មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អំពាវនាវរកជំនួយពីសាធារណជន សម្រាប់ថ្លៃព្យាបាលមុខរបួសធ្ងន់ធ្ងររបស់អ្នកយកព័ត៌មានវីអូឌី (VOD) លោក ឡាយ សាមាន ដោយសារការប្រើអំពើហិង្សារបស់កងសន្តិសុខខណ្ឌដូនពេញ ខណៈលោកចុះទៅយកព័ត៌មាន និងថតរូប កាលពីដើមខែឧសភា កន្លងមកនេះ។
មន្ត្រីទំនាក់ទំនង និងការតស៊ូមតិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក កាំង តុងងី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃទី២៣ ខែឧសភា ថា ការព្យាបាល លោក ឡាយ សាមាន នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ក្រុងបាងកក ត្រូវឆ្លងកាត់ការវះកាត់ដ៏ស្មុគស្មាញ ពាក់ព័ន្ធនឹងឆ្អឹងថ្ពាល់ ថ្គាម និងមាត់៖ «សម្រាប់តែចំណាយថ្លៃព្យាបាលហ្នឹងគឺ ១៥.០០០ដុល្លារ អឺ! ការវះកាត់ពីមុនហ្នឹងគឺត្រូវការពេទ្យបីនាក់ក្នុងការវះកាត់ហ្នឹងដោយសារតែមុខរបួសហ្នឹងវាគាត់បាក់ឆ្អឹងថ្ពាល់ អ៊ីចឹងឆ្អឹងថ្ពាល់ហ្នឹងវាប៉ះពាល់ដល់ភ្នែក ហើយនិងឆ្អឹងថ្គាម អ៊ីចឹងត្រូវការពេទ្យបីនាក់ព្យាបាលនៅប្រទេសថៃ ហ្នឹង វះកាត់ហ្នឹង អ៊ីចឹងហើយ បានជាការចំណាយហ្នឹងវារាងខ្ពស់។ បើតាមតែពេទ្យបញ្ជាក់គឺថាគាត់លែងមានបញ្ហាអីហើយ គ្រាន់ថាគាត់ត្រូវការសម្រាកប្រហែលជាខ្ទង់១ខែដើម្បីឲ្យមុខរបួសមុខអីហ្នឹងជាសះស្បើយ។ ឥឡូវនេះគាត់បានត្រឡប់មកទីក្រុងភ្នំពេញវិញហើយ គាត់សម្រាកព្យាបាល»។
លោក កាំង តុងងី បន្តថា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក៏កំពុងធ្វើយុទ្ធនាការប្រមូលញត្តិគាំទ្រពីសាធារណជន ដើម្បីដាក់ទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ស្នើសុំឲ្យបញ្ឈប់ការប្រើអំពើហិង្សាមកលើអ្នកសារព័ត៌មាន និងបើកការស៊ើបអង្កេតលើករណីដែលកងសន្តិសុខខណ្ឌដូនពេញ ដែលវាយយ៉ាងធ្ងន់ធ្ងរមកលើរូប លោក ឡាយ សាមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។