ប្រធានអង្គភាពប្រឆាំងអំពើពុករលួយប្រតិកម្មនឹងមតិរិះគន់អង្គភាពនេះ លើសំណុំរឿងរបស់កូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីមន្ត្រីសង្គមស៊ីវិលមួយចំនួនបានរិះគន់ថា អង្គភាពប្រឆាំងអំពើពុករលួយមិនបានស៊ើបអង្កេតឲ្យបានល្អិតល្អន់អំពីពាក្យប្ដឹងប្រឆាំងនឹងលោក ហោ សុធន ជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ដែលជាកូនប្រុសរបស់លោករដ្ឋមន្ត្រី ហោ ណាំហុង ពីបទរំលោភអំណាច និងពុករលួយ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាទេសរដ្ឋមន្ត្រី លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុកពុករលួយ បានដំណើរការស៊ើបអង្កេតរួចរាល់ជុំវិញសំណុំរឿងរបស់លោក ហោ សុធន។ តែដោយភស្តុតាងមិនទាន់គ្រប់គ្រាន់ អង្គភាពក៏បានចេញសេចក្ដីប្រកាសដើម្បីបង្ហាញសាធារណជន ថាមានបណ្ដឹងប្រឆាំងនឹងមន្ត្រីក្រសួងនេះ។
លោកបន្តថា សេចក្ដីប្រកាសរបស់អង្គភាពជាការបើកផ្លូវមួយឲ្យដើមបណ្ដឹងរកភស្តុតាងកាន់តែរឹងមាំបន្ថែមទៀតជុំវិញករណីនេះ។
កាលពីថ្ងៃទី១៤ ខែមីនា អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលរៀបរាប់សង្ខេបពីករណីមន្ត្រីក្នុងក្រសួងការបរទេស ប្ដឹងកូនប្រុសរបស់លោក ហោ ណាំហុង ដែលកាន់ការជាអគ្គលេខាធិការក្រសួងការបរទេស គឺលោក ហោ សុធន ពីភាពមិនប្រក្រតីក្នុងរឿងគ្រប់គ្រងមន្ត្រីរាជការក្នុងក្រសួង និងកាត់ប្រាក់ឧបត្ថម្ភមន្ត្រីក្រោមបង្គាប់ក្នុងពេលប្រជុំអាស៊ាន។ អង្គភាពរកឃើញថា លោក ហោ សុធន មិនមានកំហុសដូចពាក្យប្ដឹងចោទរបស់ដើមបណ្ដឹងឡើយ។ បន្ទាប់មកសារព័ត៌មានមួយចំនួនបានចុះផ្សាយ និងបានសម្ភាសន៍មន្ត្រីសង្គមស៊ីវិល អ្នកនយោបាយជុំវិញសំណុំរឿងនេះ កាសែតខ្លះដាក់ចំណងជើងថា សង្គមស៊ីវិលរិះគន់អង្គភាពប្រឆាំងអំពើពុករលួយ។ កាសែតខ្លះទៀតដាក់ថា អង្គភាពប្រឆាំងអំពើពុករលួយការពារកូនប្រុសលោក ហោ ណាំហុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។