កម្ពុជា-ថៃ សន្យា​ពង្រឹង​សហប្រតិបត្តិការ​នៅ​តាម​ព្រំដែន

0:00 / 0:00

ស្រប​ពេល​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ នៅ​តែ​បន្ត​មាន​ភាព​រកាំរកូស​នៅ​ឡើយ​នោះ។ ដោយ​ឡែក​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) របស់​ប្រទេស​ទាំង​ពីរ បាន​សន្យា​ថា ខ្លួន​នឹង​រឹត​ចំណង​មិត្តភាព​ល្អ​ក្នុង​នាម​ប្រទេស​ជិត​ខាង​បន្ថែម​ទៀត។

ក៏ប៉ុន្តែ គណបក្ស​ប្រឆាំង​ចំអក​ថា ការ​អនុវត្ត​ជាក់​ស្ដែង​គេ​សង្កេត​ឃើញ​ថា មាន​ភាព​ផ្ទុយ​ពី​កិច្ច​ប្រជុំ ឬ​ការ​សន្យា​ជា​ដរាប។

គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ចាត់​ទុក​កិច្ច​សហប្រតិបត្តិការ និង​ពង្រឹង​ផ្នែក​សន្តិសុខ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ថា​គឺ​ជា​កិច្ចការ​ចាំបាច់​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ចុះ​ថ្ងៃ​ទី១៧ ឧសភា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​លើក​ទី៩ នៅ​ស្រុក​រ៉ាយ៉ង (Rayong) ប្រទេស​ថៃ ដោយ​មាន​ការ​ចូលរួម​ពី​ខាង​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ ចំណែក​ខាង​ភាគី​ថៃ ដឹកនាំ​ដោយ​លោក សុខុមពល សុវណ្ណាថាត (Sukampol Suwannathat) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​ថៃ។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៧ ឧសភា សហ​ប្រធាន​នៃ​កិច្ច​ប្រជុំ​របស់​ប្រទេស​ទាំង​ពីរ បាន​សម្រេច​គោលការណ៍​ចំនួន ៤​ចំណុច។ កត្តា​ទី១ ភាគី​ទាំង​ពីរ​សន្យា​ថា​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​នានា ជា​អាទិ៍ រត់​ពន្ធ​គ្រឿង​ញៀន កាប់​ឈើ​ខុស​ច្បាប់ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់​ដទៃ​ទៀត។ គោលការណ៍​ទី២ កម្ពុជា-ថៃ នឹង​កសាង​ជំនឿ​ទុក​ចិត្ត និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។ ទី៣ ភាគី​ទាំង​ពីរ​នឹង​ឯកភាព​ឲ្យ​មាន​សហប្រតិបត្តិការ​លើ​វិស័យ​ជីវភាព​រស់នៅ ទេសចរណ៍ សិក្សាធិការ​អប់រំ និង​សុខភាព​សាធារណៈ នៅ​តាម​ព្រំដែន និង​ទី៤ បង្ហាញ​សុឆន្ទៈ​ចំពោះ​លទ្ធផល​ល្អ​នៃ​កិច្ច​ប្រជុំ​ទាំង ៣​លើក​កន្លង​ទៅ ជា​ពិសេស​កិច្ច​ពិគ្រោះ​យោបល់​ផែន​ការ​ដោះ​មីន​រួម​រវាង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ និង​កម្ពុជា។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា កិច្ច​ប្រជុំ​ទាំង​នេះ​ហាក់​មិន​បាន​ជួយ​ធ្វើ​ឲ្យ​កម្ពុជា ទទួល​បាន​ផល​ចំណេញ​ណា​មួយ​ម្ដង​សោះ​ឡើយ។ លោក​បន្ត​ថា ព្រោះ​ភាគី​ថៃ ពុំ​ដែល​អនុវត្ត​រាល់​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​ម្ដង​នោះ​ទេ។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​បច្ចុប្បន្ន ពលរដ្ឋ​កម្ពុជា តែង​ត្រូវ​យោធា​ព្រំដែន​របស់​ថៃ បាញ់​សម្លាប់​ជា​បន្តបន្ទាប់៖ «ដោយ​គ្នា​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស រងគ្រោះ​ដោយសារ​បាត់​បង់​ដីធ្លី ទៅ​រក​ការងារ​ធ្វើ គឺ​ត្រូវ​គេ​បាញ់​សម្លាប់​ជា​បន្តបន្ទាប់។ ហើយ​រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​ពុំ​មាន​វិធាន​ការ​ណា​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ទេ។ រាល់​ការ​ប្រជុំ​លទ្ធផល​ចេញ​មក​ល្អ​ណាស់ ប៉ុន្តែ​ស្ទើរ​តែ​រៀង​រាល់​ខែ ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​គេ​បាញ់​សម្លាប់»

លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ ចាត់​ទុក​ថា កិច្ច​សន្ទនា​ដែល​ធ្វើ​ឡើង​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់។ ក៏ប៉ុន្តែ ថា​ដើម្បី​ជំរុញ​ឲ្យ​យន្តការ​នេះ​មាន​ប្រសិទ្ធភាព គ្រប់​ដៃគូ​សន្ទនា គួរ​បង្កើន​ឆន្ទៈ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត ជា​ជាង​ការ​សន្យា ហើយ​ពុំ​បាន​អនុវត្ត៖ «ភាគ​ច្រើន​យើង​មាន​កិច្ច​ប្រជុំ ហើយ​យើង​មាន​សេចក្ដី​ថ្លែងការណ៍​រួម។ ក៏ប៉ុន្តែ នៅ​ខ្វះ​ចន្លោះ​ច្រើន ទាក់ទង​ទៅ​នឹង​យន្តការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ក្របខ័ណ្ឌ​តាម​ដាន និង​ត្រួត​ពិនិត្យ​លើ​ការ​អនុវត្ត​ទៅ​វិញ»

អង្គការ​សង្គម​ស៊ីវិល នៅ​តែ​ចាត់​ទុក​ថា បញ្ហា​ប្រឈម​នានា​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដូច​ជា​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់ និង​ការ​រំកិល​ព្រំដែន​មក​ក្នុង​ទឹកដី​កម្ពុជា នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្ពស់​នៅ​ឡើយ​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ព្រំដែន​ជាប់​គ្នា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។