លោក ជា មុនី បានដឹកនាំសហជីពនៃព្រះរាជាណាចក្រកម្ពុជា ជាង ១០ឆ្នាំមកហើយ ដែលដឹកនាំបន្តពីបងប្រុសបង្កើតរបស់លោក គឺលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០០៤ មកនោះ។ ឥឡូវនេះ លោក ជា មុនី បានប្រកាសចង់លាលែងពីតួនាទីជាប្រធាននេះទៅវិញ។
តើមូលហេតុអ្វីបានជា លោក ជា មុនី គ្រោងនឹងឈប់ធ្វើជាប្រធានសហជីពបែបនេះ?
លោក ជា មុនី បានប្រកាសមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតជាប្រធានសហជីពសេរីកម្មករកម្ពុជា ទេ នៅក្នុងសមាជអាណត្តិខាងមុខនេះ។
ការប្រកាសជំហររបស់ លោក ជា មុនី បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្ត្រីសហជីពពីតាមខេត្ត-រាជធានីចំនួន ១៤០នាក់ នាទីស្នាក់ការសហជីពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ កក្កដា៖ «ខ្ញុំជាប់ឆ្នោតតាំងពីឆ្នាំ២០០៤ ក្រោយពីគេបាញ់សម្លាប់ លោក ជា វិជ្ជា មកដល់បច្ចុប្បន្នហ្នឹង គឺវាមានរយៈពេល ១១ឆ្នាំហើយ ហើយខ្ញុំជម្រាបទៅសមាជិកសមាជិកាជាមេដឹកនាំទាំងអស់ហ្នឹងថា ខ្ញុំមិនឈរជាមេដឹកនាំនៅអាណត្តិក្រោយទេ ពេលសមាជ។ អ៊ីចឹង ឲ្យលោកលោកស្រីទាំងអស់ហ្នឹង ត្រៀមនៅពេលដែលយើងធ្វើសមាជ សុំឲ្យមានការដាក់ឈ្មោះឈរឈ្មោះអី ដើម្បីមេដឹកនាំសហជីពហ្នឹង»។
ការមិនឈរឈ្មោះរបស់ លោក ជា មុនី ត្រូវបានមន្ត្រីថ្នាក់ក្រោមខ្លះនៃសហជីពសេរីកម្មករកម្ពុជា គាំទ្រ។ អគ្គហិរញ្ញិកនៃសហជីពសេរីកម្មករកម្ពុជា គឺលោក ខឹម ចាន់ណា មានប្រសាសន៍ថា ការមិនឈរឈ្មោះរបស់ លោក ជា មុនី ជាប្រធានអាណត្តិក្រោយនេះ ក៏ជាគំនិតល្អមួយដែលនឹងផ្ដល់ឱកាសដល់ស្ត្រី ដែលស្របទៅតាមសង្គមប្រជាធិបតេយ្យ ដែលមានការផ្លាស់ប្ដូរមេដឹកនាំបែបនេះ៖ «ខ្ញុំគាំទ្រគាត់ដោយសារគាត់បញ្ជាក់ប្រាប់ហើយថា ឲ្យស្ត្រីឈរឈ្មោះមែន ប៉ុន្តែគាត់នឹងជួយផ្ដល់ជាយោបល់ ជួយជាទីប្រឹក្សា។ គាត់មិនមែនដើរចេញហ្នឹងបាត់តែម្ដងទេ។ មានន័យថា គាត់នៅទីហ្នឹងដដែល។ ប៉ុន្តែគាត់ចង់លើកកម្ពស់ស្ត្រីហ្នឹងឲ្យចេះនៅក្នុងសង្គម របបនយោបាយក្នុងការដឹកនាំអង្គការសហជីពយើងហ្នឹង ឲ្យស្ត្រីមានបទពិសោធន៍ឲ្យបានច្រើន។ ខាងសហជីពខ្ញុំហ្នឹង ភាគច្រើនធ្វើការជាមួយស្ត្រី គឺសហជីពធ្វើការជួយសិទ្ធិកម្មករ ជួយការពារផលប្រយោជន៍កម្មករ ហើយកម្មករ ៩៩% ជាស្ត្រី។ អ៊ីចឹង ខាងប្រធានខ្ញុំហ្នឹង គាត់ចង់លើកកម្ពស់ស្ត្រីឲ្យគាត់បានយល់ពីទឹកចិត្តស្ត្រីដូចគ្នា»។
