែនជាដំណោះស្រាយល្អសម្រាប់ភាគីវៀតណាម នោះទេ។ ផ្ទុយទៅវិញ គឺធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ពិសេសប្រជាពលរដ្ឋខ្មែរ។ លោកបន្ថែមថា ពលរដ្ឋខ្មែរនៅភូមិជើង ដែលមានផលិតផលត្រូវដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម នឹងត្រូវខាតបង់ពេលវេលា ព្រមទាំងប្រាក់ចំណូលមួយចំណែកផង ពីព្រោះពួកគេត្រូវចំណាយថវិកាដើម្បីដឹកទំនិញខ្លួនទៅចេញតាមច្រកតំបន់ ឬច្រកអន្តរជាតិ។
មន្ត្រីសិទ្ធិមនុស្សដដែលយល់ថា គប្បីអាជ្ញាធរវៀតណាម គិតគូរឡើងវិញចំពោះបញ្ហានេះ ដោយធ្វើយ៉ាងណាអាចឱ្យពលរដ្ឋទាំងសងខាងចេញចូលដូចធម្មតា សំខាន់ឱ្យតែការចេញចូលពួកគេធ្វើឡើងដោយត្រឹមត្រូវ និងស្របទៅតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។