ក្រុមនិស្សិតកម្ពុជា និងក្រុមនិស្សិតថៃ ប្រមាណជាង ៣០នាក់ សហការគ្នាស្រាវជ្រាវគម្រោងចំនួន ៥ នៅក្នុងខេត្តកោះកុង ដើម្បីស្វែងយល់ពីបញ្ហា និងទំនាក់ទំនងរបស់ប្រជាជនកម្ពុជា-ថៃ នៅតំបន់ព្រំដែន។ លើសពីនេះ ពួកគេចង់បង្ហាញពីតួនាទីយុវជនក្នុងការកសាងសន្តិភាពរបស់ប្រទេសទាំងពីរនៅពេលដែលអាស៊ានបង្កើតជាតំបន់តែមួយ ឬសមាហរណកម្មអាស៊ាន នៅចុងឆ្នាំ២០១៥ ខាងមុខនេះ។
គម្រោងស្រាវជ្រាវនៅតាមបណ្ដោយបន្ទាត់ព្រំដែនរវាងក្រុមនិស្សិតកម្ពុជា ដែលមកពីសាកលវិទ្យាល័យចំនួន ៦ នៅក្នុងរាជធានីភ្នំពេញ និងក្រុមនិស្សិតថៃ ដែលមកពីសាកលវិទ្យាល័យ ម៉ាហ៊ីដល (Mahidol) ដើម្បីស្រាវជ្រាវនៅក្នុងខេត្តកោះកុង និងខេត្តត្រាត ផ្ដោតសំខាន់លើប្រធានបទចំនួន ៥ គឺការអប់រំ ការសហការគ្នាក្នុងការធ្វើជំនួញរវាងពលរដ្ឋកម្ពុជា និងថៃ អេកូ-ទេសចរណ៍ ការចំណាកស្រុក និងការនេសាទត្រី។
និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកសម្របសម្រួលគម្រោងស្រាវជ្រាវនេះ លោក ផង់ ភិណន បានឲ្យដឹងថា ការស្រាវជ្រាវរបស់ក្រុមនិស្សិតកម្ពុជា និងថៃ ទទួលបានការគាំទ្រពីអង្គការក្តីករុណា និងសាកលវិទ្យាល័យ ម៉ាហ៊ីដល ប្រទេសថៃ។ លោកឲ្យដឹងទៀតថា មូលហេតុដែលជ្រើសរើសខេត្តកោះកុង ធ្វើជាខេត្តគោលដៅស្រាវជ្រាវ ព្រោះខេត្តនេះជាប់ព្រំដែន និងប្រទេសថៃ កំពុងជួបប្រទះបញ្ហាជាច្រើន។ លោកថា ការស្រាវជ្រាវនេះ គឺជាឱកាសឲ្យយុវជនស្វែងយល់ពីបញ្ហាកសាងសន្តិភាពរវាងប្រទេសទាំងពីរ៖ «គម្រោងនេះយើងចង់លើកកម្ពស់ឲ្យមានការស្វែងយល់ពីប្រជាជននៅក្នុងតំបន់ ពិសេសយើងចង់ឲ្យបង្ហាញដឹងពីតួនាទីរបស់ខ្លួនរវាងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន»។
សមាជិកស្រាវជ្រាវគម្រោងលើប្រធានបទចំណាកស្រុកដែលជាប្រធានបទមួយក្នុងចំណោមប្រធានបទទាំង ៥ លោក ជួប សារៀម បានឲ្យដឹងថា និស្សិតកម្ពុជា និងថៃ បានចែកចេញជា ៥ក្រុម ដោយធ្វើការស្រាវជ្រាវរយៈពេល ២ខែ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងច្រកព្រំដែនកម្ពុជា-ថៃ។ លោកបន្តថា ខេត្តកោះកុង គឺជាខេត្តសេដ្ឋកិច្ចមួយដែលភ្ជាប់ទំនាក់ទំនងរវាងប្រទេសនៅក្នុងតំបន់អាស៊ាន ប៉ុន្តែខេត្តនេះនៅតែជួបប្រទះបញ្ហាជាច្រើន ពិសេសចំណាកស្រុកដោយខុសច្បាប់ជាដើម។ ដូច្នេះការកសាងសន្តិភាពរវាងប្រទេសទាំងពីរ មុននឹងសមាហរណកម្មអាស៊ានមកដល់ ជារឿងសំខាន់ដែលទាមទារឲ្យមានកាចូលរួមពីយុវជន៖ «នៅពេលដែលយើងចូលជាសមាជិកអាស៊ាន ប្រជាជនកម្ពុជា នឹងមានចំណាកស្រុកទៅមករវាងប្រទេសមួយទៅប្រទេសមួយ ដូច្នេះការចំណាកស្រុកដោយស្របច្បាប់ គឺរឿងសំខាន់ដែលត្រូវតែធានាមានសុវត្ថិភាពរវាងប្រជាជនកម្ពុជា ដើម្បីចៀសវាងបញ្ហាណាមួយ»។
ជាសមាជិកស្រាវជ្រាវលើប្រធានបទការធ្វើជំនួញរវាងប្រជាជនកម្ពុជា និងថៃ ម្នាក់ទៀត កញ្ញា កេសា ជានិស្សិតសាកលវិទ្យាល័យភាសាបរទេស បាននិយាយថា ថ្វីបើគម្រោងស្រាវជ្រាវនេះតូចក៏ពិតមែន តែវាជាចំណែកមួយជួយកសាងសន្តិភាពរវាងប្រជាជនប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។ កញ្ញាថា បើទោះប្រជាជនមានទំនាក់ទំនងល្អលើការដោះដូរពាណិជ្ជកម្ម ក៏នៅតែមានភាពយឺតយ៉ាវលើការត្រួតពិនិត្យ និងខ្វះការយកចិត្តទុកដាក់ពីសមត្ថកិច្ចព្រំដែន៖ «»។
ចំណែកឯមន្ត្រីកម្មវិធីដៃគូសន្តិភាពក្នុងតំបន់នៃអង្គការគណៈកម្មការសហរដ្ឋអាមេរិក លោក ឈិត មុន្នី យល់ថា គម្រោងស្រាវជ្រាវតាមតំបន់ព្រំដែនរបស់និស្សិតទាំងពីរប្រទេសគឺជារឿងសំខាន់ ព្រោះបង្ហាញពីតួនាទីរបស់យុវជនដើម្បីកសាងសន្តិភាពរវាងគ្នាទៅវិញមក។ លោកបន្តថា ភាគច្រើន ពលរដ្ឋ ពិសេសយុវជនតាមតំបន់ព្រំដែនតែងជួបបញ្ហាចំណាកស្រុក កង្វះការអប់រំ ហើយបញ្ហាទាំងនេះនឹងរាំងស្ទះដល់ទំនាក់ទំនង និងផលប្រយោជន៍របស់ប្រទេសទាំងពីរ ដូច្នេះលោកលើកទឹកចិត្តយុវជនចំពោះសកម្មភាពណាដែលជួយកសាងសន្តិភាពជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន៖ «តួនាទីនៃការសហប្រតិបត្តិការរវាងប្រទេសនៅក្នុងតំបន់សំខាន់ណាស់ ជាជាងការគិតពីប្រដាប់អាវុធ ឬជាតិនិយមជ្រុល»។
ក្នុងគម្រោងការតាំងពិព័រណ៍ «តួនាទីរបស់យុវជនក្នុងការកសាងកិច្ចសហប្រតិបត្តិការសន្តិភាពអាស៊ាន» ដែលបានរៀបចំឡើងនៅថ្ងៃទី២០ ខែមិថុនា នាទីក្រុងភ្នំពេញ ក្រុមនិស្សិតកម្ពុជា និងថៃ នឹងយកលទ្ធផលសិក្សារបស់ពួកគេចែករំលែកទៅកាន់យុវជនកម្ពុជា និងយុវជនថៃ តាមរយៈយុទ្ធនាការសន្តិភាពនានា ដើម្បីកសាងទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។