មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បានផ្ញើលិខិតមួយច្បាប់ជូន លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ឧសភា សុំឲ្យជួយអន្តរាគមន៍ការពារសុវត្ថិភាពប្រជាពលរដ្ឋ ៣គ្រួសារ ដែលត្រូវរងការគំរាមកំហែង និងប៉ុនប៉ងធ្វើឃាតជាច្រើនលើកពីក្រុមក្មេងទំនើង ដែលយាមដីឲ្យក្រុមហ៊ុន ឃុន សៀ។
កញ្ញា ឆាយ ឈុនលី ជាអ្នកសម្របសម្រួលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៨ ឧសភា ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជួយសរសេរ និងផ្ញើលិខិតសុំជួយអន្តរាគមន៍ ទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង នេះ ដោយសារមានការប៉ុនប៉ងមនុស្សឃាត ការប្រើអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនរងគ្រោះជាច្រើនលើក ពីក្រុមក្មេងទំនើង តែអាជ្ញាធរមានសមត្ថកិច្ច មិនបានចាត់វិធានការផ្លូវច្បាប់ណាមួយ ដើម្បីវែកមុខរកជនល្មើសយកមកផ្ដន្ទាទោសឡើយ។
លើសពីនេះ ជនរងគ្រោះផ្ទាល់តែងតែបានដាក់ពាក្យបណ្ដឹង និងសុំអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ប៉ុន្តែពួកគេពុំបានអើពើអន្តរាគមន៍ដោះស្រាយ និងការពារសុវត្ថិភាពជនរងគ្រោះឡើយ។
កញ្ញា ឆាយ ឈុនលី៖ «និយាយរួមគោលបំណងគេ គឺចង់ឲ្យយើងជួយអន្តរាគមន៍ ព្រោះក្រុមគ្រួសារនិយាយថា រាល់អំពើហិង្សាដែលកើតឡើងដោយក្រុមសន្តិសុខរបស់ក្រុមហ៊ុន ឃុន សៀ នោះ គឺពួកគាត់ប្រឹងប្រាប់ទៅប៉ូលិសផង អាជ្ញាធរមូលដ្ឋានផង ប៉ុន្តែអត់មានវិធានការអីទេ។ កន្លងមក គាត់បានដាក់ពាក្យប្ដឹងទៅតុលាការច្រើនដងហើយ វាមិនទាន់ឃើញមានវិធានការអីទេ»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងជាទីប្រឹក្សា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ឲ្យដឹងថា មកទល់ថ្ងៃទី៨ ឧសភា លោកមិនទាន់បានទទួលលិខិតនោះនៅឡើយទេ។
ក្រុមគ្រួសាររបស់ លោក លី ស្រ៊ាខេង និងប្រជាពលរដ្ឋ ២គ្រួសារទៀត មានទីលំនៅក្នុងបរិវេណអគារសាលាសង្កាត់បឹងកក់១ និងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។ ក្នុងឆ្នាំ២០១០ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញ ស.ជ.ណ ឯកភាពទៅនឹងសំណើរបស់អភិបាលរាជធានីភ្នំពេញ ក្នុងការដោះដូរទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងទីស្នាក់ការសង្កាត់បឹងកក់១ ទៅឲ្យក្រុមហ៊ុន ឃុន សៀ អាហរ័ណ នីហរ័ណ។ ប៉ុន្តែ មិនបានលើកឡើងពីក្រុមគ្រួសារដែលរស់នៅក្នុងអគារសាលាសង្កាត់ និងទីស្នាក់ការគណបក្ស និងអ្នកមានលំនៅឋានជាប់នោះទេ។ ក្នុងខែមេសា ឆ្នាំ២០១៣ ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ក្នុងចំណោម ៧គ្រួសារ ដែលរងផលប៉ះពាល់ បានយល់ព្រមទទួលសំណងចំនួន ១៥.០០០ដុល្លារក្នុងមួយគ្រួសារ ជាថ្នូរនឹងការចាកចេញពីលំនៅឋានខ្លួន។ ប្រជាពលរដ្ឋ ៣គ្រួសារផ្សេងទៀត មិនព្រមទទួលសំណងនោះទេ។ ជាលទ្ធផល ក្រុមគ្រួសារទាំង៣ បានរងទទួលការគំរាម ការប៉ុនប៉ងធ្វើឃាត និងការបំផ្លាញទ្រព្យសម្បត្តិ ពីក្រុមអ្នកយាមដីរបស់ក្រុមហ៊ុនជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។