លោក ជា មុនី ឲ្យដឹងថា កិច្ចប្រជុំមន្ត្រីសហជីពពីតាមខេត្ត-រាជធានី ១៤០នាក់នោះ ក៏ជួបជាមួយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបង្ហាញពីការចង់ជួយរៃអង្គាសថវិកាសម្រាប់បើកស្ថានីយទូរទស្សន៍ព្រះអាទិត្យដែរ។
ហេតុផលនៃការគ្រោងឈប់ឈរឈ្មោះបោះឆ្នោតសម្រាប់ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុនី ថ្លែងថា លោកចង់ទៅធ្វើកិច្ចការសង្គមវិញទូលាយជាង៖ «បើសិនជាខ្ញុំនៅដឹកនាំអ៊ីចឹង មើលទៅអត់មានការរីកចម្រើនប៉ុន្មានទេ ព្រោះមេដឹកនាំដដែលៗអ៊ីចឹង ឲ្យមានមេដឹកនាំថ្មីទៅ គំនិតថ្មី អារម្មណ៍ថ្មី ហើយណាមួយទៀត ខ្ញុំចង់ផ្លាស់ប្ដូរពីការដឹកនាំសហជីព ទៅជាអ្នកចលនាសង្គមមួយវិញ ព្រោះខ្ញុំគិតថា ចលនាសង្គមវាមានលក្ខណៈទូលំទូលាយជាង។ មេដឹកនាំសហជីពហ្នឹងជួយបានតែកម្មករកម្មការិនី ដើម្បីឲ្យប្រាក់បៀវត្សរ៍ខ្ពង់ខ្ពស់ លក្ខខណ្ឌការងារ សិទ្ធិសេរីភាពថ្នាក់ដឹកនាំសហជីពទេ តែបើយើងធ្វើចលនាសង្គម យើងគិតថាជួយបានច្រើនជាង បានទៅដល់ប្រជាពលរដ្ឋ មិនមែនតែកម្មករទេ ប្រជាពលរដ្ឋស្អីក៏យើងអាចជួយបានច្រើនជាង»។
ទោះបីជាលោកថ្លែងដូច្នេះក្ដី លោកមិនបដិសេធនឹងការចូលរួមចលនានយោបាយទេ ព្រោះលោកអះអាងថា លោកជាកោសិកាគណបក្សនយោបាយប្រឆាំងស្រាប់ ចាប់តាំងពីគណបក្សជាតិខ្មែរ គណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាគណបក្សសង្គ្រោះជាតិ។ លោកមានប្រសាសន៍ថា ប្រសិនបើលោកធ្វើចលនាសង្គមចូលរួមជាមួយគណបក្សសង្គ្រោះជាតិ នៅពេលខាងមុខ គឺលោកគ្រាន់តែចង់ឲ្យគណបក្សសង្គ្រោះជាតិ ឈានទៅដឹកនាំប្រទេសល្អប៉ុណ្ណោះ។
លោក ជា មុនី កន្លងមកក៏ធ្លាប់ធ្វើការទាមទាររកយុត្តិធម៌យ៉ាងសកម្មជូនបងប្រុសបង្កើតរបស់លោក គឺលោក ជា វិជ្ជា ដែលឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០០៤។ លោក ជា មុនី តែងតែលេចមុខដឹកនាំធ្វើបាតុកម្មកន្លងមក ដើម្បីទាមទារផលប្រយោជន៍ជូនកម្មករ ក្រោយពីការបាត់បង់ លោក ជា វិជ្ជា ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ។
ទោះបីជាយ៉ាងនេះក្ដី លោក ជា មុនី បញ្ជាក់ថា ការប្រកាសនៅពេលនេះ គឺជាការបង្ហាញចេតនាបឋមដល់មន្ត្រីថ្នាក់ក្រោមរបស់លោកឲ្យត្រៀមខ្លួន ប៉ុន្តែពេលវេលាធ្វើសមាជពិតប្រាកដ នៅមិនទាន់មានទេ ដោយសារមិនទាន់មានថវិកាសម្រាប់ការរៀបចំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។