កម្ពុជា-រុស្ស៊ី​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​និង​ទេសចរណ៍

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា អះអាង​ថា នៅ​ឆ្នាំ​២០១៥ ខាង​មុខ ប្រទេស​កម្ពុជា អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា ពី​ជាង ៣​លាន​នាក់ ទៅ ៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

0:00 / 0:00

ការ​អះអាង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​មួយ​រវាង​កម្ពុជា និង​ប្រទេស​រុស្ស៊ី ក្នុង​ន័យ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើក​ទី៧ លើ​វិស័យ​មួយ​ចំនួន​បន្ថែម​ទៀត រួម​មាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍។ ក៏ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រឆាំង សម រង្ស៊ី អះអាង​ថា បើ​ទោះ​ជា​កម្ពុជា មាន​កំណើន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​បែប​នេះ តែ​ផល​ដែល​បាន​មក​ពី​វិស័យ​នេះ នឹង​ពុំ​បាន​ដល់​ដៃ​ពលរដ្ឋ​ច្រើន​នោះ​ឡើយ។

មន្ត្រី​ក្រសួង​ការ​បរទេស និយាយ​ថា កម្ពុជា និង​ប្រទេស​រុស្ស៊ី សន្យា​នឹង​ជំរុញ​ល្បឿន​នៃ​ចរន្ត​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំង​ពីរ ឲ្យ​មាន​ភាព​សកម្ម​ជាង​មុន​នៅ​គ្រា​ដែល​ចំណង​ការទូត​លើ​វិស័យ​នយោបាយ​នៃ​ប្រទេស​ទាំង​ពីរ ហាក់​ត្រូវ​មើល​ឃើញ​ថា​មាន​ភាព​រឹងមាំ និង​ស៊ី​ជម្រៅ​ហើយ​នោះ។

មន្ត្រី​និយាយ​ថា ការ​បន្ត​ប្ដេជ្ញា​លើ​គោល​នយោបាយ​នៃ​ចំណង​ការទូត​ជា​ថ្មី​ម្ដង​ទៀត​របស់​ប្រទេស​ទាំង​ពីរ​នេះ ធ្វើ​ឡើង​​ក្នុង​សម័យ​ប្រជុំ​លើក​ទី៧​របស់​គណៈកម្មការ​អន្តរជាតិ​នៃ​កម្ពុជា-រុស្ស៊ី សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ទេសចរណ៍ ក្នុង​ទីក្រុង​ភ្នំពេញ។

កិច្ច​ប្រជុំ​ដែល​ប្រើ​រយៈពេល​២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២ មេសា សម្រាប់​កម្ពុជា សហប្រធាន​នៃ​កិច្ច​ប្រជុំ​ដឹកនាំ​ដោយ​អ្នកស្រី ស៊ុន សាភឿន រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស។ ចំណែក​ប្រទេស​រុស្ស៊ី សហប្រធាន​នៃ​កិច្ច​ប្រជុំ​មាន​លោក អេឡិចសានដឺរ វីរាដកូវ (Alexander V.Radkov) ជា​ប្រធាន​ទី​ភ្នាក់ងារ​សហព័ន្ធ​ទេសចរណ៍ និង​ជា​សហប្រធាន​នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២ មេសា ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ​ថា នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា និង​រុស្ស៊ី ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​លើ​ពិធីសារ​មួយ​ចំនួន រួម​មាន​ការ​សន្យា​បង្កើន​ចង្វាក់​ពាណិជ្ជកម្ម​លើ​វិស័យ​សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​ជាដើម។ លោក​បន្ត​ថា អ្វី​ដែល​ភាគី​ទាំង​ពីរ​ជ្រើស​រើស​យក​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​ទាំង​នេះ​មក​ពិភាក្សា ព្រោះ​កម្ពុជា និង​រុស្ស៊ី អនុវត្ត​បាន​តិចតួច​នៅ​ឡើយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ទាំង​ពីរ៖ «កិច្ច​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម ផ្នែក​សេដ្ឋកិច្ច ផ្នែក​វិនិយោគ​ហ្នឹង ឲ្យ​ដើរ​ទន្ទឹម​ទៅ​នឹង​កិច្ច​ប្រតិបត្តិការ​ផ្នែក​នយោបាយ ពីព្រោះ​កន្លង​មក កិច្ច​ប្រតិបត្តិការ​ទំនាក់ទំនង​នយោបាយ និង​ការទូត មាន​លក្ខណៈ ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​ខ្សត់ខ្សោយ​នៅ​ឡើយ​ទេ មិន​បាន​ធំធេង​នៅ​ឡើយ​ទេ»

លោក កុយ គួង បញ្ជាក់​ទៀត​ថា ដោយសារ​គោល​នយោបាយ​មាន​ស្ថិរភាព ធ្វើ​ឲ្យ​កម្ពុជា អាច​ស្រូប​ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង​ជាង ៣​លាន​នាក់​ក្នុង​ឆ្នាំ​២០១២។ តាម​រយៈ​ការ​បន្ត​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នេះ ប្រទេស​កម្ពុជា អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ប្រមាណ ៧​លាន​នាក់​ថែម​ទៀត ក្នុង​ឆ្នាំ​២០១៥ ខាង​មុខ។

ក៏ប៉ុន្តែ លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អះអាង​ថា បើ​ទោះ​ជា​កំណើន​ភ្ញៀវ​ទេសចរ​កើន​ឡើង​យ៉ាង​ក៏ដោយ ប៉ុន្តែ​ចំណូល​នេះ​នឹង​ពុំ​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ​ច្រើន​នោះ​ឡើយ។ លោក​បន្ត​ថា ក្នុង​មួយ​ឆ្នាំៗ ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍​នេះ​ត្រូវ​បាត់​បង់​ដោយ​អំពើ​ពុក​រលួយ​ប្រមាណ ២០០​លាន​ដុល្លារ៖ «មក​ទល់​សព្វថ្ងៃ ប្រទេស​ជាតិ​យើង​បាន​ផល​តិចតួច​ណាស់ ជាពិសេស​ពលរដ្ឋ​មូលដ្ឋាន​នៅ​ក្នុង​តំបន់​ទេសចរណ៍ ក៏​បាន​ផល​ពី​វិស័យ​ទេសចរណ៍​តិចតួច​ខ្លាំង​ណាស់ មិន​សម​ល្មម​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​មាន​កន្លែង​ទាក់ទាញ​មក​ក្នុង​ប្រទេស​យើង​ដ៏​ច្រើន​យ៉ាង​នេះ​ទេ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ទេ​នៅ​ថ្ងៃ​ទី២ មេសា ទាក់ទិន​បញ្ហា​នេះ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក អាង គឹមអៀន និយាយ​ថា ក្នុង​ឆ្នាំ​២០១២ កន្លង​ទៅ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​រុស្ស៊ី ប្រហែល ១​សែន​នាក់ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា។

ចំណែក​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ឲ្យ​ដឹង​ថា អ្នក​ទទួល​ផល​ដោយ​ផ្ទាល់​ពី​វិស័យ​ទេសចរណ៍​គិត​ត្រឹម​ឆ្នាំ​២០១២ ប្រមាណ ៤០​ម៉ឺន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១៤​លាន​នាក់។ តាម​រយៈ​តួលេខ​នេះ ក្រសួង​រំពឹង​ថា​ក្នុង​ឆ្នាំ​២០២០ អ្នក​ទទួល​ផល​ពី​វិស័យ​ទេសចរណ៍​ដោយ​ផ្ទាល់ អាច​នឹង​មាន​កំណើន​រហូត​ដល់ ៨០​ម៉ឺន​នាក់​នៃ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